បេសកជនឌីជីថលនៃព្រះសហគមន៍អាស៊ីត្រូវបានអំពាវនាវឱ្យនាំយកដំណឹងល្អនៃឌីជីថលទៅតំបន់ដាច់ស្រយាល
អ្នកផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថលរបស់ព្រះសហគមន៍កាតូលិកមកពីជុំវិញទ្វីបអាស៊ី ត្រូវបានតែងតាំងជាបេសកជនឌីជីថលនៅក្នុងពិធីថ្វាយអភិបូជាមួយកាលពីថ្ងៃទី ១៣ ខែកញ្ញា ដែលជាការបញ្ចប់នៃសន្និបាតលើកដំបូងរបស់បេសកជនឌីជីថលកាតូលិកអាស៊ី។
នៅក្នុងសន្និបាតនេះ បេសកជនម្នាក់ៗបានអំពាវនាវឱ្យប្រែក្លាយពិភពឌីជីថលទៅជាកន្លែងនៃការស្តាប់ ការជួបជុំគ្នា ការផ្សះផ្សា និងការរួបរួមគ្នាក្រោមការបង្ហាញផ្លូវរបស់ព្រះជាម្ចាស់។
លោកកាឌីណាល់ ប៉ាប្លូ វៀជីលីអូ អាំបូ ដេវីដ (Pablo Virgilio “Ambo” David) ដែលក៏ជាអភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគ កាឡូកាន (Kalookan) និងជាអនុប្រធានសហព័ន្ធបណ្ដុំព្រះសហគមន៍កាតូលិកអាស៊ី បានដឹកនាំពិធីអភិបូជានេះ។
នៅក្នុងធម្មទេសនានោះ លោកបានឆ្លុះបញ្ចាំងអំពីការអត់ឱនទោសតាមបែបគ្រីស្ដសាសនា និងអត្ថន័យនៃភាពជាបងប្អូនដែលកើតចេញពីពិធីជ្រមុជទឹក ដោយសង្កត់ធ្ងន់ថា មនុស្សដែលមានគំនិតខុសគ្នា ឬអ្នកដែលធ្វើឱ្យគ្នាទៅវិញទៅមកខកចិត្ត ឬឈឺចាប់ នៅតែជាបងប្អូននឹងគ្នា បើគិតតាមគោលការណ៍របស់ព្រះគ្រីស្ដ។ លោកបានមានប្រសាសន៍ថា ពិធីជ្រមុជទឹកបានបង្កើតគ្រួសារដ៏ធំមួយដែលឆ្លងផុតព្រំដែនជាតិសាសន៍ វប្បធម៌ និងប្រទេសជាតិ ដែលជាការពិតដ៏សំខាន់ជាពិសេសសម្រាប់ព្រះសហគមន៍កាតូលិកដែលមានភាពចម្រុះដូចជានៅអាស៊ី។
លោកកាឌីណាល់បានភ្ជាប់សារនេះដោយផ្ទាល់ទៅនឹងបេសកកម្មរបស់ពួកគេ ហើយបានមានប្រសាសន៍ថា៖«ចូរទៅទីនោះក្នុងនាមជាអ្នកផ្សព្វផ្សាយដំណឹងល្អ!»
ដោយជំរុញឱ្យពួកគេចេះស្តាប់មុននឹងប្រតិកម្មតប និងយកចិត្តទុកដាក់ជាពិសេសចំពោះសំឡេងដែលគេតែងតែមើលរំលង រួមទាំងជនក្រីក្រ អ្នកដែលមានរបួសផ្លូវចិត្ត អ្នកឯកោ អ្នកដែលមានកំហឹង និងយុវជន ក៏ដូចជាអ្នកដែលបានបោះបង់ចោលព្រះសហគមន៍កាតូលិកផងដែរ។
លោកបានលើកឡើងថា បេសកកម្មតាមប្រព័ន្ធឌីជីថលគួរតែជួយមនុស្សឱ្យឈានហួសពីការគ្រាន់តែភ្ជាប់ទំនាក់ទំនងគ្នា ទៅរកការរួបរួមគ្នាពិតប្រាកដទាំងផ្នែកមនុស្សធម៌ និងខាងវិញ្ញាណ៕
