នាយករដ្ឋមន្រ្តីកូរ៉េ ពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែម ដល់កម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយលោក ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក ហាន់ ដុកស៊ូ បានរំលេចពីការឯកភាពដំឡើងនូវកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» ដែលនេះនឹងចូលរួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ។
លោកបានបញ្ជាក់តាមរយៈខ្លឹមសារនៃជំនួបនេះថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត ហើយលោកក៏បានសម្តែងនូវការគាំទ្រ និងពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការនៃការជួបពិគ្រោះយោបល់ជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជាផងដែរ។
លោកនាយករដ្ឋមន្រ្តីកូរ៉េ បានបង្ហាញនូវក្តីរីករាយក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែម តាមរយៈហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) និងឥណទានសម្បទានតាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។
ក្នុងជំនួបនោះដែរ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលបានឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។
ទន្ទឹមនោះ សម្តេចធិបតីក៏បានជម្រាបលោកនាយករដ្ឋមន្រ្តីកូរ៉េថា ៖ «វិស័យឯកជនមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយការ ពង្រឹងតួនាទីរបស់វិស័យឯកជននឹងធ្វើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត»។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសរំលេចឡើង អំពីគម្រោងនិមិត្តរូបនៃស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ។ ស្ពានមិត្តភាពនេះតំណាងឱ្យមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ហើយសម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លា របស់រដ្ឋាភិបាលកូរ៉េក្នុងគម្រោងនេះផងដែរ៕