ព្រះវិហារថ្មីមួយក្នុងខេត្តជាំងស៊ីត្រូវបានសម្ពោធក្រោយការសាងសង់អស់រយៈពេល ៣ ឆ្នាំ

គេហទំព័រ Xinde.org បានរាយការណ៍ថា ព្រះសហគមន៍កាតូលិកនៅទីក្រុងយីងតាន់ (Yingtan) ក្នុងខេត្តជាំងស៊ី (Jiangxi) ភាគខាងកើតប្រទេសចិន បានសម្ពោធឧទ្ទិសព្រះវិហារថ្មីមួយកាលពីថ្ងៃទី ៧ ខែវិច្ឆិកា បន្ទាប់ពីការសាងសង់អស់រយៈពេល ៣ ឆ្នាំ។

លោកអភិបាល លី ស៊ូកាង (Li Suguang) នៃភូមិភាគជាំងស៊ី បានដឹកនាំពិធីអភិបូជាឧទ្ទិសដល់ព្រះវិហារនេះ ដោយមានការចូលរួមពីបូជាចារ្យ និងគ្រិស្តបរិស័ទជាច្រើននាក់។

ព្រះវិហារថ្មីនេះ ក្រោយពេលបញ្ចប់ការសាងសង់ បានបំពេញតាមបំណងប្រាថ្នាដ៏យូរអង្វែងរបស់គ្រិស្តបរិស័ទនៅព្រះសហគមន៍នៅទីក្រុងយីងតាន់ ដែលស្ថិតនៅភាគឦសាននៃខេត្តជាំងស៊ី។ ស្ថាបត្យកម្មនៃព្រះវិហារនេះ បានរួមបញ្ចូលគ្នានូវលក្ខណៈពិសេសបែបប្រពៃណីចិន ជាមួយនឹងភាពថ្លៃថ្នូរ និងភាពសក្តិសម ជាទីកន្លែងគោរពបូជារបស់គ្រិស្តបរិស័ទ ហើយក៏ជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះសហគមន៍ក្នុងការសម្របជីវិត ឱ្យសមស្របទៅនឹងបរិបទវប្បធម៌ចិន។

ថ្លែងទៅកាន់អ្នកដែលបានចូលរួម លោកអភិបាល លី បានសម្តែងការអបអរសាទរចំពោះគ្រិស្តបរិស័ទនៅទីនោះ ហើយបានជំរុញឱ្យលោកបូជាចារ្យ និងគ្រិស្តបរិស័ទទាំងអស់ បន្តរក្សាជំនឿឱ្យបានរឹងមាំ និងបង្ហាញសេចក្ដីស្រឡាញ់តាមរយៈការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

លោកបានមានប្រសាសន៍ថា អគារថ្មីនេះមិនត្រឹមតែតំណាងឱ្យការកសាងរចនាសម្ព័ន្ធរូបវន្តឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសសម្រាប់ការផ្លាស់ប្តូរ និងការរស់ឡើងវិញខាងវិញ្ញាណផងដែរ។

លោកបានបន្ថែមថា ទោះបីជាព្រះវិហារដែលសាងសង់ពីឥដ្ឋ និងថ្ម ផ្តល់ជាទីកន្លែងដ៏សក្តិសិទ្ធិសម្រាប់ការអធិស្ឋាន និងជាកន្លែងប្រមូលផ្តុំគ្រិស្តបរិស័ទក៏ដោយ ប៉ុន្តែបេះដូងរបស់គ្រិស្តបរិស័ទម្នាក់ៗ គឺជាព្រះវិហារពិតប្រាកដដែលព្រះជាម្ចាស់គង់នៅ។

លោកអភិបាល លី បានមានប្រសាសន៍ថា ការសាងសង់ព្រះវិហារថ្មីនេះរួចរាល់ មិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែវាគឺជាការចាប់ផ្តើមថ្មីមួយ។

លោកក៏បានលើកទឹកចិត្តដល់សហគមន៍ឱ្យពង្រឹងការថែទាំខាងវិញ្ញាណ ដើម្បីធ្វើឱ្យការកសាងជំនឿកាន់តែស៊ីជម្រៅ គោរពច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋ ហើយអនុវត្តជំនឿ តាមរយៈការបម្រើ និងក្តីស្រឡាញ់។

Daily Program

Livesteam thumbnail
khmer popup image