គ្រីស្តបរិស័ទនៅហ្វីលីពីនបន្តអំពាវនាវស្វែងរកការគាំទ្រសម្រាប់ជនដែលរងគ្រោះរញ្ជួយដី
គ្រីស្តបរិស័ទនៅតាមព្រះសហគមន៍នីមួយៗនៅប្រទេសហ្វីលីពីនបានកំពុងតែបន្តការអំពាវនាវរកការអធិស្ឋាន និងការគាំទ្រដល់ជនរងគ្រោះបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារផ្នែកខ្លះនៃមីនដាណាវនៅភាគខាងត្បូងនៃប្រទេស ដែលបណ្តាលឱ្យមានអ្នកស្លាប់ របួស និងការខូចខាតយ៉ាងទូលំទូលាយ។
ក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតគឺកោះ បាលូត (Balut) និងកោះ សារ៉ានហ្គានី (Sarangani) ដែលជាកោះភ្នំភ្លើងដាច់ស្រយាលស្ថិតនៅភាគខាងត្បូងនៃមីនដាណាវ ជិតព្រំដែនសមុទ្រជាមួយប្រទេសឥណ្ឌូនេស៊ី បានកំពុងដង្ហោយរកការគាំទ្រខ្លាំងបំផុត។
តំបន់នោះរងគ្រោះធ្ងន់ធ្ងរសូម្បីតែព្រះវិហារ មណ្ឌលសកម្មភាព និង ការិយាល័យបេសកម្មនានា សុទ្ធតែរងគ្រោះយ៉ាងដំណំ ហើយមកដល់ពេលនេះសេវាកម្មនានាចូលទៅកាន់តំបន់រងគ្រោះកំពុងតែលំបាក ពីព្រោះការរញ្ជួយដីក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ ដែលធ្វើឱ្យប្រជាជនជាច្រើនត្រូវបានផ្លាស់ទីលំនៅ និងធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
មកដល់ពេលនេះកំពង់ផែ ផ្លូវថ្នល់ គឺសុទ្ធតែត្រូវបានបំផ្លាញ ចរន្តអគ្គិសនីត្រូវកាត់ផ្តាច់ទាំងស្រុង ហើយបណ្តាញទំនាក់ទំនងដែលខូចខាតបានរារាំងប្រតិបត្តិការសង្គ្រោះបន្ទាន់បន្ថែមទៀត ។
មកដល់ពេលនេះព្រះសហគមន៍និងសហគមន៍នានា នៅលើកោះទាំងនោះ កំពុងតែស្ថិតនៅក្នុងស្ថានភាពជាកោះដែលឯកោរ ហើយអ្នកដែលចូលទៅដល់បានគឺមានតែកងទ័ពអាកាសហ្វីលីពីន ដែលកំពុងតែមមាញឹកនៅក្នុងការជួយសង្រ្គោះអ្នកដែលរងរបួសធ្ងន់ធ្ងរ ប៉ុណ្ណោះ ។
ប្រឈមមុខនឹងស្ថានភាពទាំងនេះ ព្រះសហគមន៍កាតូលិកហ្វីលីពីន បានបន្ត អំពាវនាវឱ្យមានការអធិស្ឋាន និងជំនួយហិរញ្ញវត្ថុសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញនៅបន្តអូសបន្លាយពេល៕