បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី
នាថ្ងៃទី១៤ ខែឧសភានេះ លោកអភិបាលនៃព្រហសហគមន៍ទាំងបីភូមិភាគក្នុងប្រទេសកម្ពុជា បានធ្វើជាអធិបតី ក្នុងពិធីបុណ្យបិទខួប១៦០ឆ្នាំនៃការបង្កើតព្រះសហគមន៍អ្នកលឿងដែលស្ថិតនៅក្នុងភូមិ៦ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។
ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា អស់រយៈកាលពេញមួយឆ្នាំដែលគ្រីស្តបរិស័ទនៅទីនេះ បានខិតខំអធិដ្ឋាន រិះគិតពិចារណាអំពីជំនឿ និងនឹកឃើញអំពីតួនាទីជាគ្រីស្តបរិស័ទ។
លោកអភិបាលបានបន្ថែមថា យើងមិនត្រឹមតែនឹកឃើញអំពីជីវិតគ្រីស្តបរិស័ទពីដើម តែយើងត្រូវនឹកឃើញអំពីជីវិតរបស់យើងជាគ្រីស្តបរិស័ទនាពេលបច្ចុប្បន្ននេះ ហើយត្រូវសម្រេចចិត្តបន្តថែរក្សាជំនឿ និងសេចក្តីសង្ឃឹម ជាពិសេសបន្តសម្ដែងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។
លោកថា ពិធីបិទខួប១៦០ឆ្នាំរបស់ព្រះសហគមន៍នេះ មិនមែនបិទគ្រប់យ៉ាង តែគឺ«ត្រូវបើកចិត្ដគំនិតរបស់យើងឆ្ពោះទៅព្រះជាម្ចាស់ ឲ្យយើងស្រឡាញ់ព្រះជាម្ចាស់ថែមទៀត។»
លោកបន្ថែមថា បើកចិត្តគំនិតរបស់យើងចំពោះបងប្អូនឯទតៗជាគ្រីស្តបរិស័ទ ឲ្យព្រះសហគមន៍របស់យើងក្លាយជាមហាគ្រួសាររបស់ព្រះជាម្ចាស់ពិតមែន។ ឲ្យយើងចេះបង្កើតព្រះសហគមន៍មួយដែលចេះស្រឡាញ់គ្នាទៅវិញមក អស់ពីកម្លាំងកាយកម្លាំងចិត្ត និងអស់ពីជំនឿ។
ម្យ៉ាងទៀត យើងបើកចិត្តគំនិតរបស់យើងទំលំទូលាយចំពោះសង្គម និងចំពោះបងប្អូនឯទៀតៗ ដែលយើងមាននៅក្នុងតំបន់អ្នកលឿងនេះ ដើម្បីឲ្យជីវិតនិងសេចក្តីស្រឡាញ់ដែលយើងបានទទួលពីព្រះជាម្ចាស់ បានទៅដល់បងប្អូនឯទៀតៗដែលមិនទាន់ស្គាល់អំណរសប្បាយដ៏ពេញលក្ខណៈដែលយើងបានទទួលពីព្រះយេស៊ូគ្រីស្តជាអម្ចាស់។ លោកអភិបាលបញ្ជាក់។
លោកអភិបាលបានរំលឹកថា ធម្មវិន័យដែលសំខាន់ជាងគេ គឺព្រះជាម្ចាស់ស្រលាញ់យើង ដែលណែនាំឲ្យជីវិតរបស់យើងនៅជាប់ជាមួយនឹងព្រះជាម្ចាស់ជានិច្ចដើម្បីបង្កើតផល។
លោកអភិបាលអូលីវីយ៉េ បន្តថា ព្រះសហគមន៍អ្នកលឿងនេះ ជាព្រះសហគមន៍ដែលបានទទួលសក្ខីកម្មពីមរណសាក្សី មានលោកបូជាចារ្យ សិលា ឡេ ធឿង ឌុង និងបងប្រុសដាមីយ៉ាំង ដាំង ង៉ុក អាំង ជាគំរូដ៏អស្ចារ្យសម្រាប់យើងជាគ្រីស្តបរិស័ទសព្វថ្ងៃ។
