ប្រមុខអង្គការអូតង់ អះអាងថា វាមិនយឺតទេ សម្រាប់ទីក្រុងគៀវ ឈ្នះសង្រ្គាម
អគ្គមេបញ្ជាការយោធាអ៊ុយក្រែន លោកអូឡិចសាន សៀស្គី កាលពីថ្ងៃអាទិត្យ បានទទួល ស្គាល់ថា ស្ថានភាពនៅសមរភូមិមុខ រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។
ជានិច្ចកាលនៅក្នុងការរងចាំជំនួយពីអាម៉េរិក ដែលបានបោះឆ្នោតអនុម័តនៅថ្ងៃទី២៣ ខែមេសា នៅសភាអាម៉េរិក ប្រទេសអ៊ុយក្រែនបានឆ្លងកាត់ពេលវេលាដោយប្រើវិធីសាស្រ្តដើម្បីតែរស់រានមានជីវិត។ ដោយទទួលស្គាល់ជោគជ័យបែបតាក់តិចជាច្រើនរបស់ទាហានរុស្ស៊ី មេបញ្ជាការនៃប្រមុខយោធាអ៊ុយក្រែន កាលពីថ្ងៃអាទិត្យបានទទួលស្គាល់ថា ស្ថានភាពនៅលើសមរភូមិគឺរងការខូចខាតជាខ្លាំង។
យោងតាមលោកអូឡេចសាន សៀស្គី ទាហានរុស្ស៊ី បានប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងនៅក្នុងផ្នែកជាច្រើន ដែលបង្កើតបានជាប្រយោជន៍ដ៏មានន័យ បើនិយាយទៅដល់កម្លាំង និងមធ្យោយបាយដើម្បីព្យាយាមប្រកាន់យកបានគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត និងចោះទម្លុះខ្សែត្រៀមជួរមុខ។
បើតាមអភិបាលតំបន់អូដឺសា បានឲ្យដឹងថា ការវាយប្រហាររបស់មីស៊ីលរុស្ស៊ី កាលពីថ្ងៃចន្ទ ក៏បានបង្កឲ្យមានការស្លាប់ របស់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងធ្វើឲ្យ ២៨នាក់ រងរបួសនៅក្នុងទីក្រុងនៃកំពង់ផែ អូដឺសា នៅភាគខាងនិរតីនៃប្រទេសអ៊ុយក្រែន។ លោកអូឡេច ឃីផើ អភិបាលតំបន់ បានថ្លែងថា ៖ ”ស្ត្រី ៣នាក់ និងបុរសម្នាក់ត្រូវបានសម្លាប់។ យោងតាមតុល្យការបច្ចុប្បន្ន មនុស្ស ២៨នាក់ បានរងរបួស ដែលក្នុងនោះមាននារីក្មេង ២នាក់ និងនារីពរពោះម្នាក់។ អ្នករងរបួស ៤នាក់ ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យតស៊ូដើម្បីសង្រ្គោះជីវិតពួកគេ។ ក្រោយមកបន្តិច លោកបានបង្ហាញថា មានមនុស្សយ៉ាងហោចណាស់ ២នាក់ បានស្លាប់ និង ១៧នាក់ បានរងរបួស។ លោកបានបញ្ជាក់ថា ការវាយប្រហារបានធ្វើឲ្យខូចខាត អគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃៗ ទៀត។
យោងតាមរូបភាពពីប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន អគារមួយដែលស្ថិតនៅតាមមាត់សមុទ្រ ដែលជាកម្មសិទ្ធរបស់បណ្ឌិតសភាតុលាការអ៊ុយក្រែននៅអូដឺសា និងត្រូវបានគេស្គាល់ថា ដូចជា ប្រាសាទតូចមួយ បានឆេះនៅអំឡុងការវាយប្រហារនេះ។
ប្រមុខនៃអង្គការណាតូ លោកជេន ស្តូលថេនប៊ឹក ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងគៀវ កាលពីថ្ងៃចន្ទ បានអះអាងថា វាមិនយឺតទេដើម្បីអ៊ុយក្រែនអាចយកជ័យជម្នះលើរុស្ស៊ី ទោះបីជាមានការវាយបកថ្មីៗ នេះពីទាហានរុស្ស៊ីនៅលើសមរភូមិមុខក៏ដោយ។ នៅអំឡុងពេលសន្និសីទកាសែតជាមួយប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេឡេនស្គី លោកជេន ស្តូលថេនប៊ឹក បានថ្លែងថា ជំនួយបន្តកំពុងស្ថិតនៅលើផ្លូវមកដល់អ៊ុយក្រែន ហើយលោករំពឹងថា វានឹងមកដល់ឆាប់ៗ។
ចំណែកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ៖ “ជារួម យើងត្រូវតែធ្វើឲ្យបរាជ័យនូវការវាយប្រហាររបស់រុស្ស៊ី។” លោកបានបន្ថែមថា ៖ “ភាពលឿនរហ័សនៃការផ្គត់ផ្គងមានន័យថា ធ្វើឲ្យមានស្ថិរភាពនៃសមរភូមិមុខ”។
ទាហានអ៊ុយក្រែន កាលពីថ្ងៃចន្ទ ទី២៩ មេសា បានបញ្ជាក់ថា បានវាយរុញច្រានការវាយប្រហារចំនួន ៥៥ដង នៅក្នុងតំបន់ជាច្រើននៃខេត្តដូណេត។ នៅក្នុងចំណោមនោះ មានតំបន់ អូតឆឺរឺទីណេ ដែលមានការប្រយុទ្ធដោយហិង្សា ត្រូវបានរាយការណ៍ កាលពីថ្ងៃអាទិត្យ។ នេះគឺជា ភូមិមួយដែលស្ថិតនៅភាគខាងជើងទីក្រុង អាវឌីអ៊ីវកា ដែលត្រូវដណ្តើមបានដោយទាហានរុស្ស៊ី កាលពីខែកុម្ភៈមុន។
ចាប់តាំងពីពេលនោះ កងកម្លាំងទីក្រុងមូស្គូ បានរីកចម្រើនវាយទៅមុខកាន់តែជ្រៅនៅក្នុងតំបន់ដូណេត។ ទីក្រុងគៀវ បានបញ្ជាក់ថា ទាហានសត្រូវព្យាយាមចំនួន ១៥ដង ដើម្បីទម្លុះខ្សែការពាររបស់ទាហានអ៊ុយក្រែន ដោយសារតែមានជំនួយពីយន្តហោះចម្បាំង។