ព្រឹទ្ធសភា​កម្ពុជា បដិសេធ​ការ​ទាមទារ​របស់​ថៃ ដោយ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ឈប់​បាញ់ មិន​អាច​កែប្រែ​អធិបតេយ្យភាព ឬ​ព្រំដែន​បាន​ឡើយ

អ្នកនាំពាក្យ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បដិសេធ​នូវ​ការ​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ​របស់​ប្រធាន​ព្រឹទ្ធសភា​ថៃ ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដោយ​បាន​បញ្ជាក់​ឡើងវិញ​នូវ​ជំហរ​របស់​កម្ពុជា​ថា បញ្ហា​ដែនដី​ត្រូវតែ​ត្រូវ​បាន​ដោះស្រាយ​ទៅតាម​ច្បាប់​អន្តរជាតិ និង​តាមរយៈ​យន្តការ​សន្តិវិធី។

នៅក្នុង​សេចក្តីថ្លែងការណ៍​ឆ្លើយតប​ទៅនឹង​មតិ​របស់​ប្រធាន​ព្រឹទ្ធសភា​ថៃ ពាក់ព័ន្ធ​នឹង​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ក្នុង​ពិធី​បើក​សន្និសីទ​ប្រធាន​សភា​អន្តរសភា​លើក​ទី២ (ISC-2) នៅ​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែសីហា អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ជំហរ​របស់​ថៃ។

អ្នកនាំពាក្យ​បាន​ថ្លែង​ថា ប្រសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន បាន​ឆ្លុះបញ្ចាំង​ពី​ស្ថានការណ៍​ជុំវិញ​ការ​ឈ្លានពាន​របស់​ថៃ​លើ​បូរណភាព​ដែនដី​របស់​ខ្លួន និង​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​គោរព​អធិបតេយ្យភាព​ជាតិ បូរណភាព​ដែនដី ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

ព្រឹទ្ធសភា​កម្ពុជា ក៏បាន​បដិសេធ​ផងដែរ​ចំពោះ​ការ​យក​ប្រតិបត្តិការ​ឆបោក​អនឡាញ​ឆ្លងដែន ធ្វើជា​លេស​ប្រៀបដូចជា​ការ​ប្រើប្រាស់​កម្លាំង ឬ​សកម្មភាព​យោធា។ សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា ទោះបីជា​ការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​ជា​រឿង​ចាំបាច់ និង​ស្របច្បាប់​ក៏ដោយ កិច្ចសហប្រតិបត្តិការ​បែបនេះ​មិន​អាច​រំលោភ​លើ​គោលការណ៍​គ្រឹះ​នៃ​អធិបតេយ្យភាព បូរណភាព​ដែនដី និង​ការ​ហាមឃាត់​ការ​ប្រើប្រាស់​កម្លាំង​បានឡើយ។

សេចក្តីថ្លែងការណ៍ ដែល​បាន​ចេញផ្សាយ​នៅ​ព្រឹកនេះ បាន​កត់សម្គាល់​បន្ថែម​ថា ការវាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ត្រូវតែ​ត្រូវ​បាន​វាយតម្លៃ​ស្របតាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ ជាពិសេស​គោលការណ៍​ខុសគ្នា​រវាង​គោលដៅ​ស៊ីវិល និង​គោលដៅ​យោធា។ ការ​វាយតម្លៃ​ផ្លូវច្បាប់​ណាមួយ គួរតែ​ផ្អែកលើ​អង្គហេតុ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ដោយ​ឯករាជ្យ អំពី​សភាវៈ និង​ការ​ប្រើប្រាស់​ជាក់ស្តែង​នៃ​ទីតាំង​ពាក់ព័ន្ធ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា ក៏បាន​ព្រមាន​ប្រឆាំង​នឹង​អ្វី​ដែល​ត្រូវ​បាន​ពិពណ៌នា​ថា​ជា "យុទ្ធសាស្ត្រ​ចិត្តសាស្ត្រ​ឈាន​ទន្ទ្រាន​បន្តិចម្តងៗ" (salami-slicing strategy) ដែល​សំដៅ​លើ​ការ​ផ្លាស់ប្តូរ​ស្ថានការណ៍​ជាក់ស្តែង​នៅលើ​ដី​បន្តិចម្តងៗ ដែល​ក្រោយមក​អាច​ត្រូវ​បាន​យកទៅ​ប្រើប្រាស់​ដើម្បី​គាំទ្រ​ការ​ទាមទារ​ដែនដី។ សកម្មភាព​បែបនេះ សេចក្តីថ្លែងការណ៍​បាន​ឱ្យដឹង​ថា ប្រឈម​នឹង​ការ​បង្កើត "ការ​សម្រេច​រួចជាស្រេច" (fait accompli) នៅលើ​ទឹកដី​កម្ពុជា។

ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​របស់​ប្រធាន​ព្រឹទ្ធសភា​ថៃ ដែល​ថា​កម្ពុជា​ជា​អ្នក​បាញ់​មុន ថៃ​បាន​ធ្វើសកម្មភាព​ដើម្បី​ការពារ​ខ្លួន​ស្របច្បាប់ និង​ថៃ​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​សេចក្តីថ្លែងការណ៍​រួម​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគី​កម្ពុជា​បាន​ចាត់ទុក​ការទាមទារ​ទាំងនេះ​ថាជា​ការ​អះអាង​ឯកតោភាគី។

អ្នកនាំពាក្យ​បាន​ថ្លែង​ថា ភាគី​ម្ខាង​នៃ​ជម្លោះ​មិន​អាច​ធ្វើជា​ដើមបណ្តឹង ផង និង​ធ្វើជា​ចៅក្រម​កាត់ក្តី​ការ​ទាមទារ​របស់​ខ្លួន ផង ក្នុង​ពេល​តែមួយ​បានឡើយ ដោយ​បាន​ចោទប្រកាន់​ភាគី​ថៃ​ថា ព្យាយាម​បបំភ្លៃ​ការពិត និង​លាក់បាំង​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​បូរណភាព​ដែនដី​កម្ពុជា។

ព្រឹទ្ធសភា​កម្ពុជា បាន​សង្កត់ធ្ងន់​ថា សេចក្តីថ្លែងការណ៍​រួម​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិន​ត្រូវ​បាន​បកស្រាយ​ថាជា​ការ​ទទួលស្គាល់​អធិបតេយ្យភាព ឬ​សិទ្ធិ​ណាមួយ​ដែល​កើតចេញពី​វត្តមាន​យោធា ឬ​ការ​គ្របដណ្តប់​លើ​ទឹកដី​កម្ពុជា តំបន់​មាន​ជម្លោះ ឬ​តំបន់​ដែល​ព្រំដែន​មិនទាន់​បាន​ខណ្ឌសីមា​ច្បាស់លាស់​នោះឡើយ។

សេចក្តីថ្លែងការណ៍​បាន​គូសបញ្ជាក់​ថា៖ «កិច្ចព្រមព្រៀង​ឈប់​បាញ់ មិន​អាច​ត្រូវ​បាន​យកមក​ធ្វើជា​មូលដ្ឋាន​សម្រាប់​បង្កើត​សិទ្ធិ​ដែនដី​ថ្មី ធ្វើ​ឱ្យ​ការ​កាន់កាប់​ខុសច្បាប់​ក្លាយជា​រឿង​ស្របច្បាប់ ឬ​ពង្រឹង​ការ​សម្រេច​រួចជាស្រេច​ឯកតោភាគី​នោះឡើយ» ដោយ​បាន​សង្កត់ធ្ងន់​ថា បញ្ហា​អធិបតេយ្យភាព និង​ព្រំដែន ត្រូវតែ​ត្រូវ​បាន​ដោះស្រាយ​ទៅតាម​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ជា​ធរមាន ច្បាប់​អន្តរជាតិ និង​យន្តការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ដែល​ភាគី​ទាំងពីរ​មាន។

សេចក្តីថ្លែងការណ៍ ក៏បាន​ឆ្លើយតប​ផងដែរ​ចំពោះ​ការ​អះអាង​របស់​ប្រធាន​ព្រឹទ្ធសភា​ថៃ ដែល​ថា ជម្លោះ​នេះ​មិន​គួរ​ត្រូវ​បាន​ធ្វើ​អន្តរជាតូបនីយកម្ម​ឡើយ។

សេចក្តីថ្លែងការណ៍​បាន​ឱ្យដឹង​ថា កម្ពុជា​គ្មាន​បំណង​ប្រែក្លាយ​ជម្លោះ​ទ្វេភាគី​ឱ្យ​ទៅជា​បញ្ហា​អន្តរជាតិ​ដើម្បី​គោលបំណង​នយោបាយ​នោះឡើយ។ ប្រសិនបើ​ថៃ​មាន​បំណង​ពិតប្រាកដ​ក្នុង​ការ​ជៀសវាង​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ពី​អន្តរជាតិ វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​បំផុត គឺ​ការ​ដោះស្រាយ​ស្ថានការណ៍​ឫសគល់ ដោយ​ការ​ដកហូត​កងទ័ព​របស់​ខ្លួន​ចេញពី​ទឹកដី​កម្ពុជា បញ្ឈប់​សកម្មភាព​ដែល​ផ្លាស់ប្តូរ​ស្ថានការណ៍​នៅលើ​ដី និង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ស៊ីវិល​កម្ពុជា​ដែល​ភៀសខ្លួន បាន​ត្រឡប់មក​ផ្ទះសម្បែង​វិញ​ដោយ​សុវត្ថិភាព និង​មាន​កិត្តិយស។