លោកបូជាចារ្យឌុង កើតនៅក្នុងតំបន់អ្នកលឿងក្នុងឆ្នាំ១៩៤០ ហើយបានបួសរៀនជាបូជាចារ្យកាតូលិក និងបានមកបម្រើការងារនៅក្នុងព្រះសហគមន៍ក្តុលលើ។ អំឡុងពេលកម្ពុជាជួបវិបត្តិសង្គ្រាមស៊ីវិលក្នុងប្រទេស ក្នុងឆ្នាំ១៩៧២ លោកបានបាត់ដំណឹង ដោយគ្រីស្តបរិស័ទយល់ថា លោកត្រូវបានគេសម្លាប់ដូចលោកបូជាចារ្យផ្សេងៗទៀត។ រីឯលោកដាមីយ៉ាំង ដាំង ង៉ុក អាំង កើតនៅភូមិបាណាម ក្នុងឆ្នាំ១៩១២។ លោកជាបព្វជិតក្រុមបងប្រុសគ្រួសារដ៏វិសុទ្ធ។ លោកបម្រើការងារនៅកំពង់គោ មាត់ក្រសាស់ តាអំ ចំណោម និងកំពង់ចាមជាដើម។ គាត់យកចិត្តទុកដាក់ចំពោះអ្នកដទៃ ជាពិសេសយុវជននិងកុមារ ហើយបានបកប្រែចម្រៀងពីឡាតាំងមកខ្មែរជាច្រើនដែរ។
លោកអភិបាលបានបន្ថែមថា សុំឲ្យយើងមើលឃើញគំរូ នៅក្នុងជំនឿរបស់យើងគឺភ្ជាប់ជាមួយនឹងព្រះជាម្ចាស់នៅក្នុងព្រះហឫទ័យរបស់ព្រះអង្គជានិច្ច។ ពួកគាត់បានស្រឡាញ់និងដាក់ខ្លួនដើម្បីបម្រើបងប្អូននៅក្នុងនាមព្រះជាម្ចាស់ ហើយចូលយ៉ាងជ្រៅទៅក្នុងជីវិតរបស់បងប្អូននៅក្នុងប្រទេសកម្ពុជា។
លោកអភិបាលបន្តថា បងប្រុសដាមីយ៉ាំង ទោះបីជាទៅតាំងគោកគាត់បានរស់នៅជាមួយនឹងបងប្អូនខ្មែរដើម្បី បម្រើបងប្អូននៅទីនោះ។ នេះជារបៀបមួយដែលជួយឲ្យយើងរកឃើញផ្លូវថ្មី ភក្ដីភាព ភាតរភាពរវាងវៀតណាមនិងខ្មែរ ជាគំរូយ៉ាងពិសេសមួយ។
លោកអភិបាលបានឲ្យគ្រីស្តបរិស័ទរិះគិត រកវិធីដើម្បីឲ្យយើងក្លាយទៅជាបងប្អូនដ៏ពិតប្រាកដក្នុងអង្គគ្រីស្តនៅក្នុងសង្គមដែលយើងរស់នៅបច្ចុប្បន្នដែលកំពុងស្វាគមន៍យើង និងដើម្បីរស់នៅនៅក្នុងនាមជាបុរសស្ត្រីដែលព្រះជាម្ចាស់បានបង្កើត ដោយខិតខំសម្រុះសម្រួលរួមជាមួយគ្នានៅក្នុងអំណោយសប្បាយនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។
លោកអភិបាលរំឭកថា សូមកុំភ្លេចបង្កើតផលផ្លែ ដែលនោះជាគ្រាប់ពូជនៃអ្នកបួស។
លោកសង្កត់ធ្ងន់ថា តាមគំរូរបស់អ្នកបួសនិងគ្រីស្តបរិស័ទជំនាន់មុន «ឲ្យយើងមានយុវជនប្រុសៗ ដើម្បីលះបង់ខ្លួន ធ្វើតាមគំរូរបស់លោកឪពុកធឿងឌុង ឲ្យយើងមានយុវនារីជាស្ត្រី ឲ្យក្លាយទៅជាបងស្រី ក្នុងក្រុមឧបការៈគុណឬក៏ស្រឡាញ់ឈើឆ្កាង ឬបងស្រីក្រុមផ្សេងទៀត។»
