មន្រ្តីជាន់ខ្ពស់នៅវ៉ាទីកង់ថា ពិភពលោកត្រូវការនូវសេដ្ឋកិច្ចដែលមានលក្ខណៈមនុស្សធម៌ថ្មី
លោកកាឌីណាលើ ម៉ាយឃើល ហ្សេនី (Michael Czerny) អ្នកទទួលខុសត្រូវក្រសួងលើកកំពស់ និងអភិវឌ្ឍន៍មនុស្សជាតិ បានលើកឡើងថា ពិភពលោកកំពុងតែត្រូវការនូវសេដ្ឋកិច្ចដែលមានលក្ខណៈមនុស្សធម៌ថ្មី។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់បានលើកឡើងបែបនេះនៅពេលដែលលោកបានធ្វើដំណើរទៅអាល្លឺម៉ង់ដើម្បីទទួលពានរង្វាន់មួយដែលគេហៅថា 2024 Klaus Hemmerle Award ដែលបានផ្តល់ជូនរូបលោកដោយសារតែកិច្ចខិតខំរបស់លោកដោយមិនហត់នឿយដើម្បីសេចក្តីថ្លៃថ្នូមនុស្សជាតិ និងសិទ្ធិមនុស្ស។
នៅក្នុងអំឡុងពេលនោះ លោកកាឌីណាល់បានមានប្រសាសន៍ថា នៅចំពោះមុខបញ្ហាប្រឈមជាសាកលនាពេលបច្ចុប្បន្ននេះ ដែលត្រូវបានផ្សំឡើងដោយគំរូសេដ្ឋកិច្ចនិរន្តរភាពបច្ចុប្បន្ន សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កំពុងអញ្ជើញយើងឱ្យរិះគិតពីតម្រូវការបន្ទាន់ដើម្បី "ផ្លាស់ប្តូរទិសដៅ" និងទទួលយក "ចិត្តគំនិតសេដ្ឋកិច្ចមនុស្សធម៌ថ្មី" ។
លោកកាឌីណាល់បានបន្តថា ទស្សនៈថ្មីនេះគឺនឹផ្តោតលើ ប្រាក់ចំណេញផងនិងផ្តោតនៅលើ វិបុលភាព កំណើនសេដ្ឋកិច្ច និរន្តរភាព និង សេចក្តីថ្លៃថ្នូររបស់មនុស្សជាចាំបាច់។
លោកកាឌីណាល់បានមានប្រសាសន៍បន្តទៀតថា យើងទាំងអស់គ្នាបានកំពុងតែដើរតួយ៉ាងសំខាន់ក្នុងតួនាទីវិជ្ជាជីវៈ និងសង្គមរបស់យើងក្នុងការបង្កើតតក្កវិជ្ជាថ្មីមួយដែលអាចការពារបរិស្ថានដ៏ផុយស្រួយរបស់យើង និងពង្រឹងសហគមន៍ដែលបែកបាក់នៅពេលបច្ចុប្បន្ន។
គួររំលឹកថា ពានរង្វាន់ដែលលោកកាឌីណាល់បានទទួលនេះ គឺជាពានរង្វាន់ដែលគណកម្មាធិការរៀបចំតែងតែប្រគលជូននូវរាល់បុគ្គលណាដែលបានរួមវិភាគទាននៅក្នុងការធានា និងការ កសាងនូវអ្វីដែលពិសេសៗ ដោយរួមទាំងកិច្ចសន្ទនារវាងសហគមន៍ ព្រះសហគមន៍កាតូលិក និង សាសនានានា ដោយសុភមង្គល និងភាពស្ងប់ស្ងាត់៕