ព្រះសហគមន៍កាតូលិកកម្ពុជា គាំទ្រលើការអនុវត្តគម្រោង «ព្រែកជីកហ្វូណនតេជោ»
តាងនាមលោកអភិបាលព្រះសហគមន៍កាតូលិកទាំងបីភូមិភាគ លោកបូជាចារ្យបព្វជិត បព្វជិតា អង្គការមនុស្ស ធម៌កាតូលិក និងគ្រីស្តបរិស័ទកាតូលិកទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា លោកអូលីវីយ៉េ មីឆែលម៉ារី ជី្មតហស្ល អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង «ព្រែកជីកហ្វូណនតេជោ» របស់រាជរដ្ឋាភិបាលកម្ពុជា។
«ព្រែកជីកហ្វូណនតេជោ» ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅព្រះរាជាណាចក្រកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ននេះ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ ឲ្យបានសម្រេចនាពេលអនាគត។
ព្រែកជីកហ្វូណនតេជោ ផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យជាច្រើន ជាពិសេសលើវិស័យដឹកជញ្ជូនជើងទឹក រវាងទន្លេមេគង្គនិងសមុទ្រ បង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ជួយបង្កើនផលត្រីទឹកសាប ជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម ជំរុញការរីកចម្រើនអចនទ្រព្យ និងការវិនិយោគ និងបង្កើតឳកាសការងារផ្សេងៗជាច្រើនជូនប្រជាពលរដ្ឋ។ល។
លោកអូលីវីយ៉េ មីឆែលម៉ារី ជី្មតហស្ល បានមានប្រសាសន៍ថា ៖ «យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់បំផុត ព្រមទាំងសូមប្រកាសគាំទ្រយ៉ាង ពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមប្រកបដោយឧត្តមគតិជាតិខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ចំពោះការជីកព្រែកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា»។
«យើងខ្ញុំសូមអធិដ្ឋានដល់ព្រះអម្ចាស់យេស៊ូគ្រីស្ត សូមព្រះមេត្តាប្រទានពរជ័យគ្រប់ប្រការជូន សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ មានសុខភាពល្អ អាយុយឺនយូរ ដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាយើងមានសុខសន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យជានិរន្តរ៍តរៀងទៅ។ អាមែន»។
សូមបញ្ជាក់ថា «គម្រោងព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។
ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ។
ការអភិវឌ្ឍគម្រោងនេះ មិនមានបច្ច័យប៉ះពាល់ដល់បរិស្ថាននៅកម្ពុជា ឬបរិស្ថានឆ្លងកាត់ព្រំដែនវៀតណាម ហើយវាក៏មិនបានធ្វើឱ្យប៉ះពាល់ដល់លំហូរទឹករបស់ទន្លេមេគង្គនោះដែរ ដ្បិតថា ការសាងសង់ព្រែកជីកនេះ កម្ពុជា នឹងប្រើបច្ចេកទេស និងបច្ចេកវិទ្យាទំនើបមិនឱ្យទឹកសាបហូរចូលទឹកប្រៃ ឬទឹកប្រៃហូរចូលទឹកសាបនោះទេ៕