ទិវាបរិស្ថានពិភពលោកឆ្នាំនេះ ផ្តោតលើការបំផ្លាញនៅតាមវាលខ្សាច់ និងគ្រោះរាំងស្ងួត

ការស្ដារឡើងវិញនូវដី ការបញ្ឈប់ការរិចរិលដីទៅជាវាលខ្សាច់ និងការកសាងភាពធន់នឹងគ្រោះរាំងស្ងួត គឺជាប្រធានបទសំខាន់នៃទិវាបរិស្ថានពិភពលោកឆ្នាំ ២០២៤ ដែលត្រូវបានរៀបចំឡើងដោយប្រទេសអារ៉ាប៊ីសាអូឌីត។

ទិវាបរិស្ថានពិភពលោកដែលត្រូវបានបង្កើតឡើងក្នុង ឆ្នាំ១៩៧២ និងត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី៥ ខែមិថុនាគឺជាគំនិតផ្តួចផ្តើមបរិស្ថានចម្បងរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងគ្រោះធម្មជាតិ។

 អង្គការសហប្រជាជាតិបានឲ្យដឹងថា រហូតដល់៤០ ភាគរយនៃផ្ទៃដីនៅលើភពផែនដីនេះត្រូវបានបំផ្លាញ​ហើយនៅពេលនេះ រយៈពេលនៃភាពរាំងស្ងួតបានកើនឡើង។​

ការសិក្សាមួយបានអះអាងថា ការសិករិចរិលនៃគុណភាពដី អាចជះផលប៉ះពាល់ដល់ប្រជាជនប្រមាណជា បីភាគបួននៃចំនួនប្រជាជនពិភពលោកនៅឆ្នាំ ២០៥០។

លោកបណ្ឌិត លីយ៉ាង អាប៊ូ​ មូលី (Iyad Abu Moghli) ស្ថាបនិក និងជានាយកកម្មវិធីបរិស្ថានរប​ស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មូលហេតុចម្បងនៃការរិចរិលដីគឺ «សកម្មភាពរបស់មនុស្ស» ដែលរំខានដល់តុល្យភាពធម្មជាតិនៃប្រព័ន្ធអេកូឡូស៊ី។

លោកបានបន្តថា ៖ «វាលខ្សាច់ជាប់ពាក់ព័ន្ធនឹងការកាប់ឆ្ការព្រៃដើម្បីកសិកម្ម និងនគរូបនីយកម្ម។ ប្រការនេះនាំទៅដល់ការហូរច្រោះដី ការបាត់បង់ជីវចម្រុះ និងការរំខានដល់អាកាសធាតុក្នុងតំបន់។ ការ​ស៊ី​ស្មៅ​លើស​ចំណុះ​ជា​ឧទាហរណ៍​មួយ​ទៀត វា​មិន​ត្រឹម​តែ​បំផ្លាញ​រុក្ខជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​ដី និង​ធ្វើ​ឱ្យ​សំណឹក​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត»។

លោកបានបន្តទៀតថា ការអនុវត្តកសិកម្មមិនត្រឹមត្រូវ ដូចជាការធ្វើកសិកម្មតែមួយមុខ ដោយគ្មានវិធានការអភិរក្សដីត្រឹមត្រូវ នឹងធ្វើឱ្យដីបាត់បង់ និងបង្កើនភាពងាយរងគ្រោះដល់សំណឹក ហើ​យនគរូបនីយកម្ម និងការកសាងទីក្រុងថ្មី តំបន់ទីក្រុងថ្មី ក៏ដូចជាសកម្មភាពនៅតំបន់ឧ​ស្សា​ហកម្មក៏តែងតែបណ្តាលឱ្យមានការបំពុលដី និងសម្លាប់ជីវិតនៅលើដីនិងក្នុងដីផងដែរ៕

Daily Program

Livesteam thumbnail