បេសកជនសម្តេចប៉ាប៖ ពលរដ្ឋរងគ្រោះនិយាយពីនរកនៅហ្គាហ្សា
បន្ទាប់ពីត្រូវបានសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបញ្ជូនទៅកាន់ដែនដីពិសិដ្ឋ កាលពីចុងសប្តាហ៍កន្លងទៅ លោក កាឌីណាល់ ខុនរ៉ាដ ក្រាជូវស្គី ( Konrad Krajewski ) បានឲ្យដឹងថា ពលរដ្ឋនៅទីនោះបានប្រាប់លោកអំពីនរកនៅហ្គាហ្សា ។
លោកកាឌីណាល់ បានប្រាប់វ៉ាទីកង់ញូវថា នៅថ្ងៃដំបូងដែលលោកបានបោះជំហានចូលដល់ ដែនដីពិសិដ្ឋភ្លាម លោកបានអធិដ្ឋាននៅទីក្រុងបេក្លេហេម ជាមួយនឹងយុវជននិងយុវនារី កុមារាកុមារីជាច្រើននាក់ ។
នៅទីនោះមានយុវតីម្នាក់បានប្រាប់លោកថា នាងបានបាត់បង់សមាជិកគ្រួសារដល់ទៅ១២ នាក់ ដោយសារតែសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស ។
លោកបានលើកឡើងថា ព័ត៌មានដែលបានទទួល គឺត្រូវអោយលោករកបេះដូងដ៏ធំមួយ ដើម្បីផ្ទុកនូវសម្រែកនិងការឈឺចាប់របស់ពលរដ្ឋនៅទីនោះ ហើយបេះដូងនោះក៏ត្រូវតែមានថត ដើម្បីបំពេញនូវក្តីសង្ឃឹម នៅពេលដែលពលរដ្ឋនៅទីនោះកំពុងតែបាត់បង់សឹងតែគ្រប់យ៉ាង តាំងពីលំនៅស្ថាន ទ្រព្យសម្បត្តិ ជីវិត និងសាច់ញាតិ។
លោកកាឌីណាល់បានលើកឡើងថា នៅក្នុងថ្ងៃដំបូងក្រោយពេលដែលទៅដល់ហ្គាហ្សានៅម៉ោង២ គឺលោកបានជួបកុមារាកុមារី និងទារកនៅមណ្ឌលកុមារកំពា្របីកន្លែង ដែលទីនោះ គឺមានសូម្បីតែទារក និងទារិកាដែលទើបកើតហើយត្រូវក្រុមគ្រួសារស្លាប់អស់ទុកពួកគេចោលនៅលើផ្លូវ ក្រោយពេលដែលក្រុមបងស្រីបានដើរប្រមូលពូកគេមកមណ្ឌលសង្រ្គោះ ទាំងនោះ។
លោកកាឌីណាល់បានចំណាយពេលធ្វើដំណើរនៅតាមកន្លែងដែលព្រះយេស៊ូប្រសូត្រ និងបានសង្កេតមើលគ្រប់ទិដ្ឋភាពនៅតាមផ្លូវ សហគមន៍ និងកន្លែងនានា ដែលសុទ្ធតែរងគ្រោះ៕