ព្រឹទ្ធសភា​កម្ពុជា បាន​សង្កត់ធ្ងន់​ថា ការ​យកចិត្តទុកដាក់​ពី​អន្តរជាតិ មិនមែន​ជា​មូលហេតុ​នៃ​បញ្ហា​នោះទេ ប៉ុន្តែ​វា​ជា​ផលវិបាក​នៃ​ស្ថានការណ៍​នៅលើ​ដី។

សេចក្តីថ្លែងការណ៍​បាន​អំពាវនាវ​ឱ្យ​មាន​ការ​គោរព​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​កម្ពុជា ការ​អនុវត្ត​ពេញលេញ​នូវ​ច្បាប់​អន្តរជាតិ និង​ការ​ប្តេជ្ញាចិត្ត​នា​ពេល​កន្លងមក ព្រមទាំង​ការ​ដោះស្រាយ​បញ្ហា​ដែល​សេសសល់​ដោយ​សន្តិវិធី​តាមរយៈ​យន្តការ​សមស្រប។

សេចក្តីថ្លែងការណ៍ បាន​សង្កត់ធ្ងន់​បន្ថែម​ថា ការ​ប្រើប្រាស់​យន្តការ​តំបន់ និង​អន្តរជាតិ​ដោយ​ទទួលខុសត្រូវ មិន​គួរ​ត្រូវ​បាន​មើលឃើញ​ថា​ជា​ការ​តតាំង​គ្នា​នោះឡើយ។ យន្តការ​ផ្លូវច្បាប់ និង​ឌីពឡូម៉ាត មាន​គោលបំណង​ធ្វើឱ្យ​ច្បាស់លាស់​នូវ​ជំហរ​របស់​រដ្ឋ ការពារ​ការ​កើនឡើង​នៃ​កម្ដៅ ស្តារ​ការ​យល់​ច្រឡំ និង​សម្រួល​ដល់​ការ​ដោះស្រាយ​ជម្លោះ​ប្រកបដោយ​របៀបរៀបរយ និង​ស្របច្បាប់។

យន្តការ​បែបនេះ ក៏​អាច​រួមចំណែក​ដល់​ដំណោះស្រាយ​យុត្តិធម៌ និង​យូរអង្វែង ដោយ​លើកកម្ពស់​តម្លាភាព គណនេយ្យភាព ភាព​ប្រាកដប្រជា​ផ្លូវច្បាប់ និង​ការ​អត់ធ្មត់ ខណៈដែល​ច្បាប់​អន្តរជាតិ នៅតែ​ជា​របាំង​ការពារ​ដ៏​សំខាន់​ប្រឆាំង​នឹង​ការ​បង្ខិតបង្ខំ ភាព​មិន​ប្រាកដប្រជា និង​ការ​រំលោភបំពាន​អំណាច។

អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា បាន​ទទួលស្គាល់​ថា ទំនុកចិត្ត​ទៅវិញទៅមក អត់ធ្មត់ ភាពស្មោះត្រង់ និង​សេចក្តី​ថ្លៃថ្នូរ គឺ​ជា​រឿង​ខកខាន​មិនបាន​សម្រាប់​ទំនាក់ទំនង​សន្តិភាព​រវាង​ប្រទេស​ជិតខាង។ ទោះជាយ៉ាងណាក៏ដោយ ទំនុកចិត្ត​ត្រូវតែ​កើតចេញពី​ភាគី​ទាំងសងខាង និង​ត្រូវ​បាន​បង្ហាញ​តាមរយៈ​សកម្មភាព​ស៊ីសង្វាក់គ្នា ជាជាង​ពាក្យសម្តី​តែមួយមុខ។

សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​សារជាថ្មី​ថា៖ «កិច្ចសន្ទនា​ដោយ​សន្តិវិធី មិន​អាច​ជឿទុកចិត្ត​បានឡើយ ក្នុង​ពេល​ដែល​សកម្មភាព​នៅលើ​ដី​កំពុង​បង្កើន​ភាពតានតឹង និង​បំផ្លាញ​ទំនុកចិត្ត» ដោយ​បាន​បញ្ជាក់​ឡើងវិញ​ថា ការ​គោរព​ច្បាប់​អន្តរជាតិ និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី នៅតែ​ជា​កត្តា​មិន​អាច​ខ្វះបាន ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង​រវាង​កម្ពុជា និង​ថៃ។

 

Daily Program

Livesteam thumbnail
khmer popup image