តើសម្តេចប៉ាបឡេអូទី១៤ មានបន្ទូលអ្វីខ្លះជាមួយប្រធានាធិបតីរុស្ស៊ី ?

កាលពីរសៀលថ្ងៃពុធ សម្តេចប៉ាប ឡេអូទី១៤ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបសន្ទនាគ្នា តាមទូរស័ព្ទ ដោយផ្តោតជាពិសេសលើសង្រ្គាមនៅអ៊ុយក្រែន។
លោក ម៉ាតេអូ ប្រ៊ុននី (Matteo Bruni) នាយកការិយាល័យព័ត៌មានសន្តអាសនៈ បានប្រាប់អ្នកយកព័ត៌មានថា សម្តេចប៉ាបឡេអូ និងប្រធានាធិបតីបានពិភាក្សាគ្នាអំពីស្ថានភាពមនុស្សធម៌ ក៏ដូចជាតម្រូវការក្នុងការសម្របសម្រួលជំនួយក្នុងករណីចាំបាច់។
សេចក្តីថ្លែងការណ៍បាននិយាយថា "សម្តេចប៉ាបឡេអូបានធ្វើការអំពាវនាវឱ្យរុស្ស៊ីប្រកាន់យកកាយវិការមួយដែលនឹងអនុគ្រោះដល់សន្តិភាពដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនាដើម្បីបង្កើតទំនាក់ទំនងវិជ្ជមានរវាងភាគីនិងស្វែងរកដំណោះស្រាយចំពោះជម្លោះ" ។
សម្តេចប៉ាបឡេអូនិងប្រធានាធិបតី ពូទីន ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តសម្រាប់ការដោះដូរអ្នកទោស និងបញ្ហាមួយចំនួន ។
លោក ប្រ៊ុននី បានមានប្រសាសន៍ថា នាឱកាសនោះ សម្តេចប៉ាបឡេអូក៏បានថ្លែងអំណរគុណចំពោះលិខិតអបអរទ្រង់ ដែលត្រូវបានជ្រើសរើសជាសម្តេចប៉ាប ដោយប្រមុខសាសនានៅរុស្ស៊ី ហើយបានគូសបញ្ជាក់ពី តម្លៃរួមរបស់គ្រីស្តបរិស័ទថា ជាពន្លឺដែលជួយស្វែងរកសន្តិភាព ការពារជីវិត និងបន្តសេរីភាពសាសនាពិតប្រាកដ៕
Daily Program
