តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបរិស្ថាន និងអភិវឌ្ឍ

លោក មឺស៊ុត អូស្កាន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីយ៉េ (Turkey)  ប្រចាំកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសតួកគីយ៉េ ក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យបរិស្ថាន ការវិនិយោគថាមពលស្អាត ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

លោក ឯកអគ្គរដ្ឋទូត ប្រទេសតួកគីយ៉េ បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានគាំទ្រប្រទេសតួកគីយ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូល លើកទី៣១ ស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ  (UNFCCC) ឬហៅកាត់ថា COP31 និងបានលើកឡើងអំពីការអញ្ជើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងសន្និសីទ COP31 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Antalya ប្រទេសតួកគីយ៉េ នៅថ្ងៃទី៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការគាំទ្រនិងចូលរួមរបស់ប្រទេសតួគីយ៉េ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសជំរុញទំនាក់ទំនងការទូត វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងបរិស្ថាន រវាងប្រទេសទាំង២កម្ពុជា-តួកគីយ៉េ។

លោក រដ្ឋមន្រ្តី បានមានប្រសាសន៍សង្កត់ធ្ងន់ លើការអញ្ជើញចូលរួមកិច្ចប្រជុំ COP31 ដែលជាព្រឹត្តិការណ៍សំខាន់ ដែលកម្ពុជាជាប្រទេសហត្ថលេខី បានត្រៀមលក្ខណៈ និងធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ COP31 (https://cop31.co.uk/) ឆ្នាំ២០២៦នេះ ដោយផ្តោតលើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ការថ្លែងពីគោលជំហររបស់កម្ពុជា ត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាពជាក់ស្តែង យុទ្ធសាស្ត្រថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ៕

 

Daily Program

Livesteam thumbnail