បញ្ឈប់ការកម្រិតការប្រើប្រាស់អាវុធរបស់ទីក្រុងគៀវ ៖ វិមានក្រឹមឡាំងអធិប្បាយ ថា ជាការសម្រេចចិត្តដ៏គ្រោះថ្នាក់

កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា អធិការបតីអាឡឺម៉ង់ លោកហ្វ្រ៊ីឌ្រីច មឺហ្ស បានបញ្ជាក់ថា លែងមានការកម្រិតណាមួយសម្រាប់ការប្រើប្រាស់អាវុធដែលផ្តល់ឲ្យប្រទេសអ៊ុយក្រែនពីខាង ភាគីសម្ព័ន្ធមិត្តលោកខាងលិចដ៏សំខាន់ទៀតហើយ។

កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា លោកអធិការបតី អាឡឺម៉ង់ ហ្វ្រ៊ីឌ្រីច មឺហ្ស បានបញ្ជាក់ថា នឹង លែងមានការកម្រិត​ការប្រើប្រាស់អាវុធ​ដែលផ្តល់ឲ្យអ៊ុយក្រែនពីភាគីនៃសម្ព័ន្ធមិត្តលោកខាង លិចដ៏សំខាន់ ដែលរួមមានប្រទេសអាឡឺម៉ង សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងប្រទេស បារាំង។

នៅអំឡុងកិច្ចសម្ភាសន៍តាមទូរទស្សន៍សាធារណៈ WDR នៅទីក្រុងប៊ែរឡាំង មេដឹកនាំ​អាឡឺម៉ង់ បានថ្លែងថា ៖ “រឿងនេះមានន័យថា ពីពេលនេះទៅ អ៊ុយក្រែនអាចការពារខ្លួនបាន ជាឧទាហរណ៍ ដោយវាយប្រហារទីតាំងយោធានៅរុស្ស៊ី ដែលអ៊ុយក្រែនធ្លាប់បានធ្វើខ្លះៗ​នានា​ពេលកន្លងមក ជាមួយនឹងការរឹតត្បិតខ្លះ។ ប៉ុន្តែពេលនេះ អ៊ុយក្រែនអាចវាយប្រហារ​បានតាម​ចិត្ត។”

កាលពីថ្ងៃចន្ទនោះដែរ វិមានក្រឹមឡាំង បានវាយតម្លៃថា សេចក្តីប្រកាសដោយអធិការបតី​អាឡឺម៉ង លោកហ្វ្រ៊ីឌ្រីច មឺហ្ស គឺមានគ្រោះ​ថ្នាក់ណាស់ អំពីការបញ្ឈប់ការកម្រិតការ​ប្រើប្រាស់​អាវុធដែលផ្តល់ដល់អ៊ុយក្រែននៅផ្នែកនៃភាគីខាងសម្ព័ន្ធមិត្តលោកខាងលិច​ដ៏​សំខាន់​​របស់​ខ្លួន។

នៅក្នុងវិដឺអូមួយដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោកឌីមីទ្រី ប៉េស្កូវ អ្នកនាំ​ពាក្យ​​ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ៖ “ប្រសិនបើសេចក្តីសម្រេចចិត្តទាំងនេះពិត​ជាកើត​មាន​ឡើង​មែន។ ពួកវាជាដាច់ខាតគឺផ្ទុយនឹងសេចក្តីប្រាថ្នារបស់យើងដើម្បីចូលទៅដល់​ដំណោះស្រាយ​នយោបាយ ហើយដូច្នេះវាគឺជាសេចក្តីសម្រេចចិត្តដែលមានគ្រោះថ្នាក់​ណាស់”។

នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក៏បានសរសេរថា លោកជានិច្ចកាលមានទំនាក់ទំនងល្អណាស់ជាមួយប្រធានាធិបតីរុស្ស៊ី លោក​វ្លាឌីមៀ ពូទីន ប៉ុន្តែមានអ្វីកើតឡើងចំពោះគាត់។ គាត់ពិតជាក្លាយជាមនុស្សឆ្កួតហើយ។ ជានិច្ចកាល លោកដូណាល់ ត្រាំ និយាយថា លោកពូទីនចង់បានអ៊ុយក្រែនទាំងមូល មិនមែន​តែ​មួយផ្នែកទេ ហើយប្រហែលជារឿងវាយប្រហារនេះ គ្រាន់តែបង្ហាញថា គាត់ធ្វើមែន ប៉ុន្តែ​រឿង​នេះនឹងនាំទៅដល់ការដួលរលំរបស់រុស្ស៊ីទាំងមូលតែម្តង។

ប្រធានាធិបតីអាម៉េរិកក៏បានថ្លែងថា លោកមិនពេញចិត្តអ្វីដែលលោកពូទីនធ្វើនោះទេ។ គាត់​សម្លាប់​មនុស្សជាច្រើន។ គាត់បាញ់ប្រហារគ្រាប់រ៉ូកែតមកលើទីក្រុង និងសម្លាប់មនុស្ស ហើយ​លោកដូណាល់ ត្រាំ មិនចូលចិត្តរឿងទាំងនេះទេ។ លោកដូណាល់ ត្រាំ និយាយថា យើង​កំពុង​ស្ថិត​នៅក្នុងការពិភាក្សាពេញទំហឹង ដែលលោកសំដៅដល់កិច្ចសន្ទនាសម្រាប់ការ​ឈប់បាញ់​ដែលអាចកើតមានឡើងជាយថាហេតុរវាងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែគាត់ លោកពូទីន បែរ​ជា​បាញ់​គ្រាប់រ៉ូកែតមកលើ​ទីក្រុងគៀវ និងទីក្រុងនានា។ លោកមិនចូលចិត្តរឿងទាំងអស់នេះទេ។

ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ រដ្ឋបាលអាម៉េរិក លោកដូណាល់ ត្រាំ បានអំពាវនាវ​ជាច្រើន​ដង​សម្រាប់ការឈប់បាញ់ និងខិតជិតគ្នាទៅរកទីក្រុងមូស្គូ តែគ្មានលទ្ធផលដូចការ​ទាយ​ទុក​នោះ​ទេរហូតមកដល់ពេលនេះ។ កាលពីថ្ងៃចន្ទ មុន លោកដូណាល់ ត្រាំ បាន​ជួប​សន្ទនា​រយៈ​ពេលជិត ២ម៉ោង ជាមួយសមភាគីរុស្ស៊ី។ ពេលនោះលោកបានបង្ហាញ​អំពីភាពវិជ្ចមាន ប៉ុន្តែ​អាម៉េរិកក៏មិនដកចេញនូវរាល់ការដាក់សម្ពាធបន្ថែម​លើទីក្រុងមូស្គូនោះដែរ។

 

Daily Program

Livesteam thumbnail