ការចរចាព្រំដែនគឺជាការទទួលខុសត្រូវដ៏ធំធេងរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវដ៏ធំធេងរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន ដែលទាមទារឱ្យមានមូលដ្ឋានឯកសារ ផ្លូវច្បាប់ និងបច្ចេកទេសច្បាស់លាស់ ព្រមទាំងភាពហ្មត់ចត់ និងការអត់ធ្មត់ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
តាមរយៈសារនៅលើបណ្តាញសង្គមនាថ្ងៃទី១៦ ខែតុលា នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការចរចាព្រំដែនមិនត្រូវធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬពឹងផ្អែកលើប្រភពដែលមិនគួរឱ្យទុកចិត្ត ដូចជារាយការណ៍តាមកញ្ចក់ទូរទស្សន៍ បណ្តាញសង្គម ពាក្យចចាមអារ៉ាម ឬការអះអាងពីវិចារណញាណពិសេសនោះឡើយ។
លោកបានលើកឡើងថា ការជ្រើសរើសវិធីសាស្ត្រដោះស្រាយវិវាទត្រូវតែផ្អែកលើកាលៈទេសៈ និងស្ថានការណ៍ជាក់ស្តែង មិនថាតាមរយៈយន្តការទ្វេភាគី ឬយន្តការអន្តរជាតិនោះទេ។
ចំពោះព្រំដែនគោក កម្ពុជាកំពុងបន្តជំរុញយន្តការទ្វេភាគីតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដើម្បីស្វែងរកដំណោះស្រាយ។ ចំពោះព្រំដែនសមុទ្រ កម្ពុជាកំពុងប្រើប្រាស់យន្តការអន្តរជាតិ តាមរយៈការសម្រុះសម្រួលជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។
សម្តេចធិបតីក៏បានជូនពរផងដែរដល់គណៈប្រតិភូ និងក្រុមការងារផ្នែកច្បាប់របស់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់កម្ពុជា សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំលើកទីពីរនៃគណៈកម្មការសម្រុះសម្រួល UNCLOS រវាងកម្ពុជា និងថៃ។
កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់៕
