ថៃមានសិទ្ធិបិទព្រំដែន ប៉ុន្តែត្រូវគោរពបូរណភាពទឹកដី, ប្រសាសន៍ស្តីទីប្រមុខរដ្ឋ

ប្រទេសថៃអាចនឹងបិទព្រំដែន និងសាងសង់របងតាមបណ្តោយព្រំដែនក្នុងរយៈពេលយូរប៉ុណ្ណាក៏បានតាមចិត្តចង់ ឱ្យតែការសាងសង់នោះមិនរំលោភចូលមកក្នុងទឹកដីកម្ពុជា។ នេះជាប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីទីប្រមុខរដ្ឋ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅ នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីសម្រេចចិត្តក្នុងការបិទ ឬបើកព្រំដែនឡើងវិញ គឺជារឿងរបស់ប្រទេសថៃ។

សម្តេចមានប្រសាសន៍ថា៖ បើថៃចង់បិទ ១០០ឆ្នាំ ឬ ៥០០ឆ្នាំក៏ដោយ នោះស្រេចតែលើពួកគេ [...] អ្វីដែលសំខាន់បំផុតគឺមិនត្រូវរំលោភលើទឹកដីកម្ពុជាឡើយ»។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានរិះគន់ចំពោះអ្នកដែលពាក់ព័ន្ធនឹងការរត់ពន្ធទំនិញថៃខុសច្បាប់ឆ្លងដែនចូលមកកម្ពុជា ដោយបានព្រមានថា ប្រសិនបើត្រូវបានចាប់ខ្លួន ពួកគេអាចនឹងត្រូវប្រឈមមុខនឹងការដកហូតទ្រព្យសម្បត្តិ ហើយថវិកាទាំងនោះអាចនឹងត្រូវបង្វែរទៅប្រើប្រាស់សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនវិញ។

សម្តេចបានកត់សម្គាល់ថា កម្ពុជានាំចូលទំនិញពីថៃមានតម្លៃជាង ១០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ហើយបានលើកឡើងថា ទំនិញថៃទាំងនោះអាចទុកសម្រាប់ប្រើប្រាស់ក្នុងស្រុករបស់ថៃចុះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យមានការងាកមកពង្រឹងសមត្ថភាពផលិតកម្ម និងការផ្គត់ផ្គង់ក្នុងស្រុក ដោយបានបន្ថែមថា ប្រសិនបើមានការខ្វះខាត កម្ពុជាអាចស្វែងរកការនាំចូលពីដៃគូតំបន់ផ្សេងទៀតបាន ដូចជា វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ជាដើម។

សម្តេចបានសង្កត់ធ្ងន់ថា៖ «ដីរបស់យើងគឺជារបស់យើង ហើយយើងត្រូវតែទាមទារវាមកវិញ [...] ប៉ុន្តែតាមរយៈយន្តការសន្តិវិធី និងច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍ប្រទេសទាំងសងខាង។ យើងមិនអាចបន្តធ្វើជាសត្រូវជាមួយប្រទេសជិតខាងរហូតនោះទេ»។

សម្តេចបានបន្ថែមថា មតិអន្តរជាតិកាន់តែមានការយល់ចិត្ត និងគាំទ្រចំពោះកម្ពុជា ហើយបានព្រមានថា ការប្រើប្រាស់សកម្មភាពយោធាដើម្បីទាមទារដីជម្លោះមកវិញ នឹងធ្វើឱ្យខូចខាតដល់ជំហរនយោបាយ និងការទូតរបស់កម្ពុជា។

សម្តេចមានប្រសាសន៍ថា៖ «ប្រសិនបើយើងប្រើប្រាស់សកម្មភាពប្រដាប់អាវុធដើម្បីយកដីមកវិញ កិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ និងការទូតរបស់យើងនឹងត្រូវបរាជ័យ»។

 

Daily Program

Livesteam thumbnail