នាយករដ្ឋមន្រ្តីហូឡង់ លោកម៉ាក រូតតេ ត្រូវបានតែងតាំងជាអគ្គលេខានៃអង្គការ​ណាតូ

នាយករដ្ឋមន្រ្តីហូឡង់ លោកម៉ាក រូតតេ ត្រូវបានតែងតាំងជាផ្លូវការ​ជាអគ្គ លេខា នៃ អង្គការ ណាតូកាលពីថ្ងៃពុធទី២៦ ខែមិថុនា ដោយជំនួលអគ្គលេខាជនជាតិ​ណ័រវេស លោកជេន ស្តូលថេនប៊ឺក ដែលកាន់តំណែងរយៈពេល ១០ឆ្នាំ មកហើយ។ ប្រមុខ​ថ្មី​នៃក្រុមសម្ព័ន្ធមិត្ត នឹង ចូលកាន់មុខតំណែង​នៅថ្ងៃទី១ ខែតុលា។

លោកគឺជាបេក្ខភាពដែលជានិច្ចកាលស្ថិតនៅក្នុងបញ្ជីដើម្បីដឹកនាំ​អង្គការសន្ធិសញ្ញា​អាត្លង់ទិច ខាង ជើង ឬហៅថា ណាតូ។ ប្រទេសទាំង ៣២ នៃអង្គការណាតូ បានតែងតាំង កាលពីថ្ងៃពុធ​ទី២៦ នាយករដ្ឋមន្រ្តីហូឡង់ លោកម៉ាក រូតតេ ជាអគ្គលេខា​បន្ទាប់ នៅក្នុង កាលៈទេសៈ ដ៏ សំខាន់សម្រាប់សម្ព័ន្ធមិត្តណាតូ​នៅខណៈដែលរុស្ស៊ីបន្តសង្រ្គាមប្រឆាំង​នឹង អ៊ុយក្រែន។

លោកម៉ាក រូតតេ អាយុ ៥៧ឆ្នាំ នឹងឡើងកាន់មុខតំណែង​ប្រធានអង្គការណាតូ​នៅថ្ងៃទី១ ខែតុលា ដោយជំនួសលោកជេន ស្តូលថេនប៊ឺកប្រមុខណាតូមុន ជនជាតិណ័រវេស ដែលបាន កាន់តំណែងរយៈពេល ១០ឆ្នាំ មកហើយ។ លោកជេន ស្តូលថេនប៊ឺក បានថ្លែងថា លោក រីករាយយ៉ាងខ្លាំងក្លាដែលសម្ព័ន្ធមិត្តនៃអង្គការណាតូ បានជ្រើសរើសលោកម៉ាក រូតតេ ដើម្បី បន្តពីលោក។

លោកជេន ស្តូលថេនប៊ឺក បានបន្ថែមថា លោកម៉ាក រូតតេ គឺពិតជាអ្នកឆ្លងអាត្លង់ទិចដ៏ពិត ប្រាកដម្នាក់។ លោកគឺជាអ្នកដឹកនាំខ្លាំង និងស្ថាបនាបា​ន​នូវ​កុងសង់ស៊ុស។ លោកប្រាថ្នាឲ្យ លោករូតតេ មានជ័យជម្នះច្រើន នៅខណៈ​ដែលយើង​បន្ត​ពង្រឹង​អង្គការណាតូ​ដើម្បីដកចេញ នូវឧបសគ្គប្រឈមនៅសព្វថ្ងៃនេះ និងទៅថ្ងៃអនាគត។ លោកប្រាប់ឲ្យដឹងថា លោកបានទុក​ដាក់​​អង្គការ​​ណាតូ​​នៅក្នុងដៃមនុស្សមានសមត្ថភាព។

