តុលាការកំពូលបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោក រ៉ុង ឈុន ជុំវិញបទចោទប្រកាន់ ញុះញង់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក តុលាការកំពូល ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសម្តេចសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ សវនាការនេះធ្វើឡើងបន្ទាប់ពីលោកបានដាក់ពាក្យប្ដឹងសាទុក្ខ ដើម្បីប្រឆាំងទាស់ទៅនឹងសាលដីការបស់តុលាការថ្នាក់ក្រោម។

លោក រ៉ុង ឈុន ត្រូវបានចោទប្រកាន់ពីបទ៖ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីផ្ដន្ទាទោសបទមជ្ឈិម) ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌនេះ ត្រូវប្រឈមនឹងការផ្ដន្ទាទោសស្របតាមបញ្ញត្តិមាត្រា ៨៨, មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អង្គជំនុំជម្រះនៃតុលាការកំពូល បានកំណត់យកថ្ងៃទី១៩ ខែមិថុនា នេះ ដើម្បីប្រកាសសាលក្រម។

នៅខាងមុខអាគារតុលាការកំពូល លោក រ៉ុង ឈុន បានសម្តែងការរំពឹងទុក និងបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «យើងសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់រូបខ្ញុំ ដើម្បីទទួលបានសេរីភាពក្នុងការបន្តជីវិតនយោបាយឡើងវិញ។ ការផ្តល់យុត្តិធម៌នេះ ក៏ជារូបភាពមួយបង្ហាញពីការផ្សះផ្សាជាតិ និងឯកភាពជាតិផងដែរ។ ប្រទេសជាតិយើងត្រូវការការឯកភាព និងសាមគ្គីភាព ដើម្បីឱ្យកម្ពុជាមានភាពរឹងមាំ។ កាលណាខ្មែរយើងសាមគ្គីគ្នា ឯកភាពគ្នា ពេលនោះយើងនឹងខ្លាំង ហើយប្រទេសជិតខាងក៏មិនអាចមើលងាយយើងបានឡើយ»។

លោក រ៉ុង ឈុន បានធ្វើការសំណូមពរយ៉ាងទទូចដល់ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល មេត្តាជួយ៖ បដិសេធចោល នូវសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ។ បដិសេធចោល នូវសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញជាស្ថាពរ។ ផ្តល់សេរីភាពពេញលេញ ឡើងវិញដល់រូបលោក ដើម្បីមានឱកាសចូលរួមក្នុងការប្រកួតប្រជែងខាងឆាកនយោបាយជាបន្តទៀត។

សូមបញ្ជាក់ថា កាលថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៥ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ចំពោះមុខ ជនជាប់ចោទឈ្មោះ រ៉ុង ឈុន ដោយផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់រយៈពេល ៤ (បួន) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤.០០០.០០០(បួនលាន)រៀល។ ព្រមទាំងប្រកាសទោសបន្ថែមលើជនជាប់ចោទឈ្មោះ រ៉ុង ឈុន ដោយដកហូតសិទ្ធិពលរដ្ឋជាស្ថាបពរនូវសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត តាមបញ្ញត្តិមាត្រា ៥៥ និងមាត្រា ៤៩៨នៃក្រមព្រហ្មទណ្ឌ។

នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលក្រមកំបាំងមុខលេីបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទឈ្មោះ រ៉ុង ឈុន ដោយសម្រេចកម្កល់សាលក្រមព្រហ្មទណ្ឌលេខ ១៥៤៥។ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ។ សាលាឧទ្ធរណ៍រាជធានីភ្នំពេញផ្ដន្ទាទោសជនជាប់ចោទឈ្មោះ រ៉ុង ឈុន នូវទោសមន្ថែមដោយដកហូតជាស្ថាបពរនូវសិទ្ធិធ្វេីសកម្មភាពនយោបាយផ្សេងៗទៀត តាមមាត្រា ៤៩៨ នៃក្រមព្រហ្មទណ្ឌ។

 

Daily Program

Livesteam thumbnail