ប្រធានកាកបាទក្រហមកម្ពុជា អំពាវនាវ៨ចំណុចក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ
ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ជាទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលកម្ពុជាប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល»។
ប្រធានបទនេះ មានគោលបំណងរំលេចឱ្យឃើញនូវការប្ដេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងទិវានេះដែរ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវ ៨ចំណុចសំខាន់ ចំពោះជនរួមជាតិ ជាពិសេស បុរសនិងស្ត្រីជាមាតាបិតា និងយុវវ័យគ្រប់រូបដូចតទៅ៖
១. សូមឱ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ដើម្បីទទួលវ៉ាក់សាំង បង្ការជំងឺ និងការចម្លងមេរោគពីម្ដាយទៅកូន ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមាន គ្រូពេទ្យជំនាញ ទទួលបានការបណ្តុះបណ្ដាលត្រឹមត្រូវ។
២. ក្រោយពេលសម្រាល សូមស្ត្រីជាមាតាទៅពិនិត្យសុខភាព យកទារកទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខ តាមពេលវេលាកំណត់ បន្តពិនិត្យតាមដានសុខភាពនិងការលូតលាស់របស់កូនបំបៅកូន ដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និង ផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
៣. សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
៤. សូមយុវតី/ស្ត្រីក្នុងវ័យបន្តពូជដែលមានអាយុពី ១៥ ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះ យោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យ ជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងសុខាភិបាល។ សូមបន្ត ចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ និងសូមនាំកុមារីអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺ មហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនានាដែលជាមូលហេតុន មរណភាព និងពិការភាព។
៥. សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប និងអ្នកផ្តល់សេវាទាំងអស់ ដែលមាន ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយអាទិភាព នានារបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមគោលដៅ កំណត់របស់រាជរដ្ឋាភិបាល។
៦. សូមអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ជំរុញ និងបញ្ជូនស្ត្រីក្នុងវ័យបន្តពូជ (អាយុ១៥ ទៅ៤៩ឆ្នាំ) ស្ត្រីមានផ្ទៃពោះ និងស្រ្តីមានកូនអាយុក្រោម២ឆ្នាំ មកទទួលសេវាថែទាំសុខភាពនៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឱ្យបានគ្រប់ៗគ្នា។
៧. សូមមន្ត្រី-បុគ្គលិក តាមសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សហការជិតស្និទ្ធ ជាមួយ មន្ត្រី-បុគ្គលិកសុខាភិបាល ក្នុងការចូលរួមផ្សព្វផ្សាយ អប់រំសុខភាពដល់គ្រប់ស្ត្រីគោលដៅ ទាំងអស់ និងជួយជំរុញបញ្ជូនស្រ្តីមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។
៨. សូមសា្ថប័នជាតិ អន្តរជាតិ ពាក់ព័ន្ធទាំងអស់ បន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ ពិសេសជួយឧបត្ថម្ភ គាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី/បុគ្គលិក សុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ៕