មន្ត្រីផ្នែកទំនាក់ទំនងរបស់បុរីវ៉ាទីកង់ថា បេសកកម្មផ្សព្វផ្សាយក្នុងពិភពឌីជីថលក៏ត្រូវការការចូលរួមដែរ

លោកស្រីបណ្ឌិត ណាតាសា ហ្គោវេកា ( Natasha Govekar) នាយិកានៃនាយកដ្ឋានទ្រឹស្ដី និងការងាអប់រំជំនឿ នៃស្ថាប័នទំនាក់ទំនងរបស់បុរីវ៉ាទីកង់ បានឱ្យដឹងថា ការប្រកាសដំណឹងល្អតាមរយៈប្រព័ន្ធឌីជីថល មិនអាចកំណត់ត្រឹមតែការផលិតខ្លឹមសារ ឬការបង្កើនការចូលរួម (engagement) នៅលើបណ្ដាញអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវតែជួយកសាងភាពជាឯកភាព និងទំនាក់ទំនងរវាងមនុស្សនិងមនុស្ស។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយវិទ្យុ វ៉ារីតាស លោកស្រី បានលើកឡើងថា វត្តមានរបស់ព្រះសហគមន៍កាតូលិកនៅក្នុងពិភពឌីជីថល ត្រូវតែនាំមនុស្សទៅរកការជួបជុំគ្នាដោយផ្ទាល់ និងការកសាងសហគមន៍ពិតប្រាកដ ទោះបីជាបណ្ដាញសង្គមអាចបង្កឱ្យមានភាពឯកោ ការញៀន និងការបែកបាក់គ្នាជាក្រុមៗ  ក៏ដោយ។

លោកស្រី បានមានប្រសាសន៍ថា ព្រះសហគមន៍កាតូលិកត្រូវតែទទួលស្គាល់ជាមុនសិននូវគ្រោះថ្នាក់ដែលមាននៅក្នុងអ្វីដែលលោកស្រីហៅថា "ផ្លូវហាយវេឌីជីថល" ។

លោកស្រីបាន លើកឡើងថា ការព្រួយបារម្ភអំពីបណ្ដាញសង្គមកាន់តែច្បាស់លាស់ឡើង រួមទាំងការយល់ដឹងកាន់តែច្រើនអំពីរបៀបដែលក្បួនដោះស្រាយ (algorithms) របស់បណ្ដាញសង្គម ដែលត្រូវបានរចនាឡើងដើម្បីបង្កើនការចូលរួមឱ្យបានច្រើនបំផុតនោះ អាចរួមចំណែកដល់អាកប្បកិរិយាញៀន ការអូសអេក្រង់មើលមិនឈប់ឈរ និងការបែកបាក់គ្នាជាក្រុមៗ។

លោកស្រីបានលើកឡើងថា ដើម្បីធានានិរន្តរភាព យើងជាគ្រិស្តបរិស័ទត្រូវការការចូលរួមនៅក្នុងដំណើរទៅមុខរួមគ្នា ពីព្រោះការប្រកាសដំណឹងល្អ វាមិនមែនគ្រាន់តែជាការផ្តល់ជូននូវខ្លឹមសារ ឬការចម្លងកម្មវិធីណាមួយមកអនុវត្តឡើងវិញនោះទេ។ វាគឺជាការចូលទៅក្នុងបទពិសោធន៍មួយយ៉ាងស៊ីជម្រៅ ដែលដំណើរការនេះនឹងកាន់តែងាយស្រួល នៅពេលដែលមានការអមដំណើរពីអ្នកដែលធ្លាប់ឆ្លងកាត់ដំណើរជីវិតបែបនេះរួចមកហើយ។

លោកស្រីបានបញ្ជាក់ថា ការអមដំណើរគ្នានេះមានសារៈសំខាន់ជាពិសេសនៅក្នុងវិស័យទំនាក់ទំនងរបស់ព្រះសហគមន៍ ព្រោះការកសាងជំនឿ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ មិនគួរត្រូវបានបំបែកចេញពីការអមដំណើរគ្នា និងភាពជាសហគមន៍ បាន នោះទេ។

Daily Program

Livesteam thumbnail
khmer popup image