ប្រមុខការទូតបុរីវ៉ាទីកង់ចាប់ផ្តើមទស្សនកិច្ចនៅប្រទេសរុស្ស៊ី
លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិរបស់បុរីវ៉ាទីកង់ កំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ខណៈសង្គ្រាមអ៊ុយក្រែនកំពុងបន្ត។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាលបានមកដល់ទីក្រុងមូស្គូនៅថ្ងៃទី២៤ ខែសីហា ហើយនឹងវិលត្រឡប់ទៅកាន់ទីក្រុងរ៉ូមវិញនៅថ្ងៃទី២៨ ខែសីហា។
នៅថ្ងៃអង្គារ ទី២៥ ខែសីហា លោកអគ្គអភិបាលបានជួបជាមួយលោក សែហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី។ នៅថ្ងៃបន្ទាប់ (ថ្ងៃពុធ ទី២៦ ខែសីហា) លោកនឹងជួបជាមួយលោក យូរី យូស្លាកូវ (Yuri Ushakov) ជំនួយការប្រធានាធិបតីសហព័ន្ធរុស្ស៊ីទទួលបន្ទុកគោលនយោបាយការបរទេស។
ដំណើរទស្សនកិច្ចនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សន្តអាសនៈក្នុងការបន្តដើរលើមាគ៌ានៃការសន្ទនា សូម្បីតែនៅគ្រាដ៏លំបាកបំផុតមួយក្នុងទំនាក់ទំនងអន្តរជាតិនៅកម្រិតសកលក៏ដោយ។ ដំណើរទស្សនកិច្ចរបស់លោកអគ្គអភិបាលក៏នឹងផ្តល់ឱកាសឱ្យជួបជាមួយសហគមន៍កាតូលិក ដែលលោកនឹងជួបនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា។
នៅថ្ងៃទៅដល់ភ្លាម លោកបានចាប់ផ្តើមកម្មវិធីជាមួយនឹងការជួបបព្វជិតគ្រិស្តបរិស័ទ ហើយក៏បានជួបជុំគ្នារៀបចំពិធីថ្វាយអភិបូជារួមគ្នាផងដែរ។ មកដល់ពេលនេះ ព្រះសហគមន៍កាតូលិកនៅប្រទេសរុស្ស៊ីគឺជាសហគមន៍តូចមួយដែលមានសមាជិកតិច និងត្រូវបានរាយប៉ាយតាមភូមិសាស្ត្រនៅទូទាំងទឹកដីដ៏ធំទូលាយរបស់រុស្ស៊ី។
