គណៈកម្មការផ្នែកអប់រំជំនឿឥណ្ឌូណេស៊ីអំពាវនាវឱ្យមានការអប់រំជំនឿនៅក្នុងក្រុមគ្រួសារ
គណៈកម្មការផ្នែកអប់រំជំនឿមកពីភូមិភាគកាតូលិកចំនួន ៧ នៅកោះជ្វា ប្រទេសឥណ្ឌូណេស៊ី បានអំពាវនាវឱ្យមានការផ្លាស់ប្តូរពីទម្រង់នៃការអប់រំជំនឿ។
តាមស្មារតីចេញពីកិច្ចប្រជុំគណៈកម្មការផ្នែកអប់រំជំនឿប្រចាំតំបន់ជ្វា ដែលបានធ្វើឡើងពីថ្ងៃទី ៨ ដល់ ១១ ខែកញ្ញា ដែលមានការចូលរួមពីតំណាងព្រះសហគមន៍នានានៅក្នុងតំបន់ចំនួន ៥៧ នាក់មកពីភូមិភាគទាំង ៧ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរការអប់រំជំនឿ ពី «ការអប់រំជំនឿសម្រាប់ក្រុមគ្រួសារ» ទៅជា «ការអប់រំជំនឿដោយឱ្យក្រុមគ្រួសារជួយអប់រំបន្ត» ដោយសង្កត់ធ្ងន់ថា ក្រុមគ្រួសារគួរតែជាអ្នកចូលរួមយ៉ាងសកម្មក្នុងការកសាងជំនឿ ជាជាងគ្រាន់តែជាអ្នកទទួលយកជំនឿនោះ។
នៅក្នុងឱកាសនោះ អ្នកចូលរួមបានលើកឡើងថា ការអប់រំជំនឿគួរតែលើសពីការគ្រាន់តែបង្រៀនគោលលទ្ធិ ដោយត្រូវជំរុញឱ្យមានការជួបជុំគ្នា ការធ្វើជាសាក្សីតាមរយៈជីវិតប្រចាំថ្ងៃ និងការអមដំណើរក្រុមគ្រួសារនៅក្នុងស្ថានភាពជាក់ស្តែងរបស់ពួកគេ។
ពួកគេបានស្នើឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងគណៈកម្មការផ្នែកអប់រំជំនឿ និងគណៈកម្មការផ្នែកគ្រួសារប្រចាំភូមិភាគ តាមរយៈការសម្របសម្រួលជាប្រចាំ និងកម្មវិធីរួមគ្នា។ នៅក្នុងកិច្ចប្រជុំនេះ តំណាងភូមិភាគនានាក៏ត្រូវបានលើកទឹកចិត្តឱ្យកំណត់ និងពង្រឹងធនធានដែលមានស្រាប់ រួមមាន អ្នកអប់រំជំនឿ គូស្វាមីភរិយា អ្នកចិត្តសាស្ត្រ អ្នកអប់រំ និងបុគ្គលិកផ្នែកសេវាគង្វាល ព្រមទាំងបង្កើតបណ្តាញដើម្បីចែករំលែកធនធានមនុស្ស និងបទពិសោធន៍នៅក្នុងព្រះសហគមន៍ផងដែរ។
