នគរបាលជាតិ ការលក់ ឬឱ្យអ្នកដទៃប្រើប្រាស់ គណនីធនាគាររបស់អ្នក មានហានិភ័យខ្ពស់ណាស់

នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ប្រជាពលរដ្ឋ ថា ការលក់ ឬឱ្យអ្នកដទៃប្រើប្រាស់ គណនីធនាគាររបស់អ្នក មានហានិភ័យខ្ពស់ណាស់ ព្រោះថា «គណនីរបស់អ្នក មិនមែនជារបស់លក់ទេ»។

តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា «ការលក់ ឬឱ្យអ្នកដទៃប្រើប្រាស់គណនីធនាគាររបស់អ្នក មានហានិភ័យខ្ពស់ណាស់! ប្រសិនបើគណនីនោះ ត្រូវបានយកទៅប្រើប្រាស់ក្នុងសកម្មភាពមិនស្របច្បាប់ អ្នកអាចនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងខាតបង់ទ្រព្យសម្បត្តិ»

Image removed.ហានិភ័យដែលអាចកើតមាន ៖ អ្នកដទៃអាចប្រើគណនីរបស់អ្នក ដើម្បីទទួល ឬផ្ទេរប្រាក់ពីសកម្មភាពខុសច្បាប់, ធនាគារអាចផ្អាក ឬបិទគណនី, អ្នកអាចត្រូវបានកោះហៅឱ្យបកស្រាយអំពីប្រភព និងប្រតិបត្តិការផ្ទេរប្រាក់ដែលអ្នកមិនបានធ្វើ, អាចមានបញ្ហាផ្លូវច្បាប់ ប្រសិនបើគណនីត្រូវបានប្រើប្រាស់ក្នុងបទល្មើស, អាចប៉ះពាល់ដល់ឥណទាន ឬឈ្មោះរបស់អ្នកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។

ត្រូវធ្វើ៖ ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាព, កុំផ្តល់លេខសម្ងាត់, OTP, កាត ATM ឬសិទ្ធិចូល Mobile Banking ឱ្យអ្នកដទៃ, ប្រសិនបើបានផ្តល់ព័ត៌មានរួច សូមទាក់ទងធនាគាររបស់អ្នកជាបន្ទាន់ ដើម្បីស្នើសុំពិនិត្យ ឬការពារគណនី។

កុំធ្វើ៖ កុំលក់ ឬឱ្យអ្នកដទៃប្រើគណនីធនាគាររបស់អ្នកជាដាច់ខាត, កុំផ្តល់លេខសម្ងាត់, OTP ឬកាត ATM ឱ្យអ្នកដទៃ, កុំផ្តល់សិទ្ធិចូលប្រើ Mobile Banking ទៅអ្នកដទៃ, កុំទទួលប្រាក់ ឬផ្ទេរប្រាក់ជំនួសអ្នកដទៃ, កុំចូល Link ឬ App ដែលមិនស្គាល់ប្រភពច្បាស់លាស់។ កុំលក់គណនីធនាគារ! ការពារខ្លួនអ្នក គ្រួសារ និងសហគមន៍ រួមគ្នាបង្ការបទល្មើសហិរញ្ញវត្ថុ៕

 

Daily Program

Livesteam thumbnail
khmer popup image