ពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» នឹងធ្វើឡើងនៅចុងសប្តាហ៍នេះ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
យោងតាមក្រសួងកសិកម្ម បានឱ្យដឹងថា ពិព័រណ៍ និងវេទិកាពិភាក្សានេះ ធ្វើឡើងដើម្បីបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។
ពិព័រណ៍ និងវេទិកាពិភាក្សារយៈពេល២ថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតនិងអ្នកទទួលទិញ ព្រមទាំងបំផុសការពិភាក្សាអំពីការប្រើប្រាស់កសិផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់នៅក្នុងពិធីបុណ្យផ្សេងៗ។
ពិព័រណ៌នេះ នឹងបើកឱ្យមហាជនចូលរួមទស្សនាដោយសេរី នៅផ្សារទំនើបជីបម៉ុង ម៉េហ្គាម៉ល ២៧១ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការប្រគំតន្ត្រីរបស់តារាចម្រៀងល្បីៗ ដូចជា អ្នកនាង មាស សុខសោភា និងព្រះនាង នរោត្តម ជេនណា ផងដែរ។
ការចូលរួមរបស់លោកអ្នកនាង គឺជាការចូលរួមលើកទឹកចិត្តកសិករខ្មែរ គាំទ្រកសិផលក្នុងស្រុក កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