ប្រទះឃើញសាកសពផ្សោតសមុទ្រមួយក្បាលនៅសហគមន៍នេសាទព្រែកត្នោត
យោងតាមសហគមន៍នេសាទព្រែកត្នោត បានឱ្យដឹងនៅថា ប្រជានេសាទបានប្រទះឃើញសាកសពផ្សោតសមុទ្រមួយក្បាលនៅសហគមន៍នេសាទព្រែកត្នោត នាថ្ងៃទី៨ ខែឧសភា ដោយពុំដឹងពីមូលហេតុនៃការបាត់បង់ជីវិតនេះ។
យោងតាមសារព័ត៌មានថ្មីៗ បានឱ្យដឹងតាមរយៈអ្នកស្រី យ៉ែម សុភា អនុប្រធានទី១ និងជាគណៈកម្មការសហគមន៍នេសាទព្រែកត្នោត ថា ផ្សោតឈ្មោល១ក្បាលនេះ មានប្រវែង២ម៉ែត្រ បានងាប់ប្រហែល៣សប្ដាហ៍មកហើយ តែទើបត្រូវបានគេប្រទះឃើញ នៅថ្ងៃទី៨ ឧសភា ដែលស្ថិតក្នុងរូបភាពស្អុយរលួយ គេមិនទាន់អាចសន្និដ្ឋានថា វាងាប់ដោយសារអ្វីនោះទេ។
អ្នកស្រីប្រាប់ដូច្នេះថា៖ «ផ្សោតដែលងាប់នៅសហគមន៍ព្រែកត្នោត យើងអត់ដឹងថាមូលហេតុអ្វីបានវាងាប់នោះទេ ប៉ុន្តែនៅពេលពួកខ្ញុំចុះទៅមើល សង្កេតឃើញថា វាងាប់ប្រហែល ៣សប្ដាហ៍មកហើយ»។
ប្រភពដដែលថា តំបន់សមុទ្រក្នុងភូមិសាស្រ្តខេត្តកំពត មានផ្សោតឃ្លាចពណ៌ផ្កាឈូក ប្រមាណ៤០ ទៅ៤៦ក្បាល។ ចំណែកប្រភេទផ្សោតក្បាលត្រឡោក មានប្រមាណ៣០ ទៅ៤០ក្បាល។ នេះបើតាមទិន្ន័យរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត៕