ថ្នាក់ត្រៀម និងទេវវិទ្យាល័យបើកឆ្នាំសិក្សាជាផ្លូវការណ៍ក្នុងឆ្នាំ២០២៤
លោក អូលវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានបើកឆ្នាំសិក្សាថ្មីសម្រាប់ទេវវិទ្យាល័យសន្តម៉ារីវីយ៉ាណែរ ជាផ្លូវការណ៍កាលពីល្ងាចថ្ងៃទី៤ មករា កន្លងទៅ ដោយក្នុងនោះមាននិស្សិតទេវវិទ្យាចំនួន៣រូបដែលនឹងក្លាយជាកូនសិស្សរបស់លោកអភិបាលពេញសិទ្ធិ។
ជាមួយកម្មវិធីនេះដែរ លោកអភិបាលបានប្រកាសបើកថ្នាក់ត្រៀមសម្រាប់ទទួលយុវ័នកាតូលិកដែលចង់ឈ្វេងយល់និងរិះគិតអំពីការត្រាស់ហៅរបស់ខ្លួនជាអ្នកបួសផងដែរ ដែលវគ្គនេះមានអ្នកចុះឈ្មោះចូលរួមចំនួន៧នាក់មកពីភូមិភាគភ្នំពេញចំនួន៦នាក់ និងភូមិភាគបាត់ដំបងចំនួន១នាក់។
មានប្រសាសន៍ក្នុងអភិបូជានាថ្ងៃដដែលនោះទៅកាន់គ្រីស្តបរិស័ទចូលរួមប្រមាណជិត២០០នាក់ លោកអភិបាលឲ្យដឹងថា នៅថ្ងៃនេះ នៅពេលយើងមើលឃើញ ការត្រាស់ហៅដែលព្រះជាម្ចាស់កំពុងរៀបចំសម្រាប់ព្រះសហគមន៍របស់យើង យើងត្រូវអរព្រះគុណព្រះជាម្ចាស់។
ការបង្កើតថ្នាក់ត្រៀម គឺដើម្បីឲ្យយុវ័នចេះថែរក្សាការត្រាស់ហៅរបស់ខ្លួនមកពីព្រះជាម្ចាស់ ជាពេលវេលាដែលស្នាក់នៅជាមួយព្រះយេស៊ូ រិះគិត ពិចារណា ចូលយ៉ាងជ្រៅជាមួយព្រះជាម្ចាស់ ចេញពីលោកិយ៍ហើយនៅស្ងៀមស្ងាត់។
លោកបញ្ជាក់ថា ថ្នាក់ត្រៀមនេះ គឺ«ជាផ្ទះដែលយើងធ្វើដំណើរនៅក្នុងដួងចិត្តរបស់យើងជាមួយព្រះយេស៊ូជាពិសេស ពិចារណាពីរបៀបដែលព្រះយេស៊ូស្រឡាញ់យើងនិងអំពីរបៀបរបស់យើងផ្ទាល់ខ្លួនស្រឡាញ់ព្រះយេស៊ូ»។
តាមរយៈគំរូរបស់ព្រះនាងម៉ារីជាមាតាព្រះយេស៊ូ លោកអភិបាលសូមឲ្យសិស្សទាំង៧នាក់ ចេះរៀបចំខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សគ្រប់រូប។ លោកក៏សូមឲ្យនិស្សិតទេវវិទ្យាល័យ និងលោកបូជាចារ្យទទួលខុសត្រូវថ្មីនៅតាមតំបន់យកចិត្តទុកដាក់លើចំណុចនេះដែរ។
«ឲ្យយើងទៅជាអ្នកបម្រើដើម្បីក្លាយជាម្ចាស់ផ្ទះ ស្រឡាញ់ផ្ទះរបស់យើង ថែរក្សាផ្ទះរបស់យើងដែលជាព្រះសហគមន៍ដែលយើងទទួល» លោកបញ្ជាក់ទៀតថា ផ្ទះនោះ គឺជាគ្រីស្តបរិស័ទ កុមារ យុវជន មនុស្សចាស់ជរាជាដើម ហើយណែនាំគេឲ្យយល់ថា គេមានផ្ទះមួយដែលកក់ក្ដៅ។
ទេវវិទ្យាល័យសន្តម៉ារីវីយ៉ាណែរ ទទួលខុសត្រូវដោយលោកបូជាចារ្យ យ៉ាំងលូកា តាវ៉ូឡា ចំណែកថ្នាក់ត្រៀមទទួលខុសត្រូវដោយលោកបូជាចារ្យ យ៉ូហាន អ៊ុន សុន។
ទេវវិទ្យាល័យ ជាកន្លែងដើម្បីបណ្តុះបណ្តាលយុវ័នកាតូលិកឲ្យក្លាយជាបូជាចារ្យ ដើម្បីបម្រើព្រះសហគមន៍ ដោយរស់នៅរក្សាព្រហ្មចារីធម៌ ស្តាប់បង្គាប់ និងដាក់ខ្លួនជាអ្នកបម្រើ។
លោកបូជាចារ្យអ៊ុន សុន មានប្រសាសន៍ថា ថ្នាក់ត្រៀមនេះ មានរយៈពេល២ឆ្នាំ យុវ័នទាំងនេះនឹងរស់នៅជាមួយគ្នា ដោយចែករំលែកបទពិសោធរស់នៅជាមួយគ្នា កសាងជីវិតនិងជួយគ្នាទៅវិញទៅមក ដើម្បីឲ្យមានភាពជិតស្និទ្ធ ធ្វើដំណើរជាមួយគ្នា និងរស់នៅជាមួយគ្នាជាលក្ខណៈគ្រួសារ។ កម្មវិធីសិក្សាគឺ រៀនព្រះគម្ពីរ និងមុខវិជ្ជាផ្សេងៗទៀតទាក់ទងនឹងជំនំនឿនិងព្រះសហគមន៍ និងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសដើម្បីអាចបន្តការសិក្សានៅកន្លែងផ្សេងទៀត។
លោកប្រាប់ថា ផលផ្លែនៃក្រុមនេះ គឺបានមកពីក្រុមត្រាស់ហៅ អេម៉ាណូអែល ដែលចាប់អារម្មណ៍អំពីជីវិតជាអ្នកបួស។ លោកថា ការត្រាស់ហៅនេះ ជាអំណោយទានរបស់ព្រះជាម្ចាស់ប្រទានឲ្យ។
លោកអភិបាលអូលវីយ៉េ បានឲ្យដឹងទៀតថា «យើងសូមអរគុណដល់ឪពុកម្តាយ ដល់ក្រុមគ្រួសារ ដល់បូជាចារ្យ បងប្រុសបងស្រី ដល់ព្រះសហគមន៍ដែលបានអធិដ្ឋានសម្រាប់ពួកគាត់ ដែលបានគាំទ្រគាត់»។ លោកអភិបាលសុំឲ្យបន្តអធិដ្ឋានបន្ថែមទៀតសម្រាប់ពួកគាត់ ដើម្បីតស៊ូ និងធ្វើដំណើររួមជាមួយព្រះយេស៊ូ។
មុនពេលបញ្ចប់កម្មវិធីបើកឆ្នាំសិក្សានេះ លោកអភិបាលអូលីវីយ៉េ បានចែកសៀវភៅអធិដ្ឋានតាមពេលកំណត់ ដល់និស្សិតទេវវិទ្យាល័យ និងយុវ័នថ្នាក់ត្រៀមទាំង៧នាក់៕
ដោយកែវ កញ្ញា