ប្រតិបត្តិការសំបុកពីងពាង អ្វីដែលគេដឹងអំពីការវាយប្រហារដ៏អស្ចារ្យនៃដ្រូនរបស់​អ៊ុយក្រែននៅប្រទេសរុស្ស៊ី

ជាច្រើនខែនៃការរៀបចំ ដ្រូនសម្ងាត់អ៊ុយក្រែនដែលត្រូវបានលាក់បាំង​នៅប្រទេសរុស្ស៊ី បាន​ចេញធ្វើប្រតិបត្តិការ​ ដែល​មានកូដសម្ងាត់ប្រតិបត្តិការថា សំបុកពីងពាង។ កាលពីថ្ងៃ​អាទិត្យ សេវាកម្មសន្តិសុខអ៊ុយក្រែនបានដឹកនាំការប្រតិបត្តិការវាយប្រហារ ​ដែលមិនធ្លាប់មានពីមុន ប្រឆាំងនឹង​កងទ័ពអាកាសរុស្ស៊ី និងការវាយប្រហារ​ចម្ងាយរាប់ពាន់គីឡូម៉ែត្រពីព្រំដែន គឺ​ធ្វើ​មុន​មួយថ្ងៃនៃកិច្ចសន្ទនាដែលរៀបចំឡើង​រវាង​​រុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ូល។

ប្រភពមួយនៅក្នុងសេវាកម្មសន្តិសុខអ៊ុយក្រែន (SBU) បានអះអាងថា ការវាយប្រហារ​បាន​ប៉ះពាល់​ដល់ យន្តហោះ ៤១គ្រឿង ដែលប្រើប្រាស់ដើម្បី​ទម្លាក់គ្រាប់បែក​លើ​ទីក្រុងអ៊ុយក្រែន ហើយរាប់ឃើញថា មានដូចជា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-95 និង Tu-22 ​រ៉ាដា​ចាប់​សញ្ញា និងបញ្ជាការ A-50។

ក្រសួងការពារជាតិរុស្ស៊ីគ្រាន់តែបានបញ្ជាក់ថា សម្ភារៈទ័ពអាកាសជាច្រើនបានឆេះបន្ទាប់​ពី​មាន​ការវាយប្រហារដោយដ្រូនទៅលើព្រលានយន្តហោះនៅតំបន់ មួម៉ានស្ក៍ និងអៀគូដស្គ៍ ដែល​ព្រលានយន្តហោះទាំងនេះស្ថិតនៅតំបន់អាកទិករុស្ស៊ី និងតំបន់ស៊ីបេរីខាងបូព៌ា។

ចំណែកសេវាកម្មសន្តិសុខអ៊ុយក្រែន បានអះអាងថា បានបំផ្លាញ ៣៤% នៃយន្តហោះទម្លាក់​គ្រាប់បែកយុទ្ធសាស្រ្តរុស្ស៊ីដែលមានបំពាក់មីស៊ីលបណ្តែតផងដែរ និងធ្វើឲ្យខូចខាត​គិតជាទឹក​ប្រាក់​​សរុបឡើងដល់ ៧ពាន់លានដុល្លារ។

យោងតាមប្រភពរបស់អ៊ុយក្រែន បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានរៀបចំឡើង​រយៈ​ពេល​ជាង ១ឆ្នាំ កន្លះ ក្រោមការត្រួតពិនិត្យរបស់​ប្រធានាធិបតី​វ៉ូឡូឌីមៀ ហ្សេឡេនស្គី។ ប្រតិបត្តិ​ការទាមទារនូវ​ការដឹកនាំជញ្ជូនដ៏ពិសេស និង​ស្មុគស្មាញ។

អ៊ុយក្រែនបានបង្ហោះដ្រូនជាទៀងទាត់ចេញពីទឹកដីរបស់ខ្លួនដើម្បី​វាយប្រហារគោលដៅ​នានា​នៅក្នុងប្រទេសរុស្ស៊ីជាការឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី​តាំងពីឆ្នាំ២០២២។ របៀបនៃប្រតិបត្តិការដែលប្រើប្រាស់លើកនេះ គឺខុសពីមុនទាំងស្រុង។ ប្រភពសន្តិសុខ​អ៊ុយក្រែន​​បានរៀបរាប់ថា ដ្រូនត្រូវបានលាក់បាំងយ៉ាងសម្ងាត់​នៅក្នុងប្រទេសរុស្ស៊ី និងលាក់​នៅ​ក្នុងសំណង់ឈើដែលដាក់នៅលើរថយន្តកាំមីញ៉ុង។ បន្ទាប់មកដំបូលរបស់វាក៏បានបើក និង​អនុញ្ញាតឲ្យដ្រូនជាច្រើន ហោះសំដៅវាយប្រហារ​លើ​គោលដៅ។ រូបភាពនានាដែល​ចែក​រំលែក​ដោយសេវាកម្មសន្តិសុខ​អ៊ុយក្រែន (SBU)​ បាន​បង្ហាញ​ដ្រូនតូចៗ ជាច្រើនដែលលាក់​នៅពីក្រោមដំបូលក្លែងមួយដែលស្ថិតនៅក្នុងកុងតឺន័រ​ដឹក​ជញ្ជូន។

ក្រសួងការពារ​ជាតិ​រុស្ស៊ី បានបញ្ជាក់ថា ដ្រូនទាំងនេះមិនបានបាញ់ចេញពីដែនដីអ៊ុយក្រែនទេ ប៉ុន្តែគឺចេញពី​ទីតាំង​នៅជិតព្រលានយន្តហោះតែម្តង។

បើយោងតាមលោកហ្សេឡេនស្គី ចារបុរសអ៊ុយក្រែនរាយពាសពេញនៅក្នុងតំបន់នានាលើទឹក​ដី​រុស្ស៊ី។ លោកបានបញ្ជាក់ថា ទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនដែល​ពួកគេ​ធ្វើការ​គឺ​នៅ​ក្បែរ​ការិយាល័យសេវាកម្មសន្តិសុខរុស្ស៊ី (FSB)។

កាលពីថ្ងៃអាទិត្យ ទីក្រុងមូស្គូ បានឃាត់ខ្លួនជនសង្ស័យជាច្រើន ទោះបីជាលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា ជនពាក់ព័ន្ធប្រតិបត្តិការ ស្ថិតនៅកន្លែងមានសុវត្ថិភាព និង​បាន​ចាកចេញ​​ពីរុស្ស៊ីមុនមួយថ្ងៃនៃប្រតិបត្តិការ។

ព្រលានយន្តហោះពីរ ដែលអ៊ុយក្រែននិយាយថា បានវាយប្រហារ គឺអូឡេនីញ៉ា និង​បេឡៃអ៊ីយ៉ា ស្ថិតនៅចម្ងាយប្រមាណ ១៩០០គម និង ៤៣០០គម ពីទឹកដីអ៊ុយក្រែន។ ព្រលានយ​ន្តហោះដំបូងស្ថិតនៅក្នុងតំបន់អាកទិករុស្ស៊ី និងព្រលានយន្តហោះបន្ទាប់ស្ថិត​នៅ​តំបន់​ស៊ីបេរីបូព៌ាលើទឹកដីរុស្ស៊ី។

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយអំពីភាពត្រឹមត្រូវថា សកម្មភាពទាំងនេះគួរតែ​ត្រូវ​ជម្រុញ​ឲ្យរុស្ស៊ីមានអារម្មណ៍អំពីភាពចាំបាច់ក្នុងការបញ្ឈប់​សង្រ្គាម។

 

Daily Program

Livesteam thumbnail