ពេលមេចារកម្មដើរតួជាអ្នកការទូត ៖ តើស៊ីអាយអេ (CIA) កំពុងលេងល្បែង យុទ្ធសាស្ត្រអ្វីជាមួយរុស្ស៊ី និងអ៊ុយក្រែន?

ជំនួបដ៏គួរឱ្យភ្ញាក់ផ្អើលរវាងនាយកទីភ្នាក់ងារស៊ើបការណ៍កណ្តាលអាម៉េរិក ស៊ីអាយអេ (Central Intelligence Agency-CIA) លោកចន រ៉ាតគ្លីហ្វ (John Ratcliffe) និង​ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅលើ​ទីលាន​ចតយន្តហោះនៃ​អាកាស​យានដ្ឋានស្ហ៉ានុន (Shannon) ប្រទេសអៀឡង់ កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា កន្លងទៅនេះ បាន​ក្លាយជាសញ្ញាព្រមានដ៏គួរឱ្យ​ព្រួយបារម្ភ​មួយ​នៅ​លើឆាកនយោបាយ​អន្តរជាតិ។

វាមិនមែនជាកិច្ចប្រជុំការទូតតាមបែបប្រពៃណីនៅតាមសណ្ឋាគារផ្កាយប្រាំ ឬក្រសួង​ការ​បរទេស​នោះទេ ប៉ុន្តែវាគឺជា «ការទូតសម្ងាត់លើផ្លូវរត់យន្តហោះ» ដែលលាតត្រដាងឱ្យឃើញ​ពី​ការ​ផ្លាស់ប្ដូរ​តួនាទីយ៉ាងសំខាន់របស់ស្ថាប័នចារកម្មដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក។

ពីអ្នកប្រមូលព័ត៌មាន មកជា «ស្ថាបត្យករការទូតពីក្រោយឆាក»

ជាទូទៅ ភារកិច្ចរបស់ស៊ីអាយអេ (CIA) គឺការប្រមូលព័ត៌មានសម្ងាត់ និងការទប់ស្កាត់ការ​គំរាម​កំហែងសន្តិសុខជាតិ មិនមែនជាអ្នកដើរតួជាអ្នកសម្របសម្រួលការទូត ឬជួបចរចា​ជាមួយ​ប្រមុខរដ្ឋឡើយ។ ប៉ុន្តែ ការដែលលោកចន រ៉ាតគ្លីហ្វ បោះជំហានទៅជួប​ទាំង​មន្ត្រី​រុស្ស៊ី​នៅ​ទីក្រុងមូស្គូ កាលពីចុងខែសីហា និងបន្តមកជួបលោក ហ្សេឡេនស្គី នៅអៀឡង់ បាន​បញ្ជាក់​​យ៉ាងច្បាស់ថា ស៊ីអាយអេ កំពុងស្ថិតនៅក្នុង «ល្បែងការទូតជាន់ខ្ពស់»។

អ្នកឯកទេសអំពីសហរដ្ឋអាម៉េរិក និងបញ្ហាសន្តិសុខ​ជាតិនៅ​សកល​វិទ្យាល័យ ផតស៍ម៉ៅ (Portsmouth) ប្រទេសអង់គ្លេស លោកដាហ្វហ្វ៊ីដ ថោនលី (Daffyd Townley) បាន​គូស​បញ្ជាក់​ថា អាកាសយានដ្ឋានស្ហ៉ានុន គឺជាចំណតយុទ្ធសាស្ត្រចុងក្រោយនៅអឺរ៉ុបមុនឆ្លងទៅអាម៉េរិក ដែល​​ត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ ដើម្បីបង្កើតឈុតឆាកនៃ «ភាពចៃដន្យ» សម្រាប់​ជំនួប​ដ៏​រសើបនេះ។

ត្រូវប្រើប្រាស់ប្រមុខចារកម្ម ជំនួសឱ្យរដ្ឋមន្ត្រីការបរទេស?

