ធនាគារពិភពលោក សម្រេចផ្តល់កម្ចី១៣លានដុល្លារដល់កម្ពុជាដើម្បីលើកកម្ពស់ស្តង់ដាសុខាភិបាល
ធនាគារពិភពលោក (World Bank) បានអនុម័តកម្ចី១៣លានដុល្លារអាម៉រិកសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដាវិស័យសុខាភិបាល។ កម្ចីទាំងនេះ ផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលអ្នកជំនាញផ្នែកសុខាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក នាថ្ងៃទី១៨ ខែមិថុនា។
កម្ចី១៣លានដុល្លារដែលធនាគារពិភពលោកសម្រចផ្តល់ឱ្យកម្ពុជាបន្ថែមនេះ គឺជាមូលនិធិគាំទ្រដល់គម្រោងរបស់កម្ពុជា ស្តីពី ការពង្រឹងប្រព័ន្ធអប់រំអ្នកជំនាញសុខាភិបាលមុនចូលបម្រើការងារ។ កម្ចីបន្ថែមនេះ បានធ្វើឡើងគម្រោងកើនប្រាក់វិនិយោគសរុបដល់ទៅ ៣៤,៥ លានដុល្លារអាម៉េរិក។ គម្រោងនេះ ស្ថិតក្រោមការអនុវត្តផ្ទាល់ដោយក្រសួងសុខាភិបាល។
បើតាមធនាគារពិភពលោក ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះនឹងពន្លឿនអន្តរកាលរបស់កម្ពុជាទៅការអប់រំដោយផ្អែកលើសមត្ថភាពសម្រាប់គ្រូពេទ្យ និងជួយបង្រួញគម្លាតរវាងចំណេះដឹងផ្នែកវេជ្ជសាស្រ្ត និងការអនុវត្តផ្នែកព្យាបាល។ ការណ៍នេះ ជាជំហានដ៏សំខាន់ឆ្ពោះទៅកសាងកម្លាំងពលកម្មសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងកាន់តែមានសមត្ថភាពជាងមុន។
កម្ចីរបស់ធនាគារពិភពលោកនេះ នឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅគ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាលសំខាន់ៗមួយចំនួន រួមទាំងការសាងសង់ និងការជួសជុលថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលតំបន់ខេត្តបាត់ដំបង និងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ជាមួយគ្នានេះ ក៏មាននូវការបំពាក់គ្រឿងបរិក្ខារជាមួយឧបករណ៍ធ្វើត្រាប់តាមទំនើប, និងការពន្លឿនការចាប់យកប្រព័ន្ធអប់រំឌីជីថល ផងដែរ។
ធនាគារពិភពលោកបានបញ្ជាក់ថា ហិរញ្ញប្បទាននេះក៏នឹងជួយ ដល់ការពង្រឹងកម្មវិធីបណ្តុះបណ្តាលសុខាភិបាលថ្នាក់ជាតិ, ស្តង់ដា និងការប្រឡងចេញផ្អែកលើសមត្ថភាព ដើម្បីធានាថាអ្នកជំនាញសុខាភិបាលដែលបានបញ្ចប់ការសិក្សា បំពេញតាមស្តង់ដាបានយ៉ាងម៉ត់ចត់។ គម្រោងពង្រឹងប្រព័ន្ធអប់រំអ្នកជំនាញសុខាភិបាលមុនចូលបម្រើការងារនេះ នឹងអនុវត្តដល់ពាក់កណ្តាលឆ្នាំ២០២៩។
លោកស្រី Tania Meyer នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានលើកឡើងថា កម្ពុជាបានធ្វើឱ្យមានការរីកចម្រើនសំខាន់ៗក្នុងការពង្រឹងការបណ្តុះបណ្តាលអ្នកជំនាញសុខាភិបាលរបស់ខ្លួន។ លោកស្រីសង្ឃឹមថា ហិរញ្ញប្បទានបន្ថែមនេះនឹងជួយបន្តកិច្ចខិតខំរបស់កម្ពុជា។ លោកស្រី Tania Meyer បានថ្លែងដូច្នេះថា ៖ « បុគ្គលិកសុខាភិបាលដែលមានការអប់រំល្អ និងផ្អែកលើសមត្ថភាព គឺជាចំណុចសំខាន់សម្រាប់ការកែលម្អការផ្តល់សេវា និងការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីអាចបម្រើប្រជាជនកម្ពុជាគ្រប់រូប នៅគ្រប់ទីកន្លែងទូទាំងប្រទេសបានកាន់តែប្រសើរ។»។
បើតាមធនាគារពិភពលោក ក្នុងចំណោមហិរញ្ញប្បទាន១៣លានដុល្លារដែលកម្ពុជានឹងទទួលបាននេះ គឺមាន១១,៥លានដុល្លារ បានពីឥណទាននៃសមាគមអភិវឌ្ឍន៍អន្តរជាតិ និង១,៥លានដុល្លារអាម៉េរិក បានពីជំនួយមូលនិធិត្រាស់ (ពីធនាគារអភិវឌ្ឍន៍ KfW របស់ប្រទេសអាល្លឺម៉ង់ ដែលបំពេញបន្ថែមលើថវិការួមចំណែករបស់រដ្ឋាភិបាលកម្ពុជា។»។
បច្ចុប្បន្នការផ្តល់សេវាសុខាភិបាលនៅកម្ពុជា ត្រូវបានពង្រីកក៏ពិតមែន ប៉ុន្តែការទទួលបាន និងគុណភាពនៃការថែទាំនៅតែជួបបញ្ហាប្រឈមសំខាន់ៗ។ ស្ថាប័នអន្តរជាតិដដែលមួយនេះ បានបញ្ជាក់ ថា ៖ « គម្រោងនេះ ព្យាយាមដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការកែទម្រង់ពីរបៀបដែលគ្រូពេទ្យទទួលបានការបណ្តុះបណ្តាល។ នោះ គឺការងាកចេញពីការបង្រៀនផ្អែកលើការទន្ទេញមេរៀនស្ទាត់មាត់ ទៅជាការបង្រៀនតាមគំរូសង្កត់ធ្ងន់លើជំនាញអនុវត្តជាក់ស្តែង និងសមត្ថភាពព្យាបាលក្នុងពិភពពិត វិញ។»។
ចាប់តាំងពីឆ្នាំ២០២០ មក គម្រោងពង្រឹងប្រព័ន្ធអប់រំអ្នកជំនាញសុខាភិបាលមុនចូលបម្រើការងារ គឺសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ គម្រោងនេះ បានបង្កើតកម្មវិធីសិក្សាផ្អែកលើសមត្ថភាពថ្នាក់ជាតិចំនួន ១១កម្មវិធី និងវគ្គបណ្តុះបណ្តាលបាន ៨៥ភាគរយ នៃសមាជិកមហាវិទ្យាល័យសុខាភិបាល។ គម្រោងបានបំពាក់បន្ទប់ពិសោធន៍ជំនាញ និងកន្លែងពិនិត្យតាមកុំព្យូទ័រ រួមទាំងកន្លែងអនុវត្តគ្លីនិកដែលមានស្តង់ដាបានចំនួន ៥០កន្លែងផងដែរ។
ធនាគារពិភពលោកបានបញ្ជាក់បន្ថែម ថា ការដាក់ឱ្យអនុវត្តការអប់រំផ្អែកលើសមត្ថភាពទូទាំងស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាលទូទាំងប្រទេស បានជួយពង្រឹងគុណភាពនៃការអប់រំសម្រាប់បុគ្គលិកវិជ្ជាជីវៈសុខាភិបាល៕