គ្រីស្តបរិស័ទខ្មែរជួបសម្តេចប៉ាប ឡេអូ ទី១៤ នៅទីក្រុងរ៉ូម៖ សាក្សីនៃ «ការធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់សេចក្តីសង្ឃឹម»

គ្រីស្តបរិស័ទខ្មែរជួបសម្តេចប៉ាប ឡេអូ ទី១៤ នៅទីក្រុងរ៉ូម៖ សាក្សីនៃ «ការធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់សេចក្តីសង្ឃឹម»

ក្រុមគ្រីស្តបរិស័ទកាតូលិកមួយក្រុមតូចមកពីព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានទទួលពរដ៏វិសេសវិសាល ដោយបានចូលគាល់ដោយផ្ទាល់ជាមួយ សម្តេចប៉ាប ឡេអូ ទី១៤ កាលពីខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃ បូជនីយចរ «ឆ្នាំមហាករុណាទិគុណ»។

លោកអភិបាល គីកេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ដែលបានដឹកនាំក្រុមនេះផ្ទាល់ បានរៀបរាប់ថា គ្រានោះគឺជាពេលវេលាពោរពេញដោយ «អំណរសប្បាយ និងសេចក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅ» ដែលបានពង្រឹងជំនឿ និងកម្លាំងចិត្តឲ្យយើងជាគ្រីស្តបរិស័ទកម្ពុជាបន្តដំណើរទៅមុខយ៉ាងរឹងមាំ។


ក្រុមបូជនីយចរ ជាគ្រីស្តបរិស័ទខ្មែរនេះមកពីព្រះសហគមន៍ចំណោម ក្នុងភូមិភាគបាត់ដំបង ដែលមាន "ភាពចម្រុះដ៏សម្បូរបែប (mosaic of faith)"។ សមាសភាពក្រុមមានភាពទូលំទូលាយ ដោយមានលោកឪពុក វ៉ាំងសង់ ជាសាសនទូតបារាំង រួមទាំងគ្រីស្តបរិស័ទដែលមានបទពិសោធន៍ខុសៗគ្នា៖ បងប្អូនដែលបានឆ្លងកាត់របបសង្គ្រាម និងជាសាក្សីនៃការរស់ឡើងវិញនៃព្រះសហគមន៍កាតូលិកនៅកម្ពុជា។ គូស្វាមីភរិយាវ័យក្មេង និងស្ត្រីមានផ្ទៃពោះម្នាក់ ព្រមទាំងដូនជីអ៊ូស៊ូលីនពីរនាក់។
លោកអភិបាល គីកេ បានបន្តថា លោកបានទូលថ្វាយសម្តេចប៉ាបនូវបំណងចង់ជួបជាក្រុម ហើយប៉ុន្មានថ្ងៃក្រោយមក សម្តេចក៏បានអនុញ្ញាតឲ្យក្រុមចូលគាល់ ជាឯកជន និងក្រៅផ្លូវការ ដោយព្រះហឫទ័យសប្បុរស។

លោកអភិបាលបានបន្តរៀបរាបទៀតថា 
បទពិសោធន៍ដ៏កម្រនេះ បានបន្សល់ទុកនូវបទពិសោធន៍ដ៏ជ្រាលជ្រៅចំនួនបួនចំណុចដែលដក់ជាប់ក្នុងដួងចិត្តរបស់ម្នាក់ៗ៖
១. ព្រះសហគមន៍ជាទំនាក់ទំនងបងប្អូន
សម្តេចប៉ាបបានស្តាប់ដោយយកចិត្តទុកដាក់បំផុតចំពោះរឿងរ៉ាវពីកម្ពុជា និងបានបង្ហាញពីគំរូនៃព្រះសហគមន៍ដែលអនុវត្តតាម Synodal (ការធ្វើដំណើររួមគ្នា)។ លោកអភិបាល គីកេ បានបញ្ជាក់ថា សម្តេចប៉ាបបានបង្ហាញថា ព្រះសហគមន៍មិនមែនត្រឹមតែជាស្ថាប័នទេ ប៉ុន្តែជាទំនាក់ទំនងភាពជាបងប្អូន និងការរាប់រកគ្នាដោយចិត្តមេត្តា។
២. ភាពទន់ភ្លន់របស់គង្វាលចំពោះញត្តិសុំសន្តិភាព

