នាយករដ្ឋមន្ត្រី ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖«ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាង និងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម»។
ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។
ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ៕