ត្រូវផ្តល់ឱកាសឱ្យសន្តិភាព
ពិភពលោកកំពុងស្ថិតក្នុងកណ្តាប់ដៃនៃសង្រ្គាមម្តងទៀត។ សង្រ្គាមនេះត្រូវតែបញ្ឈប់ជាបន្ទាន់។ វាមានរយៈពេលដប់ប្រាំពីរថ្ងៃហើយ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។ ជម្លោះនេះបន្តរីករាលដាលខ្លាំងឡើង បានជះឥទ្ធិពលដល់ពិភពលោកទាំងមូល។
តាមសេចក្តីរាយការណ៍ ប្រធានាធិបតី ដូណាល់ ត្រាំ បានបើកការវាយប្រហារដោយគ្មានការយល់ព្រមពីសភា គ្មានការពិគ្រោះយោបល់ជាមួយអង្គការសហប្រជាជាតិ និងគ្មានការគាំទ្រពីសម្ព័ន្ធមិត្តឡើយ។ ប្រទេសជាច្រើនបានថ្កោលទោសការវាយប្រហារនេះ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានហៅការវាយប្រហារនេះថា "មិនអាចយកជាលេសបាន" ហើយបានព្រមានថា បញ្ហាសកលមិនអាចដោះស្រាយបាន "ដោយជម្លោះ និងគ្រាប់បែកឡើយ"។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ក៏បានថ្កោលទោសចំពោះការរីករាលដាលនៃជម្លោះនេះ ដោយសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងបាយធ្វើឱ្យខូចខាតដល់សន្តិភាពអន្តរជាតិ និងរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់ការគំរាមកំហែងដល់បូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។ លោកបានបញ្ជាក់សារជាថ្មីថា គ្មានជម្រើសណាផ្សេងក្រៅពីការដោះស្រាយវិវាទដោយសន្តិវិធីក្រោមច្បាប់អន្តរជាតិនោះទេ។
ការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថាបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺ Ayatollah Ali Khamenei រួមជាមួយមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបទៀត។ សហគមន៍អន្តរជាតិភាគច្រើនបានថ្កោលទោសការសម្លាប់ប្រមុខរដ្ឋ និងមន្ត្រីផ្សេងទៀត ដោយហៅវាថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបទដ្ឋានអន្តរជាតិ។
ការវាយប្រហារដោយមីស៊ីលក៏បានបំផ្លាញសាលាបឋមសិក្សាកុមារីមួយកន្លែងនៅក្នុងទីក្រុង Minab ដោយបានសម្លាប់មនុស្សប្រហែល ១៥០ នាក់ និងបង្កឱ្យមានអ្នករបួសជាច្រើននាក់ទៀត។ អង្គការ UNESCO បានសម្តែងការព្រួយបារម្ភ ដោយរំលឹកពិភពលោកថា គ្រឹះស្ថានអប់រំត្រូវបានការពារក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ហើយការវាយប្រហារលើសាលារៀនបង្កគ្រោះថ្នាក់ដល់កុមារ និងបំផ្លាញសិទ្ធិទទួលបានការអប់រំ។
តើពួកអ្នកមានអំណាចដែលចូលចិត្តសម្លុតគេនៅក្នុងពិភពលោកនេះ កំពុងស្តាប់ដែរឬទេ? តើសង្រ្គាមនេះជារបស់អ្នកណា?
មនុស្សរាប់លាននាក់បានចុះតាមដងផ្លូវដើម្បីទាមទារឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយផ្នែកធំៗ ដែលជារឿយៗទទួលឥទ្ធិពលពីផលប្រយោជន៍អ្នកមានអំណាច បានបរាជ័យក្នុងការរាយការណ៍ឱ្យបានពេញលេញអំពីការតវ៉ាដ៏រីករាលដាល ឬផលវិបាកក្នុងតំបន់ឱ្យបានទូលំទូលាយ រួមទាំងការវាយប្រហារសងសឹកផងដែរ។ ដូចសព្វដង ជនរងគ្រោះធំបំផុតនៃសង្រ្គាមគឺ អ្នកក្រីក្រ អ្នកងាយរងគ្រោះ និងអ្នកដែលនៅក្រៅរបងសង្គម ដែលជាអ្នកតស៊ូជារៀងរាល់ថ្ងៃដើម្បីរស់ ហើយត្រូវបាត់បង់អ្វីៗគ្រប់យ៉ាងនៅពេលគ្រាប់បែកធ្លាក់ចុះមក។
គ្មាននរណាម្នាក់ឈ្នះក្នុងសង្រ្គាមនេះទេ។ ពិភពលោកគ្រាន់តែប្រែជាគ្មានសុវត្ថិភាពជាងមុន។ ការធ្វើដំណើរជាអន្តរជាតិត្រូវបានរំខាន។ សេដ្ឋកិច្ចត្រូវបានរង្គោះរង្គើ។ ភាពភ័យខ្លាចរីករាលដាលខ្លាំងឡើងៗ។ សំណួរសំខាន់នៅតែមាន៖ តើនរណាជាអ្នកសម្រេចថា នៅពេលណាដែលប្រជាជាតិមួយមានសិទ្ធិវាយប្រហារប្រជាជាតិមួយទៀត?
ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៧ បន្ទាប់ពីការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ា និងណាកាសាគី ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី និងការពារការប្រើប្រាស់ខុសក្នុងគោលបំណងយោធា។ បេសកកម្មរបស់ខ្លួនរួមមានការត្រួតពិនិត្យមជ្ឈមណ្ឌលនុយក្លេអ៊ែរ និងការលើកទឹកចិត្តសម្រាប់ដំណោះស្រាយការទូត។ ចុះហេតុអ្វីបានជាស្ថាប័នត្រួតពិនិត្យអន្តរជាតិមិននិយយាយអ្វីដូច្នេះ? បន្ទាប់ពីពិភពលោកបានសន្យាថា "មិនឱ្យកើតមានសង្គ្រាមបរមាណូម្តងទៀត" ក្រោយសង្រ្គាមលោកលើកទីពីរត្រូវបានបញ្ចប់ និងបានអនុម័តសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សក្នុងឆ្នាំ ១៩៤៨ តើមនុស្សជាតិអាចរងគ្រោះដោយមហន្តរាយសកលលោកមួយទៀតដែរឬទេ?
យើងក៏ត្រូវពិនិត្យមើលតួនាទីនៃឧស្សាហកម្មអាវុធផងដែរ។ ក្នុងឆ្នាំ ១៩៦១ ប្រធានាធិបតី Dwight D. Eisenhower បានព្រមានប្រឆាំងនឹងអំណាចដែលកំពុងកើនឡើងនៃ "បណ្តុំឧស្សាហកម្មយោធា" (military-industrial complex)។ លោកបានដាស់តឿនថា ផលប្រយោជន៍សាជីវកម្ម និងយោធាអាចធ្វើឱ្យប៉ះពាល់ដល់អាទិភាពជាតិ។ សព្វថ្ងៃនេះ ការព្រមាននោះកាន់តែមានភាពប្រាកដប្រជាជាងពេលណាៗទាំងអស់។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុម (SIPRI) បន្តបង្ហាញឱ្យឃើញថា ការចំណាយលើវិស័យយោធា និងប្រាក់ចំណេញពីអាវុធបានហក់ឡើងខ្ពស់ក្នុងអំឡុងពេលមានជម្លោះ។ សង្រ្គាមគឺជាអាជីវកម្មដែលផ្តល់ផលចំណេញយ៉ាងច្រើន។
អតីតសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូលយ៉ាងខ្លាំងក្លាប្រឆាំងនឹង "វប្បធម៌នៃសេចក្តីស្លាប់" នេះ។ ថ្លែងទៅកាន់សភាអាមេរិកក្នុងឆ្នាំ ២០១៥ សម្តេចប៉ាបបានសួរថា ហេតុអ្វីបានជាអាវុធដ៏សាហាវត្រូវបានលក់ទៅឱ្យអ្នកដែលបង្កការឈឺចាប់។ ចម្លើយរបស់លោកគឺច្បាស់ណាស់៖ គឺដើម្បីលុយ "លុយដែលជោកជាំដោយឈាម"។ លោកបានជំរុញឱ្យមេដឹកនាំទាំងឡាយប្រឈមមុខ និងបញ្ឈប់ការជួញដូរអាវុធ។