ទោះបីមានកាលវិភាគមមាញឹកក្តី សម្តេចប៉ាបបានផ្តល់ពេលវេលាដ៏មានតម្លៃ និងកក់ក្តៅដល់ក្រុម ដោយសួរសុខទុក្ខយ៉ាងពិសេសចំពោះស្ត្រីមានផ្ទៃពោះ និងគូស្វាមីភរិយា។ សម្តេចប៉ាបក៏បានស្តាប់ដោយព្រះហឫទ័យទុកដាក់បំផុតចំពោះ ញត្តិសុំសន្តិភាព ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានប៉ះពាល់ដល់ប្រជាជនជិត ២០០,០០០ នាក់។ ជាមួយគ្នានេះព្រះអង្គក៏បានទទួលដោយក្ដីរំភើបរូបសំណាកព្រះនាងម៉ារីពីកម្ពុជា ដែលជាសញ្ញានៃការរួបរួមដ៏ជ្រាលជ្រៅ។

៣. ព្រះភក្រ្តគង្វាលដ៏ជិតស្និទ្ធ
វត្តមានរបស់សម្តេចប៉ាប ឡេអូ ទី១៤ បានបង្ហាញនូវសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់គង្វាលពិតប្រាកដ។ តាមរយៈនេត្រាស្រទន់ និងស្នាមញញឹម សម្តេចបានផ្តល់សេចក្តីមេត្តា និងសេចក្តីសង្ឃឹម ដែលធ្វើឲ្យក្រុមមានអំណរសប្បាយ និងមានកម្លាំងឡើងវិញ។

៤. ការអញ្ជើញឲ្យបន្តបេសកកម្ម
ជំនួបនេះបានរំឭកក្រុមគ្រីស្តបរិស័ទខ្មែរថា គោលដៅចុងក្រោយនៃជីវិតគឺព្រះជាម្ចាស់ ហើយព្រះអង្គបានអញ្ជើញពួកគេឲ្យមានការផ្លាស់ប្តូរដ៏ជ្រាលជ្រៅ និងបន្តបេសកកម្មរបស់ព្រះសហគមន៍ ដោយធ្វើដំណើររួមគ្នា ស្ដាប់គ្នាទៅវិញទៅមក ក្នុងសេចក្តីសង្ឃឹម និងមេត្តាករុណា។

លោកអភិបាល គីកេ ហ្វីការេដូ បានបញ្ចប់ដោយបញ្ជាក់ថា មក ជំនួបនេះ បានឲ្យយើងមើលឃើញថា ជាផ្នែកមួយរបស់ Synodal៖ គឺធ្វើដំណើររួមគ្នា និងស្តាប់គ្នាទៅវិញទៅមក ដើម្បីចូលរួមក្នុងបេសកកម្មរបស់ព្រះសហគមន៍ដោយសេចក្តីសង្ឃឹម និងមេត្តាករុណា។ សម្តេចប៉ាប ឡេអូ បានរំឭកយើង តាមរយៈគំរូរបស់ព្រះអង្គថា ជាព្រះសហគមន៍ គឺការរស់នៅរួមគ្នាជាបងប្អូន ដោយចិត្តសុភាពរាបសារ ការគោរព និងអំណរសប្បាយ។ ព្រះជាម្ចាស់បានចាត់ យើងទាំងអស់គ្នាឲ្យទៅបម្រើ; យើងធ្វើដំណើររួមគ្នាក្នុងមេសកកម្មប្រកាសដំណឹងល្អ — ជាការធើ្វដំណើររួមគ្នាឆ្ពោះទៅកាន់សេចក្តីសង្ឃឹម ដែលមិនធ្វើឲ្យយើងខកចិត្តឡើយ។

Tags