ជាជនផ្តាច់ការ ជាការពិតស្ថិតនៅក្នុងស្ថានភាពភ័យខ្លាច
លោកម៉ាកសែល ឌៀស៊ូស នយោបាយវិទូជនជាតិអាឡឺម៉ង ពន្យល់អំពីអ្វី ដែលតាមការពិត ជនផ្តាច់ការស្ថិតនៅក្នុងស្ថានភាពផុយស្រួល និងហេតុអ្វី ជនផ្តាច់ការមានរាល់មូលហេតុក្នុង ពិភពលោកដើម្បីរស់នៅក្នុងភាពភ័យខ្លាច…
ការដួលរលំរបស់លោកបាស្ហ៉ាល អេល អាសាដ នៅប្រទេសស៊ីរី បានរំឭកអំពីភាពផុយស្រួលនៃអាជីបជាជនផ្តាច់ការ។
លោកម៉ាកសែល ឌៀស៊ូស រំឭកថា ចាប់តាំងពីសង្រ្គាមលោកលើកទី២ ជនផ្តាច់ការជាង ២/៣ បន្ទាប់ពីចាកចេញពីអំណាច បានរស់នៅនិរទេស ជាប់គុក ឬត្រូវគេធ្វើឃាត។ នយោបាយវិទូអាឡឺម៉ង ព្រមានថា ៖ “នៅលើកម្រាលព្រំក្រហមដែលមេដឹកនាំផ្តាច់ការនានាដើរ នៅពេលដែលពួកគេឡើងកាន់អំណាច ពួកគេតម្រូវឲ្យស្ថិតនៅរហូត ដោយសារតែទោះបីពួកគេចុះពីអំណាចដោយឆន្ទៈ ក៏បានបង្ហាញឲ្យឃើញមាននូវការប្រថុយប្រថានបំផុត”។
ដោយផ្អែកលើមូលដ្ឋានទិន្នន័យ និងប្រវត្តិសាស្រ្ត និក្ខេបបទរបស់លោកបានផ្តល់ដ៏ពិតប្រាកដអំពីរបៀបដែលប្រជាជនអាចរួចខ្លួនពីអំណាចផ្តាច់ការ។
លោកម៉ាកសែល ឌៀស៊ូស ពន្យល់ថា ហេតុអ្វីអ្នកកាន់អំណាចផ្តាច់ការដូចជាតួយ៉ាង លោកវ្លាឌីមៀ ពូទីន មានរាល់ហេតុផលក្នុងការដេកមិនលក់នៅពេលយប់ និងមិនទុកចិត្តអ្នកនៅជុំវិញជិតស្និទ្ធជាងប្រជាជនរបស់គាត់ទៅទៀត។ បើតាមរូបលោក ប្រវត្តិសាស្រ្តក៏បានបង្ហាញថា លោកបាស្ហ៉ាល់ អេល អាសាដ គ្មានហេតុផលណានឹងមានអារម្មណ៍សុវត្ថិភាពនៅទីក្រុងមូស្គូនោះទេ។ ហើយយើងមិនត្រូវមានសុទិដ្ឋិនិយមពេកចំពោះប្រទេសស៊ីរីនោះដែរ ៖ រវាងឆ្នាំ១៩៥០ និងឆ្នាំ២០១២ នៅពេលដួលរលំអំណាចផ្តាច់ការ គឺមានតែ ២០% នៃស្ថានភាពប៉ុណ្ណោះ ដែលវិលទៅរកអំណាចប្រជាធិបតេយ្យ...
នៅក្នុងរបបប្រជាធិបតេយ្យ គេជារឿយៗ ចាត់ទុកជនផ្តាច់ការគឺមានអំណាចផ្តាច់មុខ។ គេស្រមៃពួកគេស្ថិតនៅក្នុងវិមាន និងអាចទទួលបាននូវអ្វីដែលគេត្រូវការដោយគ្រាន់តែចង្អុលដៃ។ ជាការពិត គ្មានមេដឹកនាំណា ដែលអាចមានអំណាចដាច់ខាតនោះទេ។ ម្យ៉ាងជនផ្តាច់ការត្រូវពឹងលើអ្នកដទៃៗទៀត ដើម្បីស្ថិតនៅក្នុងអំណាច។ ពួកគេប្រឈមមុខនឹងការលំបាកធំៗ ពីរ។ ទី១ ពួកគេនឹងមានគ្រោះថ្នាក់ធំប្រសិនបើពួកគេបាត់បង់អំណាច។ យោងតាមទិន្នន័យ ៦៩% នៃមេដឹកនាំផ្តាច់ការដែលបានចាកចេញពីអំណាចនឹងបញ្ចប់នៅក្នុងគុក បង្ខំចិត្តនិរទេស ឬត្រូវបានគេសម្លាប់។ បើយោងតាមស្ថិតិ ដូច្នេះ ពួកគេមិនអាចបោះបង់តំណែង ឬត្រូវធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីរក្សាអំណាច។ ប្រសិនបើមិនដូច្នេះ ពួកគេប្រឈមនឹងបាត់បង់សេរីភាព ឬក៏អាយុជីវិតផង។ ទីពីរ នៅទីកន្លែងណាដែលមានគោលការណ៍ប្រជាធិបតេយ្យកើតមាននៅលើចំនួនប្រជាជនច្រើននោះ វានឹងលំបាកសម្រាប់អំណាចផ្តាច់ការ។ តួយ៉ាងរបបផ្តាច់ការ ដូចជារបបរបស់លោកគីម ជុងអ៊ុន នៅកូរ៉េខាងជើង ឈជើងបានលើមូលដ្ឋានគ្រួសារ ប្រហែល ១០០។ វាគ្រប់គ្រាន់ក្នុងការបាត់បង់ការគាំទ្រពីមនុស្សម្នាក់ ឬ ២នាក់ ក៏អាចបង្កគ្រោះថ្នាក់ធ្វើឲ្យរបបដួលរលំដែរ។ ជនផ្តាច់ការដើរទៅមុខក្នុងអ័ព្ទ និងធ្វើមិនដឹងមិនឮចំពោះភាពស្មោះត្រង់របស់មនុស្សនៅជុំវិញ ហើយអ្នកដែលអាចសម្តែងមតិសេរី ក៏មិនចង់ទៅរស់នៅក្នុងគុក នៅជំរុំធ្វើការជាទម្ងន់ ឬដេកក្នុងមជ្ឈូសនោះទេ។
ប្រសិនបើគេពិចារណា ឲ្យបានល្អ មេដឹកនាំផ្តាច់ការ គឺស្ថិតនៅក្នុងស្ថានភាពដ៏គួរឲ្យភ័យខ្លាច។ គេអាចបាត់បង់អំណាចមិនថា នៅពេលណាទេ មនុស្សនៅជុំវិញគេ តំណាងឲ្យការគំរាមកំហែងដ៏ខ្លាំង ហើយប្រសិនបើគេត្រូវបានដកតំណែង ឬលាលែងខ្លួនឯង គេប្រឈមមុខនឹងការបាត់បង់ជីវិត។