គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC)តវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) នៅព្រឹកថ្ងៃទី១៥​ ខែសីហានេះ ធ្វើការតវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ មកលើបូរណភាពទឹកដីកម្ពុជាដោយបានរាយបន្លាលួស សំណាញ់ រនាំងនិងដាក់កងឡានលើកំណាត់ខ្សែព្រំដែននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

១. នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 46-47 ស្ថិតក្នុងភូមិសាស្ត ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

២.នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-43 ស្ថិតក្នុងភូមិសាស្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

៣.នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានប៉ុនប៉ងធ្វើសកម្មភាពរាយបន្លាលួសសំណាញ់ រនាំង និងដាក់កង់ឡាន នៅបរិវេណច្រកទ្វារព្រំដែនបឹងត្រកួន នៅកំណាត់ខ្សែព្រំដែន ស្ថិតក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានឬទ្ធិ និងភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយឃើញមានវត្តមានប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជា ព្រមទាំងអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍នៅតំបន់នេះ យោធាថៃក៏សម្រេចបញ្ឈប់សកម្មភាព និងដកថយត្រឡប់ទៅវិញ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) សង្កត់ធ្ងន់ថា ៖«សកម្មភាពទន្ទ្រានកាន់កាប់យកដី ជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួសសំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនខាងលើនេះ គឺជាសកម្មភាពរំលោភលើស្មារតីន MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ព្រមទាំងបំផ្លាញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការនៃការចរចា​របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ»។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) សូមធ្វើការតវ៉ាប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ និងទាមទារឱ្យរុះរើជាបន្ទាន់នូវបន្លាលួសសំណាញ់ និងកង់ឡាន ព្រមទាំងចាត់វិធានការទប់ស្កាត់កុំឱ្យកើតមានសកម្មភាពរំលោភបំពានបែបនេះ តទៅទៀត នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕

 

 

Daily Program

Livesteam thumbnail