ក្រុមសាសនទូតជេស្វីតនៅមីយ៉ាន់ម៉ាទទួលស្គាល់ថា ពិធីចូលវស្សាពិតជារដូវកាលពិសិដ្ឋនៃស្ពានសន្តិភាព
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបូជាចារ្យនៃព្រះសហគមន៍កាតូលិកនៅក្នុងក្រុមសាសនទូតជេស្វីត បានមើលឃើញ និងទទួលស្គាល់ថា ពិធីបុណ្យចូលវស្សារបស់ពុទ្ធសាសនានៅមីយ៉ាន់ម៉ា ពិតជារបស់ដែលអាចផ្ដល់ជូនគ្រីស្តបរិស័ទ និងពុទ្ធសាសនិកនៅក្នុងប្រទេសដែលមានជម្លោះ នូវផ្លូវរួមគ្នាមួយឆ្ពោះទៅរកការសន្ទនា និងការផ្សះផ្សាតាមស្មារតីអន្តរសាសនា។
លោកបូជាចារ្យ ជីរីហ្វ សានទ្យាហ្គោ (Girish Santiago) បានមានប្រសាសន៍ថា ពិធីបុណ្យប្រចាំរដូវនៃពុទ្ធសាសនានៅក្នុងប្រទេសនេះ កំពុងផ្តល់នូវ «ស្ពានដ៏មានអត្ថន័យ» សម្រាប់ការជួបជុំអន្តរសាសនា និងការកសាងសន្តិភាពរួមគ្នា ខណៈដែលប្រទេសមីយ៉ាន់ម៉ាប្រឈមមុខនឹងអស្ថិរភាពនយោបាយ និងបញ្ហាប្រឈមមនុស្សធម៌ជាបន្តបន្ទាប់។
លោកបានបន្តថា លោក និងសហការីនៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងងាកមកយកចិត្តទុកដាក់ចំពោះពិធីសាសនាក្នុងខែសីហា ដែលជាខែមានភ្លៀងធ្លាក់ខ្លាំង ដើម្បីផ្សះផ្សា និងកសាងស្មារតីអន្តរសាសនាសម្រាប់ការសន្ទនា។
នៅពេលនេះ មីយ៉ាន់ម៉ានៅតែជាប្រទេសពុទ្ធសាសនាថេរវាទ ដោយមានប្រជាជនប្រហែល ៨៧ភាគរយនៃចំនួនសរុបមានជំនឿនេះ ហើយខែសីហាដែលជារដូវចូលវស្សារយៈពេលបីខែ គឺជាអំឡុងពេលដ៏ពិសិដ្ឋ ដែលព្រះសង្ឃត្រូវគង់ក្នុងវត្តអារាមដើម្បីអធិស្ឋានយ៉ាងយកចិត្តទុកដាក់ ការសិក្សាព្រះធម៌ និងការធ្វើសមាធិ។
លោកបូជាចារ្យបានមានប្រសាសន៍ថា រដូវពិសិដ្ឋនៃបុណ្យចូលវស្សា គឺជាស្ពានដ៏មានអត្ថន័យសម្រាប់ការជួបជុំគ្នារវាងសាសនា និងការកសាងសន្តិភាពរួមគ្នា ខណៈដែលប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងអស្ថិរភាពនយោបាយ និងបញ្ហាប្រឈមមនុស្សធម៌ជាបន្តបន្ទាប់។