នៅក្នុងឯកសារដែលមានចំណងជើងថា ភាតរភាព (Fratelli Tutti) ឆ្នាំ ២០២០ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានឧទ្ទិសផ្នែកមួយដល់ "ភាពអយុត្តិធម៌នៃសង្រ្គាម"។ លោកបានប្រកាសថា សង្រ្គាមគឺជាបរាជ័យនៃនយោបាយ និងមនុស្សជាតិ ហើយហានិភ័យរបស់វាមានលើសពីអត្ថប្រយោជន៍ដែលគេសន្មតទុកទៅទៀត ហើយយើងមិនអាចចាត់ទុកសង្រ្គាមថាជាដំណោះស្រាយទៀតនោះទេ។ លោកបានទទូចថា "កុំឱ្យមានសង្រ្គាមម្តងទៀត" ដោយអំពាវនាវឱ្យយកធនធានដែលចំណាយលើអាវុធ ទៅប្រើប្រាស់ដើម្បីបញ្ចប់ភាពអត់ឃ្លាន និងលើកកម្ពស់ការអភិវឌ្ឍវិញ។
សម្តេចប៉ាប ឡេអូ ទី ១៤ ក៏បានបន្លឺសំឡេងអំពាវនាវនេះដែរ។ នៅក្នុងសារអប់រំជារៀងរាល់សប្តាហ៍នាពេលថ្មីៗនេះ សម្តេចប៉ាបបានមានបន្ទូលថា សន្តិភាពមិនអាចសម្រេចបានតាមរយៈការគំរាមកំហែង ឬអាវុធនោះទេ ប៉ុន្តែតាមរយៈ "ការសន្ទនាប្រកបដោយហេតុផល និងការទទួលខុសត្រូវ"។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកបានជំរុញថា៖ "សូមឲ្យយើងទាំងអស់គ្នា ទូលអង្វរសុំសន្តិភាព និងធ្វើការដើម្បីសន្តិភាព។ ការស្អប់ខ្ពើមនៅក្នុងពិភពលោកកំពុងតែកើនឡើងឥតឈប់ឈរ"។
សម្តីរបស់លោក មហាត្មៈ ហ្គាន់ឌី (Mahatma Gandhi) នៅតែជាការព្យាករណ៍ដ៏ត្រឹមត្រូវ៖ "ភ្នែកដូរភ្នែក នឹងធ្វើឱ្យពិភពលោកទាំងមូលងងឹតភ្នែក"។ ក្នុងឆ្នាំ ១៩៦៩ បទចម្រៀង "Give Peace a Chance" របស់ John Lennon បានក្លាយជាបទចម្រៀងតំណាងឱ្យចលនាប្រឆាំងសង្រ្គាម។ ក្នុងបទចម្រៀងនេះ មានឃ្លាមួយបានបង្ហាញពីបំណងប្រាថ្នារបស់មនុស្សទូទៅ៖ "អ្វីដែលយើងកំពុងនិយាយគឺ សូមផ្តល់ឱកាសឱ្យសន្តិភាព"។
សព្វថ្ងៃនេះ សម្រែកនោះត្រូវតែមានតម្លៃលើសពីបទចម្រៀង។ វាត្រូវតែជាសកម្មភាព។ ក្នុងគ្រប់សង្រ្គាម គឺជនស្លូតត្រង់ដែលរងទុក្ខបំផុត៖ កុមារ ក្រុមគ្រួសារ និងអ្នកក្រីក្រ។ ទីក្រុងនានាត្រូវបានប្រែក្លាយទៅជាគំនរបាក់បែក។ អនាគតត្រូវបានលុបបំបាត់។ ការស្អប់ខ្ពើមជ្រៅទៅៗ។ អំពើហិង្សាបង្កើតអំពើហិង្សា។ មនុស្សជាតិគឺជាអ្នកចាញ់។
យើងមិនអាចនៅស្ងៀមធ្វើជាអ្នកទស្សនា ខណៈពេលដែលពិភពលោកកំពុងឆេះខ្លោចនោះទេ។ ប្រជាពលរដ្ឋត្រូវតែបញ្ចេញសំឡេង។ មេដឹកនាំត្រូវតែទទួលខុសត្រូវ។ ច្បាប់អន្តរជាតិត្រូវតែត្រូវបានគោរព។ ការសន្ទនាត្រូវតែជំនួសឱ្យការបំផ្លិចបំផ្លាញ។
សង្រ្គាមនេះត្រូវតែបញ្ឈប់ជាបន្ទាន់។ សន្តិភាពមិនមែនជាភាពទន់ខ្សោយទេ។ វាគឺជាភាពក្លាហាន។ វាគឺជាយុត្តិធម៌។ វាគឺជាផ្លូវតែមួយគត់ដើម្បីឈានទៅមុខ។ សូមកុំរង់ចាំរហូតដល់ការបំផ្លិចបំផ្លាញមិនអាចស្រោចស្រង់បាន។ ចូរយើងធ្វើសកម្មភាពឥឡូវនេះ ដើម្បីបញ្ឈប់សង្រ្គាម ជាបន្ទាន់៕