ការប្រើប្រាស់មន្ត្រីចារកម្មជំនួសឱ្យបណ្តាញការទូតផ្លូវការ ដូចជាក្រសួងការបរទេស​ដឹកនាំដោយ លោក ម៉ាកកូ រូប៊ីយ៉ូ ផ្ដល់នូវផលចំណេញយុទ្ធសាស្ត្រធំៗចំនួន ២ ៖

ទី១ ភាពសម្ងាត់ និងការគេចវេសពីភ្នែកមហាជន ៖ ការធ្វើដំណើររបស់រដ្ឋមន្ត្រីការបរទេស​តែង​តែ​អមជាមួយពិធីការ និងការតាមដានយ៉ាងជិតស្និទ្ធពីអ្នកសារព័ត៌មាន ដែលធ្វើឱ្យការ​ចរចា​រឿង​រសើប​ក្លាយជាចំណីព័ត៌មានរបស់មហាជន។

ទី២ ភាពស្រួលចិត្តរបស់ភាគីពាក់ព័ន្ធ ៖ ទាំងរុស្ស៊ី និងអ៊ុយក្រែន ហាក់មានកម្រិតនៃការ​ទុកចិត្ត និងភាពស្រួលចិត្តខ្ពស់ជាង ក្នុងការនិយាយការពិតជាមួយអ្នកជំនាញអាជីព​ខាង​ចារកិច្ច ដែលយល់ច្បាស់ពីតុល្យភាពនៃអំណាច និងហានិភ័យសមរភូមិ។

សារន័យនៅពីក្រោយ ៖ តើអាម៉េរិកកំពុងរៀបចំផែនការអ្វី?

ទោះបីជាប្រភពអនាមិកទាំង២ របស់ទីភ្នាក់ងាររ៉យទ័រ បានបដិសេធមិនលាតត្រដាងពីខ្លឹមសារជាក់លាក់នៃជំនួបនៅអៀឡង់ក៏ដោយ ប៉ុន្តែការតភ្ជាប់គ្នារវាងដំណើររបស់លោកចន រ៉ាតគ្លីហ្វ ទៅកាន់រុស្ស៊ី និងការមកជួបលោក ហ្សេឡេនស្គី មុនពេលលោកត្រូវជួបជាមួយលោកដូណាល់ ត្រាំ គឺជា «សារដាស់គំនិត» យ៉ាងជាក់ច្បាស់។

វាបង្ហាញថា ស៊ីអាយអេ កំពុងដើរតួនាទីជាស្ពានតភ្ជាប់ ឬជាអ្នកវាស់ស្ទង់ «ផ្លូវចរចា» ណាមួយដែលលាក់កំបាំងពីសាធារណជន ស្របពេលដែលសង្គ្រាមអ៊ុយក្រែនឈានចូលដល់ចំណុចរបត់ដ៏តានតឹង។ ការដាក់មេចារកម្មចូលក្នុងឆាកចរចា គឺដើម្បីធានាថា ព័ត៌មានចុងក្រោយ ការ​យល់ដឹងពីចំណុចខ្សោយ និងលក្ខខណ្ឌសម្ងាត់ ត្រូវបានគ្រប់គ្រងដោយផ្ទាល់ដៃដោយ​ស្ថាប័នស៊ើបការណ៍ខ្លួនឯង។

ការចូលរួមរបស់ស៊ីអាយអេ ក្នុងល្បែងការទូតអ៊ុយក្រែន មិនមែនជាចៃដន្យនោះទេ ប៉ុន្តែវាគឺជាសញ្ញាបង្ហាញថា ការទូតបែបប្រពៃណីប្រហែលជាមិនអាចឆ្លើយតបនឹងវិបត្តិបាន​ទៀត​ឡើយ។ នៅពេលដែលអ្នកការទូតជួបផ្លូវទាល់ ពេលនោះហើយដែលពិភពលោកងាកទៅរក «ពិភពលោកងងឹត» នៃក្រុមចារកិច្ចដើម្បីសម្រេចជោគវាសនានៃសង្គ្រាម។

 

 

 

 

Daily Program

Livesteam thumbnail
khmer popup image