គ.ជ.ប ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត នៅខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តតាកែវ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត នៅខេត្តចំនួន ៣ គឺខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តតាកែវ។
ការបង្កើតមជ្ឈមណ្ឌលនេះ ដើម្បីបម្រើដល់អ្នកស្រាវជ្រាវ មហាជន ទូទៅដែលជាភាគីពាក់ព័ន្ធ ជាពិសេស សិស្សានុសិស្ស និងនិស្សិត ដែលជាយុវជន បានចូលទៅ សិក្សាស្វែងយល់ និងទទួលបានព័ត៌មានអំពីការបោះឆ្នោតនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងកោតសរសើរចំពោះអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃ គ.ជ.ប លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តតាកែវ និងអ្នកជំនាញការទីភ្នាក់ងារ JICA ប្រចាំ គ.ជ.ប ដែលបានផ្តួចផ្តើម និងសហការរៀបចំបង្កើតឱ្យលេចចេញជារូបរាងនៃមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត ដែលមានទីតាំងនៅក្នុងបរិវេណនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៃខេត្តទាំងបីនេះ។
លោកបានមានប្រសាសន៍ថា ៖ «ការបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនេះឡើង គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់បម្រើដល់អ្នកសិក្សាស្រាវជ្រាវ សិស្សានុសិស្ស និងសាធារណជន ដែលមានបំណងសិក្សាស្រាវជ្រាវ និងស្វែងរកព័ត៌មានអំពីការបោះឆ្នោតនៅកម្ពុជា»។
មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតមានឯកសារជាច្រើន ដូចជា សៀវភៅរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត សៀវភៅក្រមសីលធម៌ដែលបោះពុម្ពផ្សាយដោយគ.ជ.ប សៀវភៅណែនាំ សៀវភៅជំនួយស្មារតី សៀវភៅសម្រាប់អ្នកបោះឆ្នោត ខិត្តបណ្ណ ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប ព្រឹត្តិបត្រគោលនយោបាយរបស់គណបក្សនយោបាយជាដើម។
លើសពីនេះ មជ្ឈមណ្ឌលក៏មានកម្មវិធីបង្ហាញដល់សាធារណជន សិស្ស និស្សិត ឱ្យបាន ស្វែងយល់អំពីការប្រព្រឹត្តទៅនៃការបោះឆ្នោត ព្រមទាំងមានទូរទស្សន៍ កុំព្យូទ័រ និងថេបប្លែត (Tablet) ដែលមានភ្ជាប់សេវាអ៊ីនធឺណិត សម្រាប់ឱ្យសាធារណជនបានប្រើប្រាស់ក្នុងការស្រាវជ្រាវ។
គ.ជ.ប បានបញ្ជាក់ផងដែរថា ក្រៅពីខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តតាកែវ គ.ជ.ប មានគម្រោងបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅតាមរាជធានី ខេត្តផ្សេងៗទៀតផងដែរ៕