ប៉េណាំងទទួលស្គាល់ពិធីបុណ្យសន្តីអាណេជាសម្បត្តិបេតិកភណ្ឌអរូបីរបស់រដ្ឋ
ពិធីបុណ្យប្រចាំឆ្នាំរបស់ សន្តីអាណេ ( St Anne) នៅ ព្រះវិហារបាស៊ីលីកាខ្នាតតូចនៃសន្តីអាណេ (Minor Basilica of St Anne) ក្នុងទីក្រុង ប៊ូគីត មេតាជេម (Bukit Mertajam ) ភាគពាយ័ព្យនៃប្រទេសម៉ាឡេស៊ី ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាសម្បត្តិបេតិកភណ្ឌអរូបីប្រចាំរដ្ឋ ប៉េណាំង (Penang) ដែលជារដ្ឋមួយនៅក្នុងប្រទេសម៉ាឡេស៊ី។
ការទទួលស្គាល់នេះត្រូវបានគេដឹងថា បានកើតមានឡើងកាលពីខែឧសភាថ្មីៗនេះ ហើយពិធីផ្លូវការត្រូវបានធ្វើដោយមានការចូលរួមដោយលោក ចូវ កុន យេវ (Chow Kon Yeow)អភិបាលរដ្ឋប៉េណាំងផងដែរ។
ការទទួលស្គាល់នេះបានធ្វើឲ្យគ្រីស្តបរិស័ទកាន់តែរីករាយនិងធ្វើឲ្យពិធី បុណ្យ សន្តីអាណេកាន់តែឧឡារិក ដោយសារតែពិធីនេះបានក្លាយមរតកប្រពៃណីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវបានការពារនៅរដ្ឋប៉េណាំង និងទទួលស្គាល់តួនាទីយូរអង្វែងនៃ ជីវិតសាសនា និងវប្បធម៌របស់រដ្ឋ។
ជាទូទៅពិធីបុណ្យសន្តីអាណេ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែកក្កដា នៅព្រះវិហារបាស៊ីលីកាខ្នាតតូច។ ពិធីបុណ្យនេះត្រូវបានចាត់ទុកថាជាការជួបជុំនៃគ្រីស្តបរិស័ទកាតូលិកដ៏ធំបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី ហើយក៏អាចចាត់ទុកថាជាពិធីបុណ្យ គ្រីស្តសាសនាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។
ជារៀងរាល់ឆ្នាំ អ្នកធម្មយាត្រា និងអ្នកទេសចររាប់ម៉ឺននាក់បានមកជួបជុំគ្នានៅ ទីក្រុងប៊ូគិត មេតាជេម ដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងរីករាយអំណរសប្បាយនៃពិធីបុណ្យប្រចាំឆ្នាំនេះ។ អ្នកធ្វើធម្មយាត្រាធ្វើដំណើរមកពីទូទាំងប្រទេសម៉ាឡេស៊ី ក៏ដូចជាមកពីប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសដទៃទៀតនៅក្នុងតំបន់។
ពិធីបុណ្យនេះត្រូវបានរៀបចំ ជាច្រើនភាសា ដោយមានក្បួនដង្ហែភ្លើងទៀន ការអធិស្ឋានសុំពរជ័យ និងសកម្មភាពសាសនាដែលផ្តោតលើ សន្តីអាណេ ដែលជាមាតារបស់ព្រះនាងម៉ារី។
ក្រោមច្បាប់បេតិកភណ្ឌរដ្ឋ ប៉េណាំងឆ្នាំ ២០១១ ការទទួលស្គាល់បេតិកភណ្ឌបែបនេះអាចត្រូវបានផ្តល់ឱ្យមិនត្រឹមតែអគារ និងទីតាំងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបញ្ចេញមតិវប្បធម៌ ប្រពៃណី និងការអនុវត្តដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់ចំពោះអត្តសញ្ញាណ និងការអភិវឌ្ឍប្រវត្តិសាស្ត្ររបស់រដ្ឋផងដែរ។
លោកអភិបាលឧបត្ថម្ភក: ឡាយ្សារ៉ឹស អានថូនី (Lazarus Anthony )បានសម្តែងការដឹងគុណចំពោះរដ្ឋាភិបាលរដ្ឋ ប៉េណាំង ដែលបានទទួលស្គាល់ពិធីបុណ្យសន្តីអាណេ ជាទ្រព្យសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់រដ្ឋ។
លោកបានមានប្រសាសន៍ថា ពិធីបុណ្យនេះគឺ ជាប្រពៃណីរស់រវើកដែលត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយបន្តជម្រុញការលះបង់ លើកកម្ពស់សាមគ្គីភាព និងពង្រឹងអត្តសញ្ញាណវប្បធម៌របស់ ប៉េណាំង។
ព្រះវិហារបាស៊ីលីកាខ្នាតតូចនៃសន្តីអាណេ ត្រូវបានកសាងតាំងពី សតវត្សរ៍ទី១៩ នៅពេលដែលជនអន្តោប្រវេសន៍កាតូលិកចិន និងឥណ្ឌាដែលរត់គេចពីការផ្ទុះឡើងនៃជំងឺនៅ តំបន់ បាទូ កាវ៉ាន់ ( Batu Kawan) ហើយកន្លែងសាងសង់នោះ ត្រូវបានគេជឿថាបានតាំងទីលំនៅដំបូងនៅក្នុងទីក្រុងនេះ។
វិហារតូចនេះត្រូវបានសាងសង់ដំបូងនៅលើកំពូលភ្នំមុនពេលវិហារទីពីរធំជាងត្រូវបានសាងសង់នៅឆ្នាំ១៨៦៥៕