ព្រះសហគមន៍នៅហ្វីលីពីនចោទជាសំនួរទាក់ទងនឹងជោគវាសនាដើមឈើចំនួនជាង២សែន
ព្រះសហគមន៍នៅភូមិភាគប៉ឺតូ ប្រាំងស៊ីសា (Puerto Princesa) ស្ថិតនៅភាគខាងលិចប្រទេសហ្វីលីពីនបានអំពាវនាវឱ្យមានការពិនិត្យឡើងវិញនូវលិខិតអនុញ្ញាតដែលគ្របដណ្តប់លើដើមឈើយ៉ាងហោចណាស់ ២១៨.៨៥៤ដើមដែលជាប់ទាក់ទងនឹងគម្រោងរ៉ែនៅតំបន់១។
គម្រោងដែលកំពុងតែបង្កជាចម្ងល់នោះត្រូវបានគេដឹងថា គឺស្ថិតនៅក្នុងតំបន់ បាឡាវ៉ាន់ (Palawan) ហើយអ្វីដែលព្រះសហគមន៍ព្រួយបារម្ភអំពីជោគវាសនាដើមឈើទាំងនោះ ពីព្រោះតែពួកគេព្រួយបារម្ភ អំពីផលវិបាកផ្នែកបរិស្ថាន បណ្តាលមកពីការបាត់បង់ព្រៃឈើទ្រង់ទ្រាយធំនៅក្នុងខេត្ត។
ព្រះសហគមន៍នៅទីនោះ បានជំរុញឱ្យភ្នាក់ងាររដ្ឋាភិបាលនានាពិនិត្យឡើងវិញនូវលិខិតអនុញ្ញាតកាប់ដើមឈើពិសេស និងដី នៅក្នុងតំបន់ដែលចេញសម្រាប់គម្រោងទាក់ទងនឹងរ៉ែ និងដើម្បីធានាបាននូវតម្លាភាពកាន់តែច្រើននៅក្នុងការអនុម័ត។
លិខិតផ្លូវការបញ្ជាក់អំពីការព្រួយបារម្ភនេះ បានលើកឡើងថា ទោះបីជាគម្រោងនោះបង្ហាញពីចំនួនដើមឈើនៅក្នុងចំនួនពិតប្រាកដប៉ុន្មានច្បាស់លាស់ក៏ដោយ ប៉ុន្តែចម្ងល់នៅតែមានពាក់ព័ន្ធនឹងការប្រើប្រាស់ធនធានធម្មជាតិដែលសាបព្រោះដោយព្រះជាម្ចាស់។
ព្រៃឈើ ធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ គឺសុទ្ធសឹងតែជាកំណប់ទ្រព្យដែលជាអំណោយរបស់ព្រះជាម្ចាស់ប្រទានដល់ប្រជាជន មិនមែនសម្រាប់មនុស្សមួយក្រុមណាមួយឡើយ ។ ប៉ាឡាវ៉ាន់មិនមែនគ្រាន់តែជានិមិត្តរូបនៃសម្រស់ប៉ុណ្ណោះទេ វាគឺជាព្រះអំណោយដ៏ថ្លៃថ្លារបស់ព្រះជាម្ចាស់ និង ប្រគល់ឲ្យប្រជាជនជាអ្នកថែរក្សា៕