លោកសូមគ្រីស្តបរិស័ទលះបង់ចោលផលប្រយោជន៍ផ្ទាល់ខ្លួន ហើយយកចិត្តទុកដាក់នឹងការត្រាស់ហៅ ដោយឪពុកម្តាយនិងយាយតា សូមលះបង់កូនឬចៅ ហើយយុវជនត្រូវហ៊ានឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយលះបង់ខ្លួនឯង។ «យើងបង្កើតផល គឺឲ្យព្រះជាម្ចាស់ប្រទានឲ្យមានបងប្រុសបងស្រីបូជាចារ្យដ៏វិសុទ្ធជាច្រើនដើម្បីបម្រើព្រះសហគមន៍របស់យើង»។
ព្រះសហគមន៍អ្នកលឿង ជាព្រះសហគមន៍ចំណាស់ជាងគេក្នុងភូមិភាគកំពង់ចាម ដែលបានបង្កើតឡើងក្នុងឆ្នាំ១៨៦៣។
នៅថ្ងៃបុណ្យនោះដែរ លោកអភិបាលអូលីវីយ៉េ ទទួលបានការអនុញ្ញាតសិទ្ធិពិសេសក្នុងនាមសម្តេចប៉ាបបានប្រទានពរដែលជាការអនុគ្រោះរបស់ក្រុមគ្រីស្ដទូតដល់គ្រីស្តបរិស័ទដែលបានចូលរួមទាំងអស់ ឬហៅថា ព្រះពរពិសេសនិងទទួលការលើកលែងទោសឲ្យរួចពីបាប។
តាមលោកបូជាចារ្យទទួលខុសត្រូវ សេរ៉ាល់ វូសាំង មានប្រសាសន៍កាលពីថ្ងៃទី២៨ ខែមេសាថា ដើម្បីទទួលបានព្រះពរនេះ ព្រះសហគមន៍បានរៀបចំឲ្យមានកម្មវិធីសម្រាប់គ្រីស្តបរិស័ទម្នាក់ៗត្រូវអនុវត្តរឿងសំខាន់ទាំង៥ដូចជា ទី១៖ មុន ឬក្រោយ ពិធីបុណ្យបិទឆ្នាំ ២០ថ្ងៃ គ្រីស្តបរិស័ទត្រូវជួបលោកបូជាចារ្យ ដើម្បីទទួលអគ្គសញ្ញាលើកលែងទោស។ ទី២៖ មុន ឬក្រោយ ពិធីបុណ្យបិទឆ្នាំ ២០ថ្ងៃជៀសវាងប្រព្រឹត្តអំពើបាប។ ទី៣៖ រួមជាមួយសម្តេចប៉ាបអធិដ្ឋានសម្រាប់ពិភពលោកទាំងមូល។ ទី៤៖ ចូលរួមសំណាក់ធម៌៩ថ្ងៃ ដើម្បីរៀបចំខ្លួនមុនពិធីបុណ្យ។ និងទី៥៖ ចូលរួមពិធីអរព្រះគុណបិទខួប១៦០និងទទួលព្រះពរយ៉ាងពិសេសនេះ។
មុនពិធីបុណ្យបិទខួបនេះ ព្រះសហគមន៍អ្នកលឿងបានរៀបចំកម្មវិធីសំណាក់ធម៌រយៈពេល៩ថ្ងៃសម្រាប់គ្រីស្តបរិស័ទក្នុងព្រះសហគមន៍ ចាប់ពីថ្ងៃទី០២ ខែឧសភា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ផងដែរ។
បច្ចុប្បន្នព្រះសហគមន៍អ្នកលឿង ដែលមានព្រះវិហារឈ្មោះថា គ្រួសារដ៏វិសុទ្ធ មានគ្រីស្តបរិស័ទចំនួន១៣០០នាក់ ភាគច្រើនជាអាជីវករ។ ព្រះសហគមន៍នេះក៏មានបង្កើតមណ្ឌលសិស្សស្នាក់នៅសម្រាប់សិស្សដើម្បីសិក្សានៅតាមសាលារដ្ឋ បង្រៀនអក្ខរកម្មភាសាខ្មែរ មានក្រុមអធិដ្ឋាន មានក្រុមចម្រៀង មានក្រុមវ៉ាំងសង់ដឺប៉ូល និងមានក្រុមពិធីបុណ្យជាដើម៕
ដោយកែវ កញ្ញា