លោកម៉ាក រូតតេ បានមានប្រតិកម្ម​​នៅបណ្តាញសង្គម X សម្រាប់ការតែងតាំងរូបលោក និង​បញ្ជាក់ដែរថា លោកកាន់កាប់ក្នុងទំនួលខុសត្រូវថ្មីនេះ​ក្នុងអារម្មណ៍ធូរស្រាល។ លោកក៏បាន​សម្តែង​​នូវការទទួលស្គាល់សម្រាប់ក្រុមសម្ព័ន្ធមិត្តដែលបានផ្តល់ទំនុកចិត្តដល់រូបលោក។

ការតែងតាំងលោកម៉ាក រូតតេ ត្រូវបានបោះត្រាដោយអគ្គរដ្ឋទូតនៃអង្គការណាតូ​នៅអំឡុង​កិច្ច​ប្រជុំ​មួយ​នៅទីស្នាក់ការសម្ព័ន្ធមិត្តនៅទីក្រុងប្រ៊ុចសែល។

លោកម៉ាក រូតតេនឹងចាកចេញពីមុខតំណែងជានាយករដ្ឋមន្រ្តីហូឡង់​នៅថ្ងៃទី២ កក្កដា បន្ទាប់​ពី​ការស្បថ​ចូលកាន់តំណែង​របស់រដ្ឋាភិបាលហូឡង់ថ្មី​ដែលធ្វើឡើងនៅកាលបរិច្ឆេទនេះ។

ប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន និងសមភាគីរបស់លោក នឹងទទូលស្វាគមន៍​លោក​ម៉ាក រូតតេ ជាផ្លូវការ​នៅតុកិច្ចប្រជុំកំពូលមួយ ដែលនឹងរៀបចំ​ធ្វើឡើង​នៅទីក្រុងវ៉ាស៊ីនតុន សហរដ្ឋអាម៉េរិក ពី​ថ្ងៃ​ទី៩ ដល់ថ្ងៃទី ១១ ខែកក្កដា។

ការតែងតាំងរូបលោកម៉ាក រូតតេ ត្រូវបានទទូលស្វាគមន៍ភ្លាម​ដោយ​ប្រធានាធិបតីអ៊ុយក្រែន។ ប្រមុខ​រដ្ឋបាលប្រធានាធិបតីអ៊ុយក្រែន លោកអន់ឌ្រីអ៊ី ឡឺម៉ាក បានសរសេរថា ភាពជាអ្នក​ដឹកនាំ​របស់លោក និងការចង់ភ្ជាប់របស់លោកនឹងគោលការណ៍​ប្រជាធិបតេយ្យ គឺមាន​សារ​សំខាន់​​សម្រាប់អនាគតយើងរួមគ្នា។

ក្រៅពីការគំរាមកំហែងរបស់រុស្ស៊ី មេដឹកនាំណាតូ សញ្ជាតិហូឡង់រូបនេះ នឹងត្រូវផ្គួបផ្សំ​ជាមួយ​នឹង​លទ្ធផលនៃការបោះឆ្នោតរបស់អាម៉េរិក​នៅខែវិច្ឆិកាផងដែរ។ សហរដ្ឋអាម៉េរិកតែឯង តំណាង​ឲ្យពាក់កណ្តាលនៃទម្ងន់យោធានៅក្នុងអង្គការសម្ព័ន្ធមិត្តណាតូ។

ទស្សនវិស័យនៃការត្រឡប់មកវិញរបស់លោក ដូណាល់ត្រាំ មកសេតវិមាននឹងអង្រួនទី​ស្នាក់​ការណាតូនៅទីក្រុងប៊្រុចសែល។ ដោយល្បីល្បាញខាងមើលស្រាលដល់អង្គការសម្ព័ន្ធមិត្ត​ថា​គ្មាន​ប្រយោជន៍ មហាសេដ្ឋីពាន់លាន លោកដូលណាល់ ត្រាំ បង្កើនច្រើនដង​នូវការរិះគន់​ប្រឆាំ​​ង​​នឹង​សម្ព័ន្ធ​មិត្តអឺរ៉ុប និងចោទប្រកាន់អឺរ៉ុបថា មិនបានចំណាយសមល្មម​ដើម្បីការពារខ្លួន​ពួក​គេ។

 

Daily Program

Livesteam thumbnail