ក្រុម NPIC 01 គ្រងជើងឯករ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦

ក្រុម (NPIC 01) នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដណ្តើមបានជើងឯកពីការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦ និងបានក្លាយជាក្រុមតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី ABU Robocon 2026 នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះថែមទៀតផង។

លោក ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នាពិធីបិទការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ឃឹម វុទ្ធី បានថ្លែងថា ឆ្នាំ២០២៦នេះ គឺជាគម្រប់ខួបលើកទី១៣ (គិតចាប់តាំងពីឆ្នាំ២០១៤មក) ដែលទូរទស្សន៍ជាតិកម្ពុជាបានលះបង់កម្លាំងកាយចិត្ត និងធនធានដើម្បីដឹកនាំ និងរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិដ៏ធំនេះឡើង ដោយក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ យើងបានឃើញនូវការផ្លាស់ប្តូរ និងការរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់លើផ្នែកចំណេះដឹង សមត្ថភាព និងបច្ចេកវិទ្យារបស់យុវជនយើង។

លោកបានបញ្ជាក់ថា វេទិកានេះមិនត្រឹមតែជាទីលានប្រកួតយកឈ្នះចាញ់នោះទេ ប៉ុន្តែគឺជាសាលារៀនដ៏រស់រវើកមួយដែលផ្តល់ឱកាសឱ្យយុវនិស្សិតមកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាបានជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងបណ្តុះនូវគំនិតច្នៃប្រឌិតថ្មីៗ ជាពិសេសនៅក្នុងយុគសម័យបច្ចុប្បន្ន ដែលជាសម័យកាលនៃបញ្ញាសិប្បនិម្មិត (AI) ហើយថា ការប្រកួតប្រជែងរ៉ូបូតឆ្នាំ២០២៦នេះកាន់តែមានភាពពិសេស និងទំនើបជាងមុនៗ ព្រោះរ៉ូបូតដែលប្អូនៗយកមកប្រកួតនៅពេលនេះមិនត្រឹមតែដំណើរការដោយប្រព័ន្ធមេកានិច ឬម៉ូទ័រធម្មតាប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានបញ្ចូលនូវបច្ចេកវិទ្យា AI មុខងារគណនាក្បួនដោះស្រាយដ៏ស្មុគស្មាញ និងប្រព័ន្ធសេនស័រវាស់ស្ទង់ទំនើប ដែលបង្ហាញឱ្យឃើញថាយុវជនកម្ពុជាមានសមត្ថភាពខ្ពស់អាចដើរទាន់បដិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាសកល។

បើតាមលោក ឃឹម វុទ្ធី សម្រាប់ឆ្នាំ២០២៦នេះ មានការចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញពីសំណាក់សាកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗចំនួន៥ រួមមាន៖​ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មានរ៉ូបូតចំនួន២ក្រុម វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មានរ៉ូបូតចំនួន២ក្រុម វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) មានរ៉ូបូតចំនួន១ក្រុម សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) មានរ៉ូបូតចំនួន២ក្រុម និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) មានរ៉ូបូតចំនួន១ក្រុម។

ជាការប្រកួតដើម្បីស្វែងរកក្រុមជើងឯកលេខ១ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីតំណាងឱ្យជាតិយើងទាំងមូលធ្វើដំណើរទៅចូលរួមការប្រកួតប្រជែងកម្រិតអន្តរជាតិ ABU Robocon 2026 នៅទីក្រុងហុងកុងនាខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ក្រោមប្រធានបទដ៏គួរឱ្យទាក់ទាញគឺ៖ ក្បាច់គុណកុងហ៊្វូ "Kung Fu Quest" ដែលជាការរួមបញ្ចូលគ្នារវាងក្បាច់គុនបុរាណចិន និងបច្ចេកវិទ្យារ៉ូបូត AI។

ក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦នេះដែរ ក្រុម (NPIC 02) នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដណ្តើមបានចំណាត់ថ្នាក់លេខ២ ចំណែកឯក្រុមមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC 02) ដណ្តើមបានចំណាត់ថ្នាក់លេខ៣៕

 

Daily Program

Livesteam thumbnail