ណាតូនឹងស្នើមូលនិធិជំនួយ ១០០ ពាន់លានអឺរ៉ូ ជួយដល់អ៊ុយក្រែន

យោងតាមប្រភពការទូតមួយ កាលពីថ្ងៃអង្គារ បានឲ្យដឹងថា អគ្គលេខាធិការអង្គការណាតូ លោកជេន ស្តូលថេនប៊ឺក នឹងស្នើឲ្យបង្កើត​មូលនិធិមួយ​ដែលមានទឹកប្រាក់ចំនួន ១០០ ពាន់ លានអឺរ៉ូសម្រាប់ ៥ឆ្នាំ ដើម្បីជួយដល់អ៊ុយក្រែន​នៅក្នុ​ង​សង្រ្គាមប្រឆាំងនឹងរុស្ស៊ី។ ប្រទេស​ចំនួន ៣២ នៃក្រុមសម្ព័ន្ធមិត្តអាត្លង់ទិច នឹងនិយាយអំពីរឿងនេះ​នៅអំឡុង​កិច្ចប្រជុំរដ្ឋមន្រ្តីការ បរទេសរបស់ពួកគេ​នៅទីក្រុងប៊្រុចសែល។

មន្រ្តីម្នាក់នៃក្រុមសម្ព័ន្ធមិត្ត បានបញ្ជាក់​នៅក្នុងការសុំមិនបញ្ចេញឈ្មោះថា រដ្ឋមន្រ្តីទាំងនេះ​នឹងពិភាក្សាអំពីមធ្យោបាយ​ល្អប្រសើរបំផុត​ដើម្បីរៀបចំ​ការគាំទ្ររបស់អង្គការ​ណាតូ​សម្រាប់​អ៊ុយក្រែន​ដើម្បីធ្វើឲ្យអ៊ុយក្រែនកាន់តែរឹងមាំ មានការបង្ការខ្លួនកាន់តែល្អ និងកាន់តែមាន​ចីរភាព។ មិនមានសេចក្តីសម្រេចណាមួយដែលគេរំពឹងថា នឹងបានមកពី​ការប្រជុំនេះទេ ប៉ុន្តែ​កិច្ច​ពិភាក្សា​នឹងបន្ត​នៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ​នៅទីក្រុងវ៉ាស៊ីន​តុន​នៅខែកក្កដា។

លោកជេន ស្តូលថេនប៊ឺក បានរៀបរាប់ថា អង្គការណាតូ​ត្រូវតែស្ថិតនៅក្នុងវិធានការ​ផ្តល់​ជំនួយ​បង្ការសម្រាប់រយៈពេលវែងដល់អ៊ុយក្រែនប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ី។

នៅទីក្រុងប៊្រុចសែល អគ្គលេខាធិការនៃអង្គការណាតូ បានថ្លែងថា ៖ “យើងត្រូវតែ​ធានានូវ​ជំនួយ​យោធាដែលអាចទុកចិត្ត ជាការបង្ការ និងមានរយៈពេលវែងសម្រាប់អ៊ុយក្រែន”។ លោក​ជេន ស្តូលថេនប៊ឺក ថ្លែងដូច្នេះ មុនបន្តិច​នៃ​កិច្ចប្រជុំរដ្ឋមន្រ្តីកិច្ចការ​បរទេសនៃក្រុម​សម្ព័ន្ធ​មិត្ត​ដែលនឹងត្រូវពិភាក្សាអំពីសំណើរនៃការ​បង្កើត​មូលនិធិ ១០០ ពាន់លានអឺរ៉ូ សម្រាប់រយៈ​ពេល ៥ឆ្នាំ ជួយដល់ទីក្រុងគៀវ។

ជាមួយនឹងការមកដល់​កាលពីថ្ងៃអង្គារ​ មកកាន់ទីក្រុងប៉ារីស លោករដ្ឋមន្រ្តីការបរទេស​អាម៉េរិក លោកអន់តូនី ប្ល៊ីនឃិន បានទៅទស្សនកិច្ចជាមួយរដ្ឋមន្រ្តីការបរទេសបារាំង លោក ស្តេហ្វាន សេហ្ស៊ួណេ នៅរោងចក្រផលិតសម្ភារៈយោធា Nexter ដែលមានជា​ពិសេស​ការ​ផលិត​កាំផ្លើងធំ សេហ្ស៉ា។  រដ្ឋមន្រ្តីបារាំងបានបញ្ជាក់ថា ៖ ”កាណុងសេហ្ស៉ាទាំងនេះ បាន​​ក្លាយជានិមិត្តរូបនៃសម្ព័ន្ធមិត្តកាំផ្លើងធំ ជាមួយនឹងការកើនឡើង​យ៉ាងខ្លាំងនូវសមត្ថភាព​ផលិតកម្ម​ដែរ ៖ ពីពីរគ្រឿងក្នុងមួយខែ ឡើង​ដល់ ៦គ្រឿង ក្នុងមួយខែ ហើយយើង​នឹងបង្កើន​ផលិតកម្ម​រហូតដល់ ១២គ្រឿង ក្នុងមួយខែ នៅក្នុងពេលវេលាខាងមុខ”។ លោករដ្ឋមន្រ្តី​ក៏​មិន​បាន​ផ្តល់សេចក្តីលំអិតអ្វីទៀតដែរ។

ក្រៅពីនេះ ក្នុងអំឡុងទស្សនកិច្ច រដ្ឋមន្រ្តីការបរទេសអាម៉េរិកបាននិយាយថា​ធ្វើការជារៀងរាល់​ថ្ងៃ​​ដើម្បីរារាំងឲ្យមានប្រសិទ្ធភាពនូវការបញ្ជូនអាវុធ និងសម្ភារៈទៅកាន់ប្រទេសរុស្ស៊ី ដែល​មាន​គោលដៅផ្គត់ផ្គង់ម៉ាស៊ីនសង្រ្គាមរបស់ខ្លួន និងផ្គត់ផ្គង់មូលដ្ឋានគ្រឹះឧស្សាហកម្មការពារ​ជាតិរបស់ទីក្រុងមូស្គូ។ សហរដ្ឋអាម៉េរិកព្យាយាមរារាំងការផ្ទេអាវុធ ដែលមានប្រភពជា​អាទិ៍​មក​ពី អ៊ីរ៉ង ចិន និងកូរ៉េ​ខាងជើង និងដែលបន្ទាប់មកប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។ លោក​អន់តូនី ប្ល៊ីនឃិន បានព្រមានថា ៖ “នេះគឺជាការគំរាមកំហែងសម្រាប់សន្តិសុខអឺរ៉ុបទាំងមូល”។

នៅខណៈដែលកងកម្លាំងទីក្រុងគៀវ ខ្វះខាតទាហានដើម្បីប្រឈមមុខនឹងការឈ្លានពាន

របស់​រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានចុះហត្ថលេខា​កាល​ពី​ថ្ងៃ​អង្គារ​លើពង្រាងច្បាប់ដែលគ្រោងបន្ថយអាយុកំណែនទាហានពី ២៧ឆ្នាំ មកនៅត្រឹម ២៥ឆ្នាំ។

នៅលើគេហទំព័ររបស់ខ្លួន សភា រ៉ាដា របស់អ៊ុយក្រែន បានសរសេរថា ពង្រាងច្បាប់ទីមួយ ត្រូវបានអនុម័តកាលពីខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែមិនទាន់បានត្រូវបាន​ផ្សព្វផ្សាយឲ្យ​ប្រើ​ប្រាស់​​ជាសាធារណៈទេ។ អត្ថបទច្បាប់ថ្មីនឹងចូលជាធរមានចាប់ពីថ្ងៃពុធ ទី៣ ខែមេសា។

ការបញ្ចូលឲ្យធ្វើទាហាន បង្កបានជាការជជែកវែក​ញែ​កតាំងពីច្រើនខែមកហើយ នៅប្រទេស​អ៊ុយក្រែន ដែលសព្វថ្ងៃនេះ វាពិបាករកអ្នកស្ម័គ្រចិត្តទៅកាន់សមរភូមិ។

 

Daily Program

Livesteam thumbnail