ព្រះសហគមន៍វៀតណាមប្រកាសពីជ័យមង្គលដ៏សម្បើមនៃពិធីតែងតាំងលោកបូជាចារ្យ ជុង ប៊ូឌៀប

ព្រះសហគមន៍កាតូលិកនៅភូមិភាគ កាន់ថឺ (Can Tho) ភាគខាងត្បូងប្រទេសវៀតណាម បានចេញសារថ្លែងអំណរគុណ បន្ទាប់ពីពិធីតែងតាំងដ៏មានជ័យមង្គលជាប្រវត្តិសាស្ត្ររបស់លោកបូជាចារ្យ ហ្វ្រង់ស៊ី ហ្សាវីយេ ជុង ប៊ូឌៀប (Francis Xavier Truong Buu Diep) កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពី គ្រីស្តបរិស័ទ ចំនួន ៧ម៉ឺននាក់ នៅព្រះវិហារ តាក់សេ (Tac Say) ក្រោម អធិបតីភាពរបស់សម្តេចប៉ាបឡេអូទី១៤ រួមជាមួយលោកអភិបាលនៃព្រះសហគមន៍នៅវៀតណាម កម្ពុជា និងអាស៊ីមួយចំនួនទៀត។ ពិធីនេះប្រព្រឹត្តទៅក្រោមលក្ខខណ្ឌអាកាសធាតុអំណោយផលបំផុត ដែលអ្នកចូលរួមចាត់ទុកថាជាសញ្ញានៃការប្រទានពរពីព្រះ បន្ទាប់ពីមានភ្លៀងធ្លាក់ និងព្យុះជាច្រើនថ្ងៃកន្លងមក។

លោកបូជាចារ្យ ឡេ ង៉ិក ង៉ា (Le Ngoc Nga) នាយកគណៈកម្មការសាសនានៃភូមិភាគ កាន់ថឺ បានរំលឹកពីថ្ងៃមុនពេលប្រារព្ធពិធីថា៖ «នៅពេលដែលអាកាសធាតុអាក្រក់នៅទូទាំងប្រទេសវៀតណាម បានធ្វើឱ្យមានការព្រួយបារម្ភថា តើពិធីសាសនានេះអាចដំណើរការទៅតាមផែនការដែរឬទេ? ប៉ុន្តែក្នុងចំណោមថ្ងៃដែលមានភ្លៀង និងព្យុះ ព្រះបានប្រទានមេឃស្រឡះ ខ្យល់បក់ស្រាលៗ និងគ្មានភ្លៀងធ្លាក់មួយតំណក់ដែលអាចរំខានដល់សេចក្តីរីករាយរបស់ប្រជារាស្ត្ររបស់ទ្រង់ឡើយ។ អ្វីៗទាំងអស់បានដំណើរការទៅដោយសន្តិភាព ការគោរព និងការអធិស្ឋាន ដែលលទ្ធផលទទួលបានគឺលើសពីអ្វីដែលយើងបានរំពឹងទុក»។

ព្រឹត្តិការណ៍នៃការតែងតាំងលោកបូជាចារ្យ ហ្វ្រង់ស៊ី ហ្សាវីយេ ជុង ប៊ូឌៀប ជាបុគ្គលដ៏មានសុភមង្គលបំផុតនៃព្រះសហគមន៍វៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ព្រោះវាជាពិធីតែងតាំងជាពរជ័យលើកដំបូងដែលបានប្រារព្ធនៅក្នុងប្រទេសនេះ។

Daily Program

Livesteam thumbnail