ក្មេងអាយុ ៥ឆ្នាំ ដែលវង្វេងនៅស្ថានីយរថភ្លើងម្នាក់ឯង ក្លាយជាបូជាចារ្យ
ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ ដែលត្រូវបានគេប្រទះឃើញតែម្នាក់ឯងនៅស្ថានីយរថភ្លើងមួយកន្លែង ក្នុងរដ្ឋកេរ៉ាឡា ភាគខាងត្បូងប្រទេសឥណ្ឌា កាលពី ២៨ឆ្នាំមុន ត្រូវបានតែងតាំងជាបូជាចារ្យនៃព្រះសហគមន៍កាតូលិក។
ក្មេងប្រុសរូបនោះ គឺលោកបូជាចារ្យ វីវឹក ម៉ាទិន (Vivek Martin) ដែលឥឡូវនេះជាបូជាចារ្យនៃភូមិភាគជានស៊ី (Jhansi) នៅភាគខាងជើងប្រទេសឥណ្ឌា។
ក្រោយពេលដែលត្រូវបានសង្គ្រោះ លោកបានចំណាយពេល និងការតស៊ូជាច្រើន រួមទាំងបានពុះពារគ្រប់ការលំបាក និងការឈមុសឈមុលក្នុងការស្វែងរកការអប់រំ សង្គម និងភាពកក់ក្តៅ។ លោកបានប៉ងប្រាថ្នាតាំងពីថ្នាក់ទី ១០ មកម្ល៉េះ ក្នុងការក្លាយជាបូជាចារ្យ ដើម្បីតបស្នង និងបន្តបេសកកម្មបម្រើអ្នកដែលត្រូវការជំនួយ។
លោកបានប៉ុនប៉ងចង់ក្លាយជាបូជាចារ្យតាំងពីរៀនថ្នាក់ទី ១០ មកម្ល៉េះ ប៉ុន្តែត្រូវបានគេផ្តល់យោបល់ឲ្យខិតខំរៀនរហូតចប់មធ្យមសិក្សាសិន។ មុននឹងក្លាយជាបូជាចារ្យ លោកបានស្វះស្វែងរកការអប់រំជំនឿ និងបំពេញការងារជាច្រើន ដោយពេលខ្លះត្រូវធ្វើដំណើរដល់ទៅ ២,០០០គីឡូម៉ែត្រ ចេញពីកន្លែងដែលលោកធ្លាប់រស់នៅ ដើម្បីចូលរួមរៀនសូត្រនៅសាលាទេវវិទ្យាល័យ ក្នុងរដ្ឋអ៊ុតតាប្រាដែស (Uttar Pradesh)។
នៅមុនពេលចូលរៀននៅទេវវិទ្យាល័យ លោកបានធ្វើការជាអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ និងជាអ្នកថែទាំអ្នកជំងឺនៅក្នុងរដ្ឋកេរ៉ាឡា ហើយក៏បានធ្វើការជាមួយអ្នកដែលរស់នៅជាមួយមេរោគអេដស៍ផងដែរ។
ការតស៊ូ និងការលះបង់របស់លោកបូជាចារ្យ បានទទួលផលដោយការទទួលបានការតែងតាំងនៅថ្ងៃទី ១៦ ខែសីហា ហើយលោកបានរៀបចំពិធីថ្វាយអភិបូជាជាលើកដំបូងនៅថ្ងៃទី ២៤ ខែសីហា ថ្មីៗនេះ។
ដូនជី ហ្គោរ៉េទី ណាយ៉ាក (Goreti Nayak) សមាជិកនៃក្រុមព្រះសហគមន៍កាតូលិក ដធឺស អុបទ្វី សន្តអាន (Daughters of St. Anne) មកពីរដ្ឋបេនហ្គាល់ខាងលិច (West Bengal) បាននិយាយថា រឿងរ៉ាវរបស់លោកបូជាចារ្យនេះបង្ហាញថាកុមារគ្រប់រូបសុទ្ធតែមានសេចក្តីថ្លៃថ្នូរ និងគោលបំណងជីវិត។
ដូនជីបានមានប្រសាសន៍ថា៖ «ក្មេងប្រុសតូចម្នាក់ដែលធ្លាប់ឈរតែម្នាក់ឯងនៅស្ថានីយរថភ្លើង ត្រូវបានឱបក្រសោបដោយមនុស្សដែលបានឃើញសេចក្តីថ្លៃថ្នូររបស់គាត់ មុនពេលពួកគេឃើញការលំបាករបស់គាត់។ សព្វថ្ងៃនេះ លោកកំពុងឈរនៅមុខអាសនៈ មិនមែនជានិមិត្តរូបនៃអ្វីដែលលោកបានបាត់បង់នោះទេ ប៉ុន្តែជាសាក្សីចំពោះអំណាចនៃសេចក្តីស្រឡាញ់ ការអប់រំ ការអាណិតអាសូរ និងជំនឿ»។
