ប៉ាពួញូហ្គីនី កំពុងរងគ្រោះរអិលបាក់ដីដ៏ធំ
មនុស្សជាង១០០ នាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅក្នុងគ្រោះនៃការរអិលបាក់ដីដែលបានកប់ភូមិដាច់ស្រយាលមួយក្នុងប្រទេស ប៉ាពួញូហ្គីនីដែលជាប្រជាជាតិមួយក្នុងចំណោមប្រជាជាតិដែលសម្តេចប៉ាប គ្រោងនឹងធ្វើទស្សនកិច្ចនៅខែកញ្ញា។
វ៉ាទីកង់ញូវបានរាយការណ៍ថា មកដល់ពេលនេះក្រុមស្វែងរកសង្គ្រោះបន្ទាន់ និងជួយសង្គ្រោះកំពុងនៅក្នុងតំបន់ដែលរងគ្រោះដែល ត្រូវបានកប់ដោយការរអិលបាក់ដីកាលពីព្រឹកថ្ងៃសុក្រ។
អាជ្ញាធរបាននិយាយថា មានការភ័យខ្លាចថាមនុស្សជាង ១០០ នាក់បានស្លាប់ ប៉ុន្តែអ្នកភូមិបាននិយាយថា ចំនួនមនុស្សដែលត្រូវបានសម្លាប់ដោយគ្រោះធម្មជាតិនេះអាចមានច្រើនជាងនេះ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ផ្ទះជាង ៥០ ខ្នង ដែលភាគច្រើនមានអ្នកដេកនៅខាងក្នុង ត្រូវបានជន់លិចដោយភក់ និងថ្ម ហើយកប់នៅពេលដែលភ្នំមួយចំហៀងបានបាក់ចុះមក បង្កឱ្យមានការបាក់ដីដ៏ធំនៅម៉ោងបីទៀបភ្លឺ។
គ្រោះធម្មជាតិនេះកើតនៅភូមិ កាវកាឡាម ( Kaokalam ) ក្នុងខេត្ត អេនហ្គា ( Enga )មានចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី ព័រ មូរ៉េសប៊ី (Port Moresby) នៃប្រទេសដែនកោះនៅប៉ាស៊ីហ្វិកខាងត្បូងនេះ។
លោក ជេម ម៉ារ៉ាប៉េ (James Marape ) នាយករដ្ឋមន្រ្តីនៃប្រទេសនេះបាននិយាយថា អាជ្ញាធរកំពុងឆ្លើយតប ហើយថាលោកនឹងបញ្ចេញព័ត៌មានអំពីការបំផ្លិចបំផ្លាញ និងការបាត់បង់អាយុជីវិត នៅពេលដែលមាន។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយនេះ៕