គ្រីស្តបរិស័ទនៅនៅបង់ក្លាដេសរៀបចំខួប៧៥ឆ្នាំនៃការបង្កើតជាអគ្គភូមិភាគទីក្រុងដាកា
គ្រីស្តបរិស័ទនៅក្នុងប្រទេសបង់ក្លាដេសប្រមាណជា ៤០០ នាក់ ដោយរួមទាំងលោកបូជាចារ្យនិងដូនជី៧៥ រូបបានមកចូលរួមពិធីបុណ្យករុណាទិគុណនៃខួប៧៥ឆ្នាំនៃការសម្រេចទទួលស្គាល់អគ្គភូមិភាគ ដាកា។
ពិធីអំណរសប្បាយនិងជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះត្រូវបានគេដឹងថា បានរៀបចំឡើងនៅវិសាលវិហារសន្តីម៉ារីនៅក្នុងសង្កាត់ ដាម៉ាផាលី (Dharmapalli) ដែលមានទីតាំងស្ថិតនៅភាគខាងជើងទីក្រុងដាកាចាស់ កាលពីថ្ងៃទី២១ ខែ មេសា កន្លងទៅថ្មីៗនេះ។
ពិធីនេះរៀបចំដោយលោក បេចូយ អ៊ិនឌី គ្រូស (Bejoy N. D’Cruze)អគ្គអភិបាលនៃអគ្គភូមិភាគ ដាកា និងជាប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកបង់ក្លាដេស។
លោកអគ្គអភិបាលបានគូសបញ្ជាក់ពីបេតិកភណ្ឌខាងវិញ្ញាណព្រះសហគមន៍ ជំនឿ ប្រពៃណី និងចិត្តសប្បុរសរបស់គ្រីស្តបរិស័ទដែលមានឫសគល់តាំងពីសតវត្សរ៍ទី១៦មក។
លោកអគ្គអភិបាលបាន រំលឹកពីការលះបង់ដែលបានធ្វើឡើងកាលពីអតីតកាល និង ការបូជាដើម្បីបុព្វហេតុជំនឿនៅទីក្រុងដាកា តាំងតែពីឆ្នាំ១៦៣២មក។
នាឱកាសនោះ លោកអគ្គអភិបាល បានជំរុញហើយលើកទឹកចិត្តឱ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់រក្សា ស្មារតីនៃសាមគ្គីភាព និងលះបង់ចំពោះសាលានៃចិត្តសប្បុរស និងការបម្រើ បើកចំហសម្រាប់ទាំងអស់គ្នា និងគ្មានភាពអសកម្ម។
អ្នកចូលរួមម្នាក់នៅក្នុងព្រឹត្តិការណ៍នោះ គឺលោក សិលា ខូរ៉ាយ៉ា ( Peter Corraya ) បានប្រាប់ RVA News ថា ពិធីនេះបានធ្វើឱ្យអារម្មណ៍ទទួលខុសត្រូវរបស់លោកនៅក្នុងនាមជាគ្រីស្តបរិស័ទកាន់តែស៊ីជម្រៅ ហើយនឹងបន្តប្រកាសដំណឹងល្អនេះបន្តទៀតឲ្យទូលំទូលាយ។
សព្វថ្ងៃអគ្គភូមិភាគដាកាមានគ្រីស្តបរិស័ទជាង ៨ម៉ឺននាក់ ដោយមានព្រះសហគមន៍ចំណុះ២៧ សាកលទេវវិទ្យាល័យមួយ មហាវិទ្យាល័យកាតូលិកចំនួន៩ វិទ្យាល័យចំនួន១៨ សាលាបឋមសិក្សាចំនួន៣៥ មន្ទីរពេទ្យមួយ និងឱសថស្ថាន ឬមណ្ឌលសុខភាពចំនួន១៦កន្លែង៕