បុរីវ៉ាទីកង់ចូលរួមមរណទុក្ខសកម្មជនប្រឆាំងនៅរុស្ស៊ី

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានសំដែងការភ្ញាក់ផ្អើលចំពោះដំណឹងមរណភាពរបស់លោក អាឡិចស៊ី ណាវ៉ាល់នី (Alexei Navalny) ដែលជាសកម្មជនប្រឆាំងដ៏លេចធ្លោរនៅរុស្ស៊ី។​

លោកកាឌីណាល់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណឹងនៃការស្លាប់របស់លោក អាឡិចស៊ី ណាវ៉ាល់នី ដែលជាអ្នកប្រឆាំងរុស្ស៊ី និងជាគូប្រជែងដ៏សំខាន់មួយរបស់ប្រ​ធានាធិបតី វ្លាឌីមៀ ពូទីន គឺ «គួរឱ្យភ្ញាក់ផ្អើល» និង«ធ្វើឱ្យយើងពោរពេញដោយសេចក្តីសោកស្តាយ»។

លោក អាឡិចស៊ី ណាវ៉ាល់នី បានទទួលមរណភាពនៅថ្ងៃទី១៦ ខែកុម្ភៈ ក្នុងអាយុ ៤៧ ឆ្នាំនៅក្នុងកន្លែងឃុំឃាំងមួយនៅតំបន់អាកទិក ជាកន្លែងដែលលោកត្រូវបានគេឃុំឃាំងតាំងពីឆ្នាំ ២០២១ ក្រោយពេលលោកត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៩ ឆ្នាំ។

លោកកាឌីណាល់បានលើកឡើងថា ៖ «ខ្ញុំបានឃើញដំណឹងមរណភាពនេះនៅលើសារព័​ត៌មាន តើខ្ញុំអាចនិយាយអ្វីបាន? ខ្ញុំសោកស្ដាយណាស់ ខ្ញុំគិតថាបញ្ហាអាចត្រូវបានដោះស្រាយខុសគ្នា»។

នៅពេលត្រូវបានសួរថាតើព្រឹត្តិការណ៍នេះផ្លាស់ប្តូរជំហររបស់សន្តអសនៈ ចំពោះប្រទេសរុស្ស៊ីឬយ៉ាងណានោះ លោកកាឌីណាល់ បានឆ្លើយតបថា «វាលឿនណាស់ក្នុងការនិយាយរឿងបែបនេះ ... យើងទើបតែបានជ្រាបពីព័ត៌មាននេះប៉ុណ្ណោះ»៕

Daily Program

Livesteam thumbnail