គណបក្ស កម្លាំងជាតិ ទាមទារឱ្យដោះលែងប្រធានគណបក្ស និងអ្នកទោសមនសិកាជាច្រើនរូបទៀត
នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការគណបក្ស កម្លាំងជាតិ បានរៀបចំការជួបជុំសម្តែងមតិដោយសន្តិវិធី ដើម្បីទាមទារឱ្យមានការដោះលែងប្រធានគណបក្ស លោក ស៊ុន ចន្ទី រួមនឹងអ្នកទោសមនសិការជាច្រើនរូបទៀត។
អ្នកទោសទាំងនោះរួមមាន៖ លោក ថាច់ សេដ្នី លោក អ៊ុំ វីរៈរដ្ឋ លោក មី សេងហ៊ (គា វិលាល) លោក កាក់ កុម្ភៈ លោក ចៅ វាសនា លោក អេង ស្ទួយ លោក ខឿន មីរ៉ាត់ លោកសី នូ សិទ្ធរី លោក តូច ខឹង លោក ហេង ច័ន្ទសុទ្ធី កញ្ញា សេង ច័ន្ទធារី កញ្ញា ឈឹម ស៊ីថរ លោក កើត សារ៉ាយ លោក ម៉ម រិទ្ធី និងអ្នកជាប់ឃុំមនសិកាផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញ។
គណបក្ស កម្លាំងជាតិ យល់ឃើញថា ៖ «អ្នកជាប់ឃុំមនសិកាខាងលើមិនមានទោសកំហុសឡើយ ពួកគាត់ប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើសកម្មភាពនយោបាយ សហជីព សមាគម និងការងារសង្គម នានា ដែលជាសិទ្ធិស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានេះដែរ គណបក្ស កម្លាំងជាតិ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យដោះលែងពួកគាត់ឱ្យមានសេរីភាព ឡើងវិញ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក្នុងការទាញយកផលចំណេញយ៉ាងធំធេង ផ្នែកទំនាក់ទំនងអន្តរជាតិ ក៏ដូចជាផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាអាចទទួលបានមកវិញនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ១០០% ពីសហគមន៍អឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិក និងអត្ថប្រយោជន៍ជាច្រើន ទៀតពីសហគមន៍អន្តរជាតិ។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានប្រាប់ឱ្យដឹងថា លោកនៅតែព្យាយាមចង់ធ្វើការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ទោះបីជាទីនេះធ្វើនៅទីស្នាក់ការបក្សក៏ដោយ ប៉ុន្តែការប្រមូលផ្តុំនាពេលក្រោយៗ លោកនឹងទទូចចង់ធ្វើនៅទីលានប្រជាធិបតេយ្យ ដើម្បីបញ្ចៀសកុំឱ្យមានផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅលើដងផ្លូវ។
លោកបានថ្លែងថា ៖ «បើតុលាការឯករាជ្យអនុវត្តតាមវិជ្ជាជីវៈតុលាការ អ្នកជាប់ឃុំទាំងអស់នឹងទទួលបានសេរីភាពក្នុងពេលឆាប់ៗនេះ ប៉ុន្តែបើតុលាការមិនអនុវត្តតាមក្រមវិជ្ជាជីវៈ ហើយទទួលឥទ្ធិពលពីអ្នកមានអំណាច ទទួលឥទ្ធិពលពីអ្នកនយោបាយ អាហ្នឹង! យើងពិបាករំពឹង ប៉ុន្តែទោះបីជាយ៉ាងណា យើងក៏ត្រូវតែបង្ហាញការតស៊ូ ជំហររបស់គណបក្សកម្លាំងជាតិ»។
បើតាមលោក រ៉ុង ឈុង គណបក្សកម្លាំងជាតិនឹងព្យាយាមទាមទារម្តងហើយម្តងទៀតរហូតទទួលបានជោគជ័យ ដោយលោកមិនបោះបង់គោលដៅចោលនោះទេ។
សូមរម្លឹកផងដែរថា កាលពីរសៀលថ្ងៃទី១១ ខែមិថុនា មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ ឈ្មោះ ស៊ុន ចន្ទី ជាប្រធានគណបក្ស កម្លាំងជាតិ លោក ជួង ជូងី បានសម្រេចធ្វើពហិការក្នុងសវនការសាលាឧទ្ធរណ៍ លើបណ្តឹងឧទ្ធរណ៍ប្តឹងនឹងដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយសារមិនមានវត្តមានលោក ស៊ុន ចន្ធី។
ជនត្រូវចោទ ឈ្មោះ ស៊ុន ចន្ទី ជាប្រធាន គណបក្ស កម្លាំងជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលបានប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែង ផ្សេងទៀត ក្នុងឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