គណបក្សកម្លាំងជាតិ ចេញមកថ្កោលទោស និងអំពាវនាវឱ្យដោះលែង លោក ស៊ុន ចន្ធី
គណបក្ស កម្លាំងជាតិ និងគណបក្ស ភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ផ្សេងគ្នា ដោយបានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។
លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅព្រលានយន្តហោះ អន្តរជាតិ រាជធានីភ្នំពេញ បន្ទាប់ពីលោកបានត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ៖ «គណបក្ស កម្លាំងជាតិ ចាត់ទុកការចាប់ខ្លួន លោក ស៊ុន ចន្ទី គឺជាការគំរាមកំហែង បំភិតបំភ័យ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្ស កម្លាំងជាតិ និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា»។
គណបក្ស កម្លាំងជាតិ បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដោះលែង លោក ស៊ុន ចន្ទី ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ ដើម្បីបើកលំហសិទ្ធិសេរីភាពនយោបាយ សម្រាប់គណបក្សកម្លាំងជាតិ ក្នុងការចូលរួមចំណែកលើកម្ពស់សិទ្ធិសេរីភាព និងដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ដូចគ្នានេះដែរ គណបក្ស ភ្លើងទៀន ក៏បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលនេះដែរ ដោយបានបង្ហាញការសោកស្ដាយក្រោយពីទទួលបានព័ត៌ពីការចាប់ខ្លួនលោក ស៊ុន ចន្ទី នេះ។
គណបក្សភ្លើងទៀន យល់ឃើញថា ការឃាត់ខ្លួនលោក ស៊ុន ចន្ទី គឺជារឿងនយោបាយ និងជាការបង្ហាញនូវរូបភាពបំភិតបំភ័យ និងគំរាមកំហែង ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិនយោបាយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្មារតីប្រជាពលរដ្ឋខ្មែរ ក្នុងការចូលរួមសកម្មភាពនយោបាយ។
ប្រភពដដែលបានបន្តថា ជាពិសេសជាមួយគណបក្សប្រឆាំង និងជាការធ្វើឱ្យបរិយាកាសនយោបាយ មុនការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កាន់តែមានភាពអាប់អួរថែមទៀត។
គណបក្សភ្លើងទៀន បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចដោះលែងលោក ស៊ុន ចន្ទី និងដោះលែងរាល់អ្នកទោសនយោបាយទាំងអស់ ឱ្យមានសេរីភាពឡើងវិញ និងបញ្ឈប់រាល់ការឃាត់ខ្លួន ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព មកលើ អ្នកនយោបាយ ជាពិសេសអ្នកនយោបាយនៅក្នុងគណបក្សប្រឆាំង។
ពាក់ព័ន្ធនឹងការលើកឡើងរបស់គណបក្សភ្លើងទៀនថា ការចាប់ខ្លួននេះជារឿងនយោបាយ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានប្រាប់ឱ្យដឹងថា ការលើកឡើងថាការចាប់ខ្លួនរបស់សកម្មជននយោបាយ ឬថ្នាក់ដឹកគណបក្សនយោបាយ សុទ្ធតែជារឿងនយោបាយនោះ គឺវាមិនមានលក្ខណៈវិទ្យាសាស្រ្តទេ។
លោកបានបន្តថា ៖ «វាជាទំលាប់របស់ពួកគាត់ហើយដែលតែងតែភ្ជាប់ករណីព្រហ្មទណ្ឌទៅជារឿងនយោបាយដើម្បីសម្រាលនូវស្ថានការណ៍ ហើយដាក់បន្ទុកស្ថានការណ៍មកលើកម្ពុជា ជាដើម»។
សូមបញ្ជាក់ថា ការចាប់ខ្លួនលោក ស៊ុន ចន្ទី នេះ គឺជាការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួន ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ របសតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបានប្រព្រឹត្តតាមរយៈការបង្ហោះផ្សព្វផ្សាយ ព័ត៌មានលើបណ្តាញសង្គម ក្នុងចេតនាញុះញង់បំភ្លឺព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឱ្យ មានភាពវឹកវរក្នុងសង្គម៕