ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ជាង៥០នាក់ វិលត្រឡប់មកកម្ពុជា
ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ក្រសួងបានរៀបចំឱ្យបងប្អូនពលការិនីវិលត្រឡប់ មកមាតុប្រទេសវិញសរុបចំនួន ៥២នាក់រួចហើយ។
ក្រសួងបានឱ្យដឹងថា ការវិលត្រលប់នេះ ធ្វើឡើងក្រោមការជួយអន្តរាគមន៍ពីក្រសួងដោយបាន សហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ។
ជាមួយគ្នានេះ ពលការិនីដែលត្រូវបានអន្តរាគមន៍វិលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១២ មានចំនួន ២៤នាក់បន្ថែមទៀត ប្រកបដោយសុខសុវត្ថិភាព។
ការមកដល់របស់បងប្អូនពលការិនី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និង មន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការ ក្រសួង ដោយបងប្អូនពលការិនីបានជួបជុំជាមួយក្រុមគ្រួសារប្រកបដោយភាពនឹករលឹក និងសប្បាយរីករាយ។
បន្ថែមពីនេះទៀត មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ក៏បានផ្តល់ការពិនិត្យសុខភាពដល់បងប្អូនពលការិនី ណែនាំ អំពីឱកាសការងារដើម្បីផ្តល់ការងារថ្មីធ្វើ និងការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសព្រមទាំងបានជូនបងប្អូនពលការិនីទៅកាន់គេហដ្ឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព។
ក្រសួងការងារបានបញ្ជាក់ដែរថា ពលការិនីដែលមិនទាន់បានវិលត្រឡប់មកវិញ កំពុងត្រូវបានជួយទំនុកបម្រុងកន្លែង ស្នាក់នៅ អាហារ និងតំម្រូវការផ្សេងៗដោយស្ថានឯកអគ្គរាជទូតកម្ពុជា។
ក្រសួង និងស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំបែបបទ និងនីតិវិធីឱ្យបងប្អូនពលការិនីបានវិលត្រឡប់ មកមាតុប្រទេសវិញនៅពេលដ៏ខ្លីខាងមុខ៕