ជាមួយនឹងសមយុទ្ធ Steadfast Defender 2024 អង្គការណាតូ អាចស្រមៃអំពីសេណារីយ៉ូដ៏អាក្រក់បំផុតជាមួយរុស្ស៊ី
ចាប់ពីសប្តាហ៍នេះ អង្គការណាតូនឹងធ្វើសមយុទ្ធយោធាដ៏ធំបំផុតដែលមិនធ្លាប់មានចាប់តាំង ពីកាបញ្ចប់នូវសង្រ្គាមត្រជាក់។ ការធ្វើសមយុទ្ធក្នុងទ្រង់ទ្រាយធំដែលសំដៅឲ្យសម្ព័ន្ធមិត្ត ត្រៀមខ្លួនសម្រាប់ជម្លោះពេញទំហឹង និងធ្វើឲ្យទីក្រុងក្រឹមឡាំងបោះបង់គំនិតបង្កហេតុ ដែល រុស្ស៊ីកំពុងមានសង្រ្គាមពេញលេញជាមួយអ៊ុយក្រែន ហើយដែលអាចនឹងប៉ះទង្គិចនឹងព្រំដែនរបស់អង្គការណាតូនៅភាគខាងកើត។
ទាហាន ៩០០០០នាក់ត្រូវបានចល័ត ដែលរួមមានការចូលរួមកម្លាំងពីអាម៉េរិក ជាមួយនឹងនាវាចម្បាំង ៥០គ្រឿង យន្តហោះ ៨០គ្រឿង និងយានយន្តប្រយុទ្ធច្រើនជាង ១១០០ គ្រឿង ហើយរថក្រោះ ១៣៣ គ្រឿងក៏ត្រូវដាក់ពង្រាយ។ អង្គការណាតូបានឃើញព្រឹត្តិការណ៍ក្នុងរូបភាពទូលាយសម្រាប់សមយុទ្ធ Steadfast Defender 2024 ដែលជាសមយុទ្ធយោធាដ៏មានសារសំខាន់បំផុតរៀបចំដោយសម្ព័ន្ធមិត្តអាត្លង់ទិច ដែលមិនដែលមានរាប់ទសវត្សមកហើយ។
កាលពីថ្ងៃទី១៨ ខែមករា នៅអំឡុងសន្និសីទកាសែតនៅទីក្រុងប្រ៊ុចសែល មេបញ្ជាការកំពូលនៃកងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុប លោកឧត្តមសេនីយ៍អាម៉េរិក គ្រីស្តូហ្វើ កាវ៉ូលី បានឲ្យដឹងថា ៖ ”នេះគឺជាការបង្ហាញយ៉ាងច្បាស់អំពីយោធារបស់យើង កងកម្លាំងរបស់យើង និងការតាំងចិត្តរបស់យើងដើម្បីការពារសម្ព័ន្ធមិត្តយើងទៅវិញទៅមក។
ប្រធានគណៈកម្មាធិការយោធានៃអង្គការណាតូ ដែលប្រមូលផ្តុំអគ្គមេបញ្ជាការនៃយោធារបស់ប្រទេសសមាជិកនៃអង្គការនេះ លោកឧត្តមនាវាឯក រ៉ប បូអើ ជនជាតិហូឡង់ បានបញ្ជាក់ថា ៖ ”នេះគឺជាឯកតកម្មបើគិតអំពីចំនួនទាហានចូលរួម។”
ដើម្បីប្រតិបត្តិការឲ្យបានល្អនូវសមយុទ្ធយោធាក្នុងទ្រង់ទ្រាយធំនេះ ប្រទេសចំនួន ៣១ នៃសម្ព័ន្ធមិត្ត នឹងផ្តល់កម្លាំងចូលរួម រួមមានទាំង ស៊ុយអែត ដែលសង្ឃឹមថា នឹងចូលរួមជាសមាជិកណាតូនៅពេលក្រោយ ក្រោយពីមានការផ្តល់ភ្លើងខៀវពីប្រទេសទួរគី។
កាលពីថ្ងៃទី២១ មករា រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស លោកហ្គ្រេន ស្ហ៉ាប បានប្រកាសថា ជាអ្នកចូលរួមវិភាគទានយ៉ាងសំខាន់នៅអឺរ៉ុប ចក្រភពអង់គ្លេស ម្នាក់ឯង បានពង្រាយកម្លាំងរហូតដល់ ២០០០០នាក់ នៅក្នុងក្របខណ្ឌនៃសមយុទ្ធនេះ។
ការបង្ហាញកម្លាំងបែបនេះ ធ្លាប់មានម្តង សម្រាប់អង្គការណាតូ គឺសមយុទ្ធយោធា Reforger នៅឆ្នាំ១៩៨៨ ដែលបានដាក់ពង្រាយនៅអឺរ៉ុបនូវទាហាន ១២០០០០នាក់ នៅចំកណ្តាលបរិបទនៃសង្រ្គាមត្រជាក់ពេញទំហឹងរវាងសហភាពសូវៀត និងសម្ព័ន្ធមិត្តអាត្លង់ទិច។
អតីតប្រមុខនៃបេសកកម្មយោធាបារាំងនៅអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក លោកឧត្តមសេនីយ៍ ដូមីនីក ត្រាំងកង់ បានវិភាគថា ៖ ”យើងបានបាត់បង់ទម្លាប់ ប៉ុន្តែនៅសម័យសង្រ្គាមត្រជាក់ សមយុទ្ធប្រភេទនេះ គឺប្រព្រឹត្តឡើង ២ឆ្នាំ ម្តង។ បន្ទាប់មកចាប់តាំងពីទសវត្សឆ្នាំ១៩៩០ ដែលជាសម័យសន្តិភាព គេធ្លាប់បានគិតថា សង្រ្គាមលែងអាចទៅរួចទៀតហើយនៅអឺរ៉ុប។ ពេលនេះ យើងក៏វិលមករកមូលដ្ឋាននៃជម្លោះដែលមានវិសាលភាពធំធេង”។
ប្រាកដណាស់រុស្ស៊ីមិនត្រូវបានគេលើកមកនិយាយ តែនេះគឺជាសេណារីយ៉ូបង្ការពីការឈ្លានពានរបស់គូប្រជែងដែលអាចប្រៀបធៀបគ្នាបាន ទៅនឹងសម្ព័ន្ធមិត្ត ដែលស្ថិតនៅភូមិសាស្រ្តខាងបូព៌ានៃអង្គការណាតូ។ និយាយម្យ៉ាងទៀត គឺជាការប្រើប្រាស់មាត្រាទី៥ នៃអង្គការណាតូ ដែលត្រៀមផ្តល់ជំនួយដល់គ្នាទៅវិញទៅមក រវាងរដ្ឋសមាជិកក្នុងករណីមានការវាយប្រហារ។
អ្នកសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងមូលនិធិសម្រាប់ការសិក្សាស្រាវជ្រាវយុទ្ធសាស្រ្ត លោកអូលីវីយ៉េ កំ បានវាយតម្លៃ ថា ៖ “វាអាចទៅរួចថា នៅក្នុងបរិបទនៃសង្រ្គាមនៅអ៊ុយក្រែន សម្ព័ន្ធមិត្តក៏ចង់បង្កើនទំហំនៃសមយុទ្ធយោធាដើម្បីទាញយកបាននូវអត្ថប្រយោជន៍ដ៏ប្រសើរបំផុតពីបទពិសោធន៍នៃប្រតិបត្តិការណ៍នេះ។”