ប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គ (CLMTV) ប្រជុំអនុម័តស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសនករ
នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារលើកទី៤ នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសនករក្នុងប្រទេស។
កិច្ចប្រជុំដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលដឹកនាំដោយលោកស្រី បាយខាំ ខាត់ធីយ៉ា រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ពីប្រទេសCLMTV ។
ជាលទ្ធផលអង្គប្រជុំ បានអនុម័តនូវសេចក្តីថ្លែងការណ៍រួមស្តីពី «ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសនករក្នុងប្រទេស» ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសជាសមាជិកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្មគោលនយោបាយក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងទេសន្តរប្រវេសន៍ការងារ ជាពិសេសការធ្វើចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសនករតាមរយៈការចរចានិងបង្កើតកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគីនិងយន្តការផ្សេងទៀត។
បន្ថែមពីនេះ អង្គប្រជុំ បានឯកភាពជូនប្រទេសថៃធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ CLMTV សម្រាប់ឆ្នាំ២០២៥